កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការកណ្ដាល ពិភាក្សា និងអនុម័តផែនការសកម្មភាព

284
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់​ សំអុល​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ​

កិច្ចប្រជុំនារសៀលថ្ងៃ ទី​ ១២​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះបានពិភាក្សា​ និងអនុម័តទៅលើឯកសារដែល​បានរៀបចំ​​ ក្នុងនោះមាន​ ៖១/ របាយ​ការណ៍​សកម្មភាព​ឆ្នាំ​២០១៩ ​និង​លើក​ទិស​ដៅ​ឆ្នាំ២០២០, ២/ របាយការណ៍សកម្មភាពយុវជន​ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ ឆ្នាំ២០១៩,៣/ របាយ​ការណ៍​ចំណូល-ចំណាយ​ឆ្នាំ​២០១៩​ និងការ​ព្យាករណ៍​ចំណូលថ​វិកា​នៅ​ឆ្នាំ២​០២០,៤/ ការ​ស្នើ​សុំអនុម័តផែនការ​ថវិកា​សម្រាប់​ចំណាយ​ជា​អាទិភាព​នៅ​ឆ្នាំ២០២០និង៥/ បញ្ហា​ផ្សេងៗ​។

សូមបញ្ជាក់ថា៖ក្នុងឆ្នាំ២០១៩នេះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះ មហាក្សត្រី នរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង ៤ ឱ្យប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធ ភាពដោយបានឆ្លើយតបចំពោះភាពងាយរងគ្រោះ និងរងគ្រោះ ។

ក្នុងប្រតិបត្តិការពេញមួយឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា(ក ក្រ ក) បានផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងងាយរងគ្រោះ ដែលជាអ្នកទទួលផលដោយផ្ទាល់សរុប ៨៩ ០៧៨គ្រួសារនិងដោយប្រយោលតាមរយៈសេវាកម្មមនុស្សធម៌ផ្សេងៗបានរាប់ម៉ឺននាក់ទៀត។​

សូមបញ្ជាក់ថាវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាមាន៖ ទី១-ការគ្រប់ គ្រង គ្រោះមហន្តរាយ,២-សុខភាពនិងកាតថែទាំសុខភាពក្នុងសហគមន៍,៣- ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា និងទី៤- ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន។

ដើម្បីសម្រេចបាននូវគោលដៅអាទិភាពជាបន្ដបន្ទាប់ទៀតក្នុងន័យបម្រើផលប្រយោជន៍ប្រជាជន នៅសង្គមជាតិតបតាមគំរូវីរភាព ដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី  កាកបាទក្រហមកម្ពុជាក៏បានដាក់ចេញនូវគោលដៅចំពោះមុខសំខាន់ៗមួយចំនួនសម្រាប់អនុវត្ដក្នុងឆ្នាំ២០២០ខាងមុខក្នុងនោះសមាជិកសមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវបង្កើនសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ ការត្រៀមបង្កា ការឆ្លើយតប និងការស្ដារឡើងវិញ ក្រោយគ្រោះមហន្ដរាយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនិងការពង្រីកការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍,បន្ដពង្រឹងពង្រីកការងារឥស្សរជនឆ្នើម ថា្នក់ជាតិ អំពីសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍, ប្រារព្ធទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាខួបទី១៥៥និងពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកាកបាទក្រហមកម្ពុជាឲ្យកាន់តែប្រសើរឡើង។

កាកបាទក្រហមកម្ពុជា ត្រូវបន្ដលើកកម្ពស់ ការងារផ្សព្វផ្សាយអំពីសកម្មភាព កាកបាទក្រហមកម្ពុជា គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្ដរជាតិ ក្នុងគ្រប់សកម្មភាព កាកបាទក្រហមកម្ពុជាតាមសាខារាជធានីខេត្ដ, រៀបចំកិច្ចប្រជុំប្រចាំឆ្នាំជូនគណកម្មាធិការកណ្ដាល និងគណៈកម្មាធិការសាខាបន្ដផ្សព្វផ្សាយលក្ខខណ្ឌការងារកាកបាទក្រហមកម្ពុជាថ្មីនូវប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេសថ្មីជូនសាខាកាកបាទក្រហមកម្ពុជាព្រមទាំងបន្ដពង្រឹងពង្រីកអភិបាលកិច្ច និងការគ្រប់ល្អក៍ដូចជាពង្រីកសកម្មភាពបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាអោយកាន់តែសកម្មនិងខ្លាំងក្លាបន្ថែមទៀតផងដែរ៕B/