រថយន្តស្ទូចបើកទាក់ទាញ់ដាច់ខ្សែ​ភ្លើង ទុស្សេឆេះដំបូលផ្ទះប្រជាពល​​រដ្ឋ

353
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងអ្នកបើកបរធ្វេសប្រហែស បើកទាក់ខាញខ្សែភ្លើងតាមផ្លូវ បណ្តាលឲ្យឆ្លងទុស្សេ ក្លាយជា អគ្គិភ័យឆាបឆេះខ្សែភ្លើង សំបកកង់ម៉ូតូចាស់ ជាទ្រនាប់កល់ទ្រខ្សែភ្លើង តាមលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របា់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ AT11 3-0309 ដឹកបេតុងលូ ចេញពីការដ្ឋានក្បែរនោះ ឡើងផ្លូវជាតិលេខ៣ តែដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ បើកទាក់ទាញខ្សែភ្លើង ខ្សែកាបចម្រុះជាប់ទាំងរមូ ទាញដាច់ធ្លាក់របាយ គងលើដំបូលផ្ទះប្រជាពលរដ្ឋ ទុស្សេឆ្លងឆះចេញជា អណ្តាតភ្លើង នៅលើដំបូលផ្ទះ បង្កឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ នាំយកយកបំពង់ពន្លត់អគ្គិភ័យចំនួន៨ បាញ់តែមិនរលត់ បន្តហុយផ្សែងខ្មួល ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ឡើងបាញ់ទឹកលើផ្នែកដំបូលផ្ទះ ប្រើប្រាស់ទឹក អស់មិនដល់មួយសុីទែនផង ភ្លើងរលត់ទៅវិញភ្លាមៗ នាវេលាម៉ោង១១ព្រឹក ថ្ងៃដដែល ។

ករណីខាងលើ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងភ័យស្លន់ស្លោ អ្នកបើកបររថយន្តស្ទូច បានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅទាក់ជាប់ខ្សែភ្លើង ។ ហើយសមត្ថកិច្ចប៉ុស្តិ៍ ខណ្ឌកំបូល មន្ត្រីខាងអគ្គិសនីចុះទៅពិនិត្យផ្ទាល់ដល់ចំណុចខាងលើ ។ អគ្គិភ័យខាងលើ មិនបណ្តាលឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋឡើយ ភ្លើងឆេះតែខ្សែភ្លើង និងសំបកកង់ម៉ូតូ ចាស់ៗដែលម្ចាស់ផ្ទះនិមួយៗ ដាក់ធ្វើជាទ្រនាប់កល់ខ្សែភ្លើង សំណាងល្អជួយពន្លត់ទាន់ គ្រាន់តែភ័យព្រលឹងចុងសក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើ ក្រោយពីខាងអគ្គិសនី ដោះលើកយកខ្សែភ្លើងចេញហើយ នឹងត្រូវប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម