​សម្តេច​តេ​ជោហ៊ុនសែន​៖​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​ បាន​ឈាន​លើសពី​៥.០០០លាន​ដុល្លារ​រួចទៅហើយ​

441
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានលើកឡើង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​និង​វៀតណាម​បាន​ឈាន​លើសពី​៥០០០ លាន​ដុល្លារ​រួចទៅហើយ​។​ក្នុងន័យនេះ ​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ទាំងពីរ​ធ្វើយ៉ាងណា​ជំរុញកិច្ច​សហប្រតិបត្តិ​ការបន្ថែមទៀត​ ជាពិសេស​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​និង​ទំនាក់ទំនង​រវាង​ប្រជាជននៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​បែបនេះ ​នៅក្នុង​ជំនួប​ជាមួយ​លោកជឿ​ង ហ័​រ​ប៊ី​ញ (Truong Hoa Binh)​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ​នៅក្នុង​នោះ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ និង ការពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​វៀតណាម​ បាន​ពាំនាំ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​​វៀតណាម​ជូន​ដល់​សម្ដេច​តេ​ជោ​ ហើយក៏​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។

​លោក ជឿ​ង ហ័​រ​ប៊ី​ញ ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ពី​កិច្ចពិភាក្សជាមួយនឹង​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ម៉ែន សំអន។លោក​បានគោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៃ​ប្រទេស​វៀតណាម​គឺមាន​ការអភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​លើ​គោលដៅ​ទាំង​១២​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​ចេញមក​គឺ​ធ្វើបាន​សម្រេច ហើយ​កំពុងតែ​ជំរុញ​ការអនុវត្ត​ន៍ឲ្យ​បានសម្រេច​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ។ លោក​ជឿ​ងបាន​បន្តថា​ សេដ្ឋកិច្ច​វៀតណាម​នៅពេលនេះ​គឺមាន​ការកើនឡើង​ប្រមាណ ៧ ភាគរយ ​ហើយ​អតិបរមា​ទាប​គឺមាន​ប្រមាណ​តែ​ពីរ​ភាគរយ​តែប៉ុណ្ណោះ។​ក្រៅពីនេះ​លោក​បាន​សំដែង​នូវ​ការរីករាយ​ជាមួយនឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​រវាង​កម្ពុជា​វៀតណាម​លើ​គ្រប់​វិស័យ​ជាពិសេស​លើ​វិស័យ​ការពារជាតិ លើ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ព្រំដែន វិស័យសេដ្ឋកិច្ច​ដូចជា​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​។ លោក​បាន​បញ្ជាក់ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង វៀតណាម នឹង​អាចឈាន​ទៅដល់​តាម​ការ​កំណត់ ៥០០០ លាន​ដុល្លារ​រ​អាម៉េរិក​នៅ​ឆ្នាំ ២០២០ ។​

​ពី​នោះ​ទៅទៀត​លោក ជឿ​ង ហ័​រ​ប៊ិ​ញ ក៏បាន​សំដែង​នូវ​ការរីករាយ​ផងដែរ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​ឆាក​អន្តរជាតិ​កន្លងមក ។ លោកបាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖​វៀតណាម​នឹងធ្វើ​ជា​ម្ចាស់ផ្ទះកិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយនេះ ហើយក៏​នឹង​ក្លាយទៅជា​សមាជិក​មិន​អចិន្ត្រៃយ៍នៅ​អង្គការសហប្រជាជាតិ​ផងដែរ។ចំណុច​នេះ​លោក​ក៏បាន​ស្នើសុំ​ឲ្យ​កម្ពុជា​គាំទ្រ​និង​សហការគ្នា​ធ្វើយ៉ាងណា​ឲ្យ​កិច្ច​សហ​ប្រ​ត្តិ​ការ​របស់​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើង​ថែមទៀត​នឹង​ទទួលបាន​ជោគជ័យ​។​

​ជាការ​ឆ្លើយតប ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អរគុណ​ចំពោះ​ការ​ផ្តាំ​សួរសុខទុក្ខ​របស់​មេដឹកនាំ​វៀតណាម​និង​ការអញ្ជើញ​សម្តេច​ទៅធ្វើទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា ​សម្តេច​នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​កិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ខាងមុខ។ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​នោះ​ សម្ដេច​តេ​ជោ​សម្តែង​នូវបាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​វៀតណាម​និង​បាន​សំដែង​នូវ​ការរីករាយ​ផងដែរ​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេ ស​វៀតណាម​នឹង​ជួយ​ដល់ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ផងដែរ​។​ក្នុងន័យនេះ​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ទាំងពីរ​ធ្វើយ៉ាងណា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាពិសេស​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​រវាង​កម្ពុជានិង​វៀតណាម​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេសទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​ដែល​បានកំណត់​កម្រិត៥០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០នោះ បច្ចុប្បន្ន​តាម​ភាពជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺអាច​ធំ​ជាង​៥​ពាន់​លាន​ដុល្លារ​រួចទៅហើយ ​ព្រោះថា​ទំហំ​ពាណិជ្ជកម្ម​ដែលមាន​នៅ​ក្នុង​បញ្ជី​មាន​តួលេខ​ផ្សេង តែ​ក៏មាន​ទំហំ​ពាណិជ្ជកម្ម​ដែល​មិនមាន​ចុះ​នៅក្នុង​បញ្ជី​ផងដែរ ដូចជា​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​ ការនាំ​ស្រូវ​ពី​កម្ពុជា​ទៅវៀតណាម​ជាដើមដែល​ពុំមាន​ការកត់ត្រា​នៅក្នុង​បញ្ជី​ដោះដូរ​ពាណិជ្ជកម្ម​នោះទេ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរសាទរ​និង​ជូនពរ​ដល់​ប្រទេស​វៀតណាម​ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយនេះ ហើយក៏​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ២០២០ផងដែរ ។សម្ដេច​តេ​ជោ​មាន​ប្រសា​ស​ន៏​ថា​​ កម្ពុជា​នៅ​ឆ្នាំក្រោយ​នេះ​ក៏​នឹង​ទទួលធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ ក្នុងន័យនេះ​គប្បី​ណា​ប្រទេស​យើង​ទាំងពីរ​សហការគ្នា ​រួមគ្នា​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​កិច្ចប្រជុំ​នៅ​វៀតណាម​និងកិច្ចប្រជុំ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ដូចគ្នា​ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម