សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

327
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ជឿ​ង ហ័​រ​ប៊ិ​ញ (Truong Hoa Binh) ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ចំពោះ​លោក ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ពិតជា​បានរួម​ចំណែក​នូវ​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គី ភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។​

​នៅក្នុង​ឱកាស​នោះ លោក ជឿ​ង ហ័​រ​ប៊ិ​ញ បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​អំពី ជំនួប​រវាង លោក និង​សម្តេចនាយក​រដ្ឋមន្ត្រី ព្រមទាំង​ជំនួប​ជាមួយនឹង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី ឃួន សុ​ដា​រី ប្រធានស្តីទី​រដ្ឋសភា​។ ជាមួយគ្នានេះ លោក​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​អគ្គលេខាធិការ​មជ្ឈិមបក្ស និង​លោកជំទាវ​ប្រធាន​រដ្ឋ​វៀតណាម ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកជំទាវ​ប្រធានរដ្ឋសភា​វៀតណាម ជូន​ចំពោះ​នោះ​សម្តេច​វិបុល​សេ​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំង​សូម​អញ្ជើញសម្តេច​ប្រធានព្រឹទ្ធសភា ទៅ​បំពេញ​ទស្សន​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម នាពេល​វេលា​សម​ស្រម​ណាមួយ​។​

​លោក ជឿ​ង ហ័​រ​ប៊ិ​ញ បាន​បញ្ជក់​ថា ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស វៀតណាម និង​ប្រទេស​កម្ពុជា គឺជា​ចំណងមិត្តភាព​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន នឹងត្រូវ​បាន​ពូន​ជ្រុំ​គ្រប់​ជំនាន់ ជាពិសេស ប្រទេស​ទាំងពីរ ធ្លាប់បាន​កៀក​ស្មា​គ្នា​តស៊ូ​ប្រឆាំង​ពួក​អាណានិគមនិយម ពួក​ចក្រពត្តិនិយម និង​ពួក​ប្រល័យពូជសាសន៍​ដើម្បី​ឯករាជ្យ​ជាតិ​រៀងៗ​ខ្លួន​។ បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ​កំពុង​ប្រកៀក​ស្មា​គ្នា​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស ហើយ​ចំណងទាក់ទង​ជា​ប្រពៃណី​ដ៏​ល្អប្រសើរ នេះ ត្រូវបាន​ចាត់ទុក​ជាម​រតក​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត​។

​ជាមួយគ្នានេះ លោក​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​មើលឃើញថា ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​គួរ​ជាទី​មោទន​។ ក្នុងនោះ លោក​បាន​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​អត្រា ៧,៥% ក្នុង​មួយឆ្នាំ​។​

​លោក ជឿ​ង ហ័​រ​ប៊ិ​ញ បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​អំពី សភាពការណ៍ និង​ការអភិវឌ្ឍ​របស់ ប្រទេស​វៀតណាម ក្នុងនោះ សេដ្ឋកិច្ច​ប្រទេស​វៀតណាម មានការ​កើនឡើង​ប្រមាណ ៧% ហើយ​អតិផរណា​មាន ប្រមាណ ២,៥% ក្នុង​មួយឆ្នាំ​។ ចំពោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា អាចឈាន​ទៅដល់​តាម​កា​រ​កំណត់ ០៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៩​នេះ​។ ក្នុង​វិស័យសេដ្ឋកិច្ច ប្រទេស​ទាំង​ពីរបាន​យកចិត្តទុកដាក់ ជាពិសេស​នៅ​តំបន់​តាម​ព្រំដែន ដែល​មិន​គ្រាន់តែ​នាំមក​នូវ​អត្ថប្រយោជន៍​ខាង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំង​កសាង តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​។​

​លោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​វិស័យ សន្តិសុខ ការពារជាតិ ប្រឆាំង​អំពើពុករលួយ ការជួញដូរ​គ្រឿងញៀន ការកែលម្អ​ខាង​កិច្ចការរដ្ឋបាល និង​ច្បាប់ ប្រកបដោយ​ភាពទំនើប​កម្ម ដើម្បី​កសាង​ប្រទេស​ទៅជា​នីតិរដ្ឋ​។ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ប្រទេស​វៀតណាម​នឹងធ្វើ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន និង​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​។ ក្នុងន័យនេះ ឯកឧត្តម បានស្នើ​សុំឱ្យ​ប្រទេស​កម្ពុជា គាំទ្រ និង​សហការគ្នា​ធ្វើយ៉ាងណា​ឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន ការរីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​

​លោ​កម ជឿ​ង ហ័​រ​ប៊ិ​ញ បាន​បញ្ជាក់ថា ចំពោះ​កិច្ច​សហប្រតិបត្តិ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយនឹង​គ្នា ដើម្បី​ធ្វើយ៉ាងណា សហការ​ជាមួយនឹង​គ្នា​ឱ្យ​បានល្អ​ប្រសើរឡើង​ថែមទៀត ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​សម្តេច​សម្តេច​វិបុល​សេ​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ជឿ​ង ហ័​រ​ប៊ិ​ញ ដែល​ថ្លែង​សរសើរ​អំពី ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង ប្រទេស​ទាំងពីរ ក៏ដូចជា​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ក្នុងនាម​ព្រឹទ្ធសភា និង​ខ្លួន​ស​សម្តេច​ផ្ទាល់ សម្តេច​បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ ដែល​បានឃើញ​នូវ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​- ប​ត្តិ​ការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ឥតឈប់ឈរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់ថា រាជធានី និង​ខេត្ត​ចំនួន​១៩ នៃ​ប្រទេស​កម្ពុជា បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​នឹង​រាជធានី និង​ខេត្ត​ចំនួន​២៤ នៃ​ប្រទេស​វៀតណាម ហើយ​ក្នុងនោះ ការចង​សម្ព័ន្ធមេត្រីភាព​នៅតាម​ព្រំដែន​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ការធ្វើ​ទេសចរណ៍ និង​ការ​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​។ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ឯកភាព​ជាមួយនឹង​ប្រសាសន៍​របស់​ឯកឧត្តម ជឿ​ង ហ័​រ​ប៊ិ​ញ គឺ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅ​ឆ្នាំ​២០១៨ សម្រេចបាន ៤,៧ ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៩ អាច​កើនឡើង​ជាង ០៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ព្រឹទ្ធសភា​កម្ពុជា សូម​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ដែល​បាន​បង្គោល​ព្រំដែន​គោក និង​បង្គោល​ខណ្ឌសីមា សម្រេចបាន​ប្រមាណ ៨៤%​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​ទទួលស្គាល់ ហើយ​ប្រទេស​កម្ពុជា​បាន​បន្ត​នីតិវិធី​ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ក៏បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​រួចហើយ​ផងដែរ​។ ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បន្ត​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ ដើម្បី​បោះបង្គោល​ព្រំដែន និង​បង្គោល​ខណ្ឌសីមា ឱ្យបាន​ឆាប់​បំផុត​តាម​អ្វីដែល​អាចធ្វើ​បាន ក្នុង​គោលបំណង​កសាង​ខ្សែ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​ឱ្យក្លាយ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ ដើម្បី​ទុកជា​មរតក​សម្រាប់​កូនចៅ​ទាំង​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​តរៀង​ទៅ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែ​អំណរគុណ​ចំពោះ​លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម ដែល​បាន​ផ្តាំផ្ញើ សួរសុខទុក្ខ​សម្តេច និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ព្រឹទ្ធសភា​កម្ពុជា​។ សម្តេច​ក៏បាន​ជម្រាបជូន​លោក ជឿ​ង ហ័​រ​ប៊ិ​ញ ថា ព្រឹទ្ធសភា​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយនឹង​រដ្ឋសភា​វៀតណាម ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ជានិច្ច ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​ប្រជា​-​ជនកម្ពុជា ក្នុង​គ្រប់​ដំណាក់កាល​។ ប្រទេស​កម្ពុជា​ប្តេជ្ញា​បន្ត​ពង្រឹង ពង្រីក មិត្តភាព សាមគ្គី និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងខ្លា​ថែមទៀត តាម​ពាក្យស្លោក អ្នកភូមិផង​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​សហ​ប្រតិ​ប​ត្ត​ការ​លើ​គ្រប់​វិស័យ និង​យូរអង្វែង​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​ប្រជាជន​វៀតណាម​ស​ម្រ​ច​បាន​នាពេល​កន្លងមក ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​សូម​ប្រសិទ្ធពរ​បក្ស រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម បន្ត​ដឹកនាំ​សម្រេចបាន​ជ័យជម្នះ ក្នុង​បុព្វហេតុ​ផ្លាសប្តូរ​ថ្មី និង​កសាង​ប្រទេស​វៀតណាម ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ស្របតាម​ទិសដៅ​ដែល​មហាសន្និបាត​លើក​ទី​១២ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បានកំណត់​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធពរ​ជូន​ឯកឧត្តម និង​គណៈប្រតិភូ ស្នាក់អាស្រ័យ និង​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូមឱ្យ​មាន​សុខ​ភាពល្អ បរិបូរណ៍ និង​ទទួលបាន​ជ័យជំនះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម