ស្លាប់​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​រថយន្ត​

309
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​១​គ្រឿង បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅ​ពីមុខ ហើយ​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង បណ្តាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី​១២​ខែធ្នូ ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​០១ ស្ថិតក្នុង​ភូមិក​គោ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី ហួត ហ៊ុន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មគោល​ បានឲ្យដឹងថា​ ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ មានឈ្មោះ សាន សារិន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​អ្នកបើក​ម៉ូតូ​) និង​អ្នករួមដំណើរ​ឈ្មោះ ទ្រី​វ ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅមុន​ពេល​កើត​ហេតុ ​គេ​ឃើញ​រថយន្ត​បែន​ពណ៌​បៃតង​មួយគ្រឿង​មិន​ស្គាល់​ផ្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​ បាន​ឡើង​ជែង​រថយន្ត​នៅ​ពីមុខ​ទិសដៅ​ស្របគ្នា ភ្លាមនោះ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី ២០១៦ មួយគ្រឿង​ពាក់​ផ្លាកលេខ​បាត់ដំបង 1W 2331 បើក​ទិស​ផ្ទុយគ្នា ​បណ្តាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញបាន​ចុះទៅ​ធ្វើ​កំណត់​ហេតុ ​រួច​ប្រគល់​សាកសព​ទៅឲ្យ​បងប្អូន​សាច់​ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ផ្នែក​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម