ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាចេញ​​ពីធ្វើការរអិលប្រេងដែលធ្លាក់លើផ្លូវ​ ដួលរបួសធ្ងន់ស្រាល

284
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នារីម្នាក់បានរងរបួសភ្លៅម្ខាង ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូជាមួយបងប្រុសចេញពីធ្វើការហើយរអិលប្រេងម៉ាស៊ីនដែលធ្លាក់នៅលើដងផ្លូវ កាលពីវេលាម៉ោង១២នឹង១០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

តាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកប្រេងម៉ាសុីនមួយគ្រឿងបើកតាមបណ្តោយផ្លូវ២១៧ ហើយបានធ្លាក់ប្រេងលើថ្នល់ ដោយអ្នកបើកបរមិនបានឈប់រថយន្តនោះទេ រហូតដល់ម៉ោងកើតហេតុស្របពេលមានបងប្អូនពីរនាក់បានជិះម៉ូតូគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការក្នុងល្បឿនល្មម ស្រាប់តែរអិលដួលបោកទៅនឹងថ្នល់អូសជាច្រើនម៉ែត្រ បណ្តាលអោយនារីជាប្អូនស្រីបានរងរបួសភ្លៅម្ខាង ឯបងប្រុសរងរបួសស្រាល ។

ក្រោមកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅរថយន្តសាម៉ុយដឹកបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ហើយបានយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំក្រុមគ្រួសារយកឯកសារមកពិនិត្យអោយបានត្រឹមត្រូវ ទើបប្រគល់ជូនវិញ ហើយចំពោះទីតាំងដែលប្រេងធ្លាក់ពីលើត្រូវបានសមត្ថកិច្ចយកដីខ្សាច់មករាយពីលើកលុបប្រេង ដើម្បីការពារអ្នកដំណើរផ្សេងទៀតកុំអោយមានគ្រោះថ្នាក់បន្ត៕B/