ឆក់កាបូបស្ពាយដែលមានលុយ​ជិត​​៥ពាន់ដុល្លារ ម្នាក់យកលុយរត់​បាត់​ ម្នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច

320
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រី៣នាក់ម្ដាយនិងកូនកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យដួលទាំងសងខាង រួចជនសង្ស័យម្នាក់បានងើបយកកាបូបស្ពាយដែលមានលុយសរុបជិត៥ពាន់ដូល្លាររត់គេចខ្លួនបាត់ រីឯបក្សពួកម្នាក់ទៀតត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែក ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន)។ ដោយឡែកវត្ថុតាងចាប់យកៈ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-9684។

សមត្ថកិច្ចបានអោយដឹងថា ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង ដល់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមកឆក់យកកាបូបស្ពាយ ដែលមានលុយខ្មែរចំនួន៣៥០០០០០ រៀល (បីលានហាសិបម៉ឺនរៀល) និងលុយដុល្លារចំនួន៤២០០ដុល្លារ (បួនពាន់ពីររយដុល្លារអាមេរិក) បណ្តាលអោយដួលទាំងជនរងគ្រោះនឹងជនសង្ស័យ ភ្លាមៗនោះជនសង្ស័យម្នាក់បានស្ទុះយកកាបូបលុយរត់គេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានជនរងគ្រោះនឹងប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ កែវ ចំរើន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងឈ្មោះ ទិត តឹប ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលមានលុយចំនួនខាងលើ របស់ជនរងគ្រោះឈ្មោះ ម៉ន មុំ ហើយជនសង្ស័យឈ្មោះ ទិត តឹប បានយកកាបូបស្ពាយនោះរត់គេចខ្លួនតែម្នាក់ឯង ប្រាកដមែន ហើយជនរងគ្រោះឈ្មោះ ម៉ន មុំ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម