អាម៉េរិក​ចោទ​ចិន​ថា​បំភិតបំភ័យ​ប្រទេស​ក្បែរ​ខាង តែ​ចិន​ថា​អាម៉េរិក​និយាយ​បង្ខូច​

365
ចែករម្លែក

​មេបញ្ជាការ​កង​នា​វាទី​៧​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ​ថា ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​«​បណ្តា​ប្រជាជាតិ​ដែល​មានគំនិត​ដូច​»​នឹង​រក្សា​សន្តិសុខ​អាស៊ី​​ប្រឈម​នឹង​ការ​ប្រជែង​មក​ពី​ចិន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​បាងកក​របស់​ថៃ លោក​ឧត្តមនាវី ច​ន អាគី​លី​ណូ បាន​រិះគន់​សំណង់​កោះ​សិប្បនិម្មិត​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ពាណិជ្ជ​​កម្ម​ដ៏​សំខាន់​និង​ជាទី​តាំង​ផ្ទុក​ធនធាន​ថាមពល​ដ៏​សំបូរ​មួយ​ផងដែរ​។​

​អាគី​លី​ណូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​យើង​កំពុង​ប្រកួតប្រជែង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​យើង​មាន​ការខ្វែងគំនិត​ខាង​មនោគមវិជ្ជា​។​នៅពេល​អាម៉េរិក​និ​​យាយ​អំពី​គុណ​តំលៃ ប្រជាជាតិ​ដែល​មានគំនិត​ដូច​ចូលរួម​…​និង​ខ្ញុំ​ជឿ​ថា​កម្លាំង​ភាពជា​ដៃគូ នឹង​រក្សា​ប្រជាជាតិ​នៅក្នុង​តំបន់​អោយមាន​សន្តិសុខ​»​។​

​លោក​បាន​បន្តថា​«​ខ្ញុំ​ចង់​និយាយថា យើង​កំពុង​ប្រជែង​ជាមួយ​ចិន តែ​មិន​មានន័យថា​ជា​ជម្លោះ​ទេ​។​យើង​នឹង​សហការ​នៅ​កន្លែង​ណា​ដែល​អាច​ហើយនឹង​ប្រកួតប្រជែង​នៅ​​កន្លែង​ណា​ដែល​ត្រូវតែ​ធ្វើ​»​។​

​តែ​អ្នកការទូត​ជាន់ខ្ពស់​ចិន លោក វ៉ាង យី បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ដដែល​ថា សហរដ្ឋ​អាម៉េរិក​បានធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ដើម្បី​វាយប្រហារ​និង​គាបសង្កត់​ចិន​ដោយ​ធ្វើឱ្យ​​ខូចខាត​ការជឿទុកចិត្ត​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ។​

​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ផង​ដែរ​នេះ បាន​និយាយថា ថា​សហរដ្ឋ​អាម៉េរិក​បាន​ប្រើ​ឱកាស​អន្តរជាតិ​ជាច្រើន​ដើម្បី​និយាយ​បង្ខូច​ប្រព័ន្ធ​សង្គម មា​គ៌ា​​អភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ចិន​ជាមួយ​ប្រទេស​ដទៃ​ទៀត ហើយ​បាន​ចោទប្រកាន់​ចិន​ពី​បទឧក្រិដ្ឋ​ដែល​គ្មាន​ការពិត​។​

​លោក​វ៉ាង​បាន​និយាយ​ដូចនេះ​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​កិច្ចការ​អន្តរជាតិ​និង​ការទូត​ចិន នៅ​ទីក្រុង​ប៉េកាំង​។​

​ភាព​តានតឹង​រវាង​ចិន​និង​អាម៉េរិក​បាន​កើនឡើង​ខ្ពស់​នៅក្នុង​ដែនទឹក​អាស៊ី កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា ខ្លួន​ការពារ​សេរីភាព​នាវាចរណ៍​ស្របទៅតាម​​ច្បាប់​អន្តរជាតិ តែ​រដ្ឋាភិបាល​ចិន​ប៉េកាំង​ចោទប្រកាន់​អាម៉េរិក​ថា​ព្យាយាម​បង្ក​បញ្ហា​និង​រំលោភ​ដែន​អធិបតេយ្យ​របស់ខ្លួន​។​

​បើ​តាម​លោក​ឧត្តមនាវី ច​ន អាគី​លី​ណូ សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង មានន័យ​ស្មើនឹង​ការបំភិតបំភ័យ​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​។​

​ប្រជាជាតិ​អាស៊ី​ខ្លះ​បារម្ភ​ខ្លាចក្រែង​អាម៉េរិក​ដកខ្លួន​ជាហេតុ​នាំ​អោយ​ចិន​ហក់​ចូល​បង្កើន​ឥទ្ធិពល តែ​លោក ច​ន អាគី​លី​ណូ បាន​អះអាង​ថា សហរដ្ឋ​អាម៉េរិក​នឹង​នៅតែ​ស្ថិតនៅ​​ក្នុង​តំបន់​នេះ​នៅ​បណ្តា​ឆ្នាំ​ខាងមុខ​៕​ដោយ​៖​វាសនា​

លោក​ឧត្តមនាវី ច​ន អាគី​លី​ណូ និយាយ​យោង​ដល់​សេរីភាព​នាវាចរណ៍​សំរាប់​នាវា​អាម៉េរិក​និង​សម្ពន្ធមិត្ត​អាច​បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង​និង​ច្រក​សមុទ្រ​តៃវ៉ាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម