អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​សិក្ខាកាម​ចំនួន​៦០​រូប​

253
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នា​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញា​ជាតិ​អប្សរា បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល វិជ្ជា​សង្គ្រោះ​បឋម ចាប់ពី​ថ្ងៃទី​២ ខែធ្នូ រហូតដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ដល់​សិក្ខាកាម​មកពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ចំនួន​២០​រូប នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​ចំនួន​២០​រូប និង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​ចំនួន​២០​រូប សរុប​ចំនួន​៦០​រូប​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​សិក្ខាកាម​ចំនួន​៦០​រូប​(​អប្សរា​)​

​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​បន្ថែម​ចំណេះដឹង​ផ្នែក​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារទេសចរណ៍​ដែល​ប្រចាំការ​នៅតាម​តំបន់​នីមួយៗ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​សង្គ្រោះ​ជីវិត បង្ការ​របួស​កុំឱ្យ​ធ្ងន់ធ្ងរ ធ្វើឱ្យ​ជនរងគ្រោះ​មានការ​ទុកចិត្ត​ដើម្បី​រក្សា​ភាពរឹងមាំ ដើម្បីឱ្យ​ជនរងគ្រោះ​អាច​ទទួលបាន​ការថែទាំ​វេជ្ជសាស្ត្រ​បាន​យ៉ាង​ឆាប់រហ័ស និង​ជួយ​សម្រួល​គ្រូពេទ្យ​ងាយ​ព្យាបាល​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​គោលបំណង​ដើម្បី​ជា​កិច្ចការ​ចម្បង​ក្នុង​ការពារ​សុវត្ថិភាព​ការងារ ដោយ​មន្ត្រី បុគ្គលិក​ធ្វើការ​ផ្ទាល់​នៅ​ការដ្ឋាន​តាម​ប្រាសាទ ឡើង​សម្អាត​តាម​ប្រាសាទ ជុំវិញ​ប្រាសាទ ជាមួយ​ទេសចរ គឺជា​ការងារ​ប្រចាំថ្ងៃ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​

​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ បាន​ថ្លែង​ក្នុងឱកាស​បិទ​កម្មវិធី​បណ្តុះបណ្តាល​នេះ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលដៅ​បី​សំខាន់ៗ ទី​១​គឺ​ភ្នាក់ងារទេសចរណ៍​ដែល​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ភ្ញៀវទេសចរ​។ ទី​២​អ្នកធ្វើការ​នៅតាម​ការដ្ឋាន​ទឹក ដែល​ពួកគាត់​ធ្វើការ​តាម​បណ្តោយ​ផ្លូវទឹក​បុរាណ ហើយ​តំបន់​ទាំងនោះ​មាន​មនុស្ស​រស់នៅ និង​ឆ្លងកាត់​។ ទី​៣​គឺ​អ្នកធ្វើការ​នៅតាម​ប្រាសាទ សម្អាត​កូន​រុក្ខជាតិ និង​ស្មៅ​នៅលើ​ប្រាសាទ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ អាចជួយ​សង្គ្រោះ​គ្នា​បាន​ទៅវិញទៅមក​។​

​លោក អ៊ឹម សុខ​រិទ្ធី បន្តថា ក្រោយពី​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ផ្សេងៗ​ប្រចាំថ្ងៃ​របស់​មន្ត្រី​-​បុគ្គលិក កម្មករ​ដែល​ធ្វើការ​នៅតាម​ការដ្ឋាន​ជួរមុខ​។ លោក​បញ្ជាក់ថា មន្ត្រី​-​បុគ្គលិក កម្មករ​ដែល​បាន​សិក្សា​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​នេះ ជា​ជន​បង្គោល​ជួយសង្គ្រោះ​ដល់​អ្នក​គ្រោះថ្នាក់​ដួល ថ្លោះ គ្រិច សត្វល្អិត​ទិច​ឬ​ខាំ គ្រោះថ្នាក់​ចរាចរណ៍ និង​ជំងឺ​ផ្សេងៗ​ដែល​កើតឡើង​ដោយ​យថាហេតុ​អាច​កើតមាន​ជា​រៀងរាល់ថ្ងៃ បាន​ភ្លាមៗ​មុននឹង​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ជាពិសេស​ចំណេះដឹង​វិជ្ជា​សង្គ្រោះ​បឋម​នេះ​អាចជួយ​សង្គ្រោះ​មនុស្ស​ក្នុង​តំបន់​ខ្លួន​រស់នៅ​។​ល​។​

​លោក​បន្តថា បញ្ហាសំខាន់​មួយទៀត សិក្ខាកាម​ទាំងអស់​បម្រើ​ការងារ​ក្នុង​តំបន់​ទេសចរណ៍ មនុស្ស​រាប់ម៉ឺន រាប់លាន​នាក់ មក​ទស្សនា​ជាប្រចាំ តិច​ឬ​ច្រើន​តែងមាន​តែងមាន​របួស ថ្លោះ គ្រិច ឈឺ ខ្យល់គរ ឈឺ​ថ្កាត់​ផ្សេងៗ​ជាយថាហេតុ​ណាមួយ​មិន​ខាន ទាំង​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ហើយ​អ្នក​ទាំងអស់នោះ​នឹង​យក​ចំណេះដឹង និង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។ លោក​ក៏បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ប្រើ​ចំណេះដឹង​នេះ​ឱ្យចំ​គោលដៅ និង​តួនាទី ជៀសវាង​នូវ​ការចេញ​វេជ្ជ​បញ្ញា​ផ្សេងៗ ព្រោះ​ខ្លួន​មិនមែនជា​គ្រូពេទ្យ​ឡើយ​។​

​ក្រោយពី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ក៏មាន​ចែកជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម​ទាំង​៦០​រូប​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម