អង់​ហ្គេ​ឡា មឺ​កែល ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ទស្សនា​វ​ដ្តី​Forbes

342
ចែករម្លែក

​អធិកា​រប​តី​អាឡឺម៉ង់ លោកស្រី អង់​ហ្គេ​ឡា មឺ​កែល ត្រូវបាន​តែងតាំង​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​នៅឆ្នាំ​ទី​៤​ជាប់​គ្នា​សំរាប់​ទស្សនា​វ​ដ្តី Forbes​។​មេដឹកនាំ​អាឡឺម៉ង់​រូបនេះ​​នៅ​ក្បាល​តារាង​របស់​Forbes​ឆ្នាំ​២០១៩ ដោយ​នៅ​លើ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប លោកស្រី គ្រីស្ទី​ន ឡា​ហ្កា​ត​(​លេខ​២) និង​ប្រធាន​សភា​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​(​លេខ​៣)​។​

​ទស្សនា​វ​ដ្តី​សរសើរ​លោកស្រី​មឺ​កែល ចំពោះ​«​ចរិត​រឹង​ដូច​ដែករបស់​លោកស្រី​នៅក្នុង​ការ​ប្រឈម​ជាមួយ ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​គោលនយោបាយ​”​បើកទ្វារ​ចំហ​​សំរាប់​ជនភៀសខ្លួន​”​របស់​លោកស្រី ដែល​បាន​នាំ​អោយ​ជនភៀសខ្លួន​ស៊ី​រី​ជាង​១​លាន​នាក់​ចូល​ក្នុង​ប្រទេស​នេះ​ចំពេល​មាន​វិបត្តិ​អន្តោប្រវេសន៍​ឆ្នាំ​២០១៥​។​

អធិការបតី​អាឡឺម៉ង់ អង់​ហ្គេ​ឡា មឺ​កែល ។​លោកស្រី​ត្រូវបាន​ចាត់ទុកជា​មេដឹកនាំ​អឺរ៉ុប​តាម​ការជាក់ស្តែង និង​ថែម​ទាំង​ជា​មេដឹកនាំ​ពិភព​សេរី​ថែម​ទៀត

​ធំ​ដឹងក្តី​នៅ​ពីក្រោយ​វាំងនន​ដែក​(​កំផែង​ក្រុង​ប៊ែរ​ឡាំង​) នៅក្នុង​អតីត​អាឡឺម៉ង់​ខាងកើត លោកស្រី​មឺ​កែល​បាន​ក្លាយ​ជា​អធិកា​របតី​អាឡឺម៉ង់ ជា​តំណែង​ដែល​លោកស្រី​កាន់កាប់​​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។​លោកស្រី​បាន​ដឹកនាំ​គណបក្ស​សម្ពន្ធ​ប្រជាធិបតេយ្យ​គ្រិស្តសាសនាអស់​១៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០០​ដល់​២០១៨​។​

នៅ​ពេល​តំណែង​របស់​លោកស្រី​ទំនង​ជា​ចប់​នៅ​ឆ្នាំ​២០២១ វា​នឹង​ធ្វើអោយ​លោកស្រី​ក្លាយជា​មេដឹកនាំ​អាឡឺម៉ង់​ដែល​បំរើការ​យូរ​ជាង​គេ​បំផុត​ទី​២ បន្ទាប់ពី​លោក​ហែល​មុត ខូ​ល​។​

​នៅ​ចំណាត់ថ្នាក់​ទី​២​គឺ អតីត​ប្រធាន​IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្កា​ត ដែល​កាលពី​ថ្ងៃ​១​វិច្ឆិកា​បាន​ក្លាយជា​ស្ត្រី​ទី​១​ក្នុងការដឹកនាំ​ធនាគារ​កណ្តាល​អឺរ៉ុប​(ECB)​។​តួនាទី​នេះ​ដាក់​លោកស្រី​ឡា​ហ្កា​ត​ក្នុង​តំណែង​កាន់កាប់​គោលនយោបាយ​រូបិយវត្ថុ​អឺរ៉ុប​។​

​ចំណែក​ប្រធានសភា​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ចំណាត់ថ្នាក់​ទី​៣​។​

​សំរាប់​ឆ្នាំនេះ មាន​ស្ត្រី​ចំណូល​ថ្មី​២៣​រូប​ក្នុង​បញ្ជី​ទស្សនា​វ​ដ្តី​Forbes រួម​មាន​យុវតី​ជា​សកម្មជន​អាកាសធាតុ ហ្គ្រេ​តា ថា​ន់​ប៊ឺក ។​នាង​ជាប់​នៅ​ចំណាត់ថ្នាក់​ទី​១០០​ក្នុង​តារាង​របស់​ទស្ស​​នាវ​ដ្តី​។​

​បញ្ជី​ស្ត្រី​មាន​ឥទ្ធិពល​ក៏​រួម​បញ្ចូល​មេដឹកនាំ​រដ្ឋាភិបាល​និង​ប្រទេស​មួយចំនួន ដូចជា​លោក​ស្រី សាយ អ៊ិន​វេន ដែល​ជា​ប្រធានាធិបតី​ស្រី​ដំបូង​របស់​កោះ​តៃវ៉ាន់​។​លោកស្រី​នៅ​លេខ​រៀង​ទី​៤១​។​

​តារាចំរៀង​ប៉ុប នាង​បេ​យ៉ុន​សេ នៅ​ចំណាត់ថ្នាក់​ទី​៦៦ ដោយសារ​តែ​រក​ប្រាក់​បាន​៥​លាន​ដុល្លារ​ក្នុង​ការសម្តែង​មួយ​យប់​ជាមួយ​ស្វាមី ជែ ហ្ស៊ែ​ត​។​ចំណែក​នាង ថៃល័​រ ស្វីស នៅ​ចំ​​ណាត់​ថ្នាក់​ទី​៧១ ក្រោយ​រក​ចំណូល​បាន​ជា​ង​២៦០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​តារា​តេន​នី​ស នាង សេ​រេ​ណា វីលៀម នៅ​លេខ​រៀង​ទី​៨១ ដោយសារ​តែ​ឥទ្ធិពល​ធុរកិច្ច បូករួម​ជាមួយ​នឹង​ទេពកោសល្យ​លើ​ទីលាន​របស់​នាង​៕​ដោយ​៖​វាសនា​