កម្ពុជា​-​វៀតណាម ឯកភាពគ្នា​បន្តធ្វើជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ​និង​យូរអង្វែង​

330
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ប្រធានស្តីទី​រដ្ឋសភា បានទទួល​ជួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយនឹងលោក ជឿ​ង ហ័​រ ប៊ិ​ញ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​មានប្រសាសន៍ថា ទស្សនកិច្ច​របស់លោក​ជឿ​ង ហ័​រ ប៊ិ​ញ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នាពេលនេះ បានរួម​ចំណែក​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួ​ត​រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​វៀតណាម​) ក្នុងនាម​ជា​បងប្អូន និង​អ្នកជិតខាង​ល្អ ដែលមាន​ប្រវត្តិ​តស៊ូ រួមសុខ រួមទុក្ខ ជាមួយគ្នា​គ្រប់​កាលៈទេសៈ​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។​

​លោកស្រី​បានលើកឡើង​បន្តទៀតថា សច្ចធម៌​ប្រ​វិត្ត​សាស្ត្រ​សម្រាប់​មាតុភូមិ​ទាំងពីរ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ តាមរយៈ​យុគសម័យ​នៃ​ការ​រួមគ្នា​វាយ​រំលំ​សត្រូវ​រួម គឺ​ពួក​អាណានិគម ពួក​ចក្រ​ព​តិ្ត​និយម និង​ជាពិសេស​អ្វីដែល​ពុំ​អាច​បំភ្លេចបាន​នោះ​គឺ​ក្នុង​បុព្វ​ហេ​ត្វ និង​ការស្វែងរក​យុត្តិធម៌​ដ៏​ត្រឹមត្រូវ​ក្នុងការ​ចូលរួម​របស់​កងទ័ព​ស្ម័គ្រចិត្ត​របស់​វៀតណាម ដែល​បាន​ប្រកៀក​ស្មា​តស៊ូ​ជាមួយ​កងទ័ព​កម្ពុជា​ក្នុង​សង្គ្រាម​ប្រឆាំង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ដែល​បាន​ជួយ​រំដោះប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុតពី​សេចក្តីស្លាប់ និង​ទុក្ខលំបាក​វេទនា​មកទល់​សព្វថ្ងៃ​។ ជាងនេះទៅទៀត ជា​លទ្ធផល​ក្នុង​រយៈពេល​ជាង​បី​ទស្សវត្ស​កន្លងមកនេះ ប្រទេស​ទាំងពីរ បាន​ឈានចូល​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ ដោយ​សម្រេចបាន​នូវ​សុខសន្តិភាព ឯករាជ្យ​បូរណភាព​ទឹកដី វឌ្ឍនភាព​សង្គម និង​ការអភិវឌ្ឍ​សង្គមជាតិ​រៀងៗ​ខ្លួន​។​

​លោក​ជឿ​ង ហ័​រ ប៊ិ​ញ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​នេះ​ជា​លើក​ទី​១ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុងនាម​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ លោក​បាន​ពាំ​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​ថា្នក់​ដឹកនាំ​រដ្ឋ​និង​បក្ស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ថ្វាយ និង​ជូន ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថា្នក់​ដឹកនាំ​សភា​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផងដែរ​។

​លោក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​អបអរសាទរចំពោះ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ដ៏​រីកចម្រើន​របស់​កម្ពុជា ហើយ​ជឿជាក់ថា ក្រោម​ព្រះរាជតម្រិះ​ដ៏​ថ្លៃថ្លា​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​គោ​ព​ដ៏​ខ្ពង់ខ្ពស់ និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​មួយ​ដ៏​រឹងមាំ​បន្ថែមទៀត​។ ជាមួយគ្នានេះ​ផងដែរ លោក បានលើកឡើង​ពី​យន្ត​ការដែល​ភាគី​ទាំងពីរ​បាន​បង្កើតឡើង​ជាច្រើន​ទាំង​ខាង​សភា​ រដ្ឋាភិបាល និង​ផ្នែក​យុត្តិធម៌ ក៏ដូចជា​នៅទីនេះ​ផ្ទាល់​ដែលមាន​ក្រុម​មិត្តភាព​អ្នកតំណាងរាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​បន្ថែម​ទៅទៀត​នោះ​គឺ​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​នៃ​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​ខ្លាំង​តាមរយៈ​កិច្ចសហការ​​ទ្វេភាគី​ផង និង​ពហុភាគី​ផង ដូចជា​នៅ​សហភាព​អន្តរ​សភា​(IPU)​ជាដើម​។​

​លោក​ក៏បាន​ជម្រាបជូន​លោកស្រី​ក្នុងជំនួប​នេះ​ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​លោកស្រីកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជាពិសេស​ក្នុងជំនួប​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ពិភាក្សាគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាច្រើន​មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ ការទូត វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ​។​ល​។ លោក បានលើកឡើង​បន្ថែមថា ប្រទេស​វៀតណាម និង​កម្ពុជា​មិនអាច​បំភ្លេច​បានទេ​ក្នុងដំណាក់កាល​សង្គ្រាម​ដែល​ប្រទេស​ទាំងពីរ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា រហូតមកទល់​បច្ចុប្បន្ន​នេះ​ក៏​នៅ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ហើយ​ប្តេជ្ញា​បន្ត​ថែរក្សា​ចំណង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ​។​

​លោក​ក៏បាន​ពាំនាំ​បន្ថែម​នូវ​បណ្តាំ​ពី​រដ្ឋសភា​វៀតណាម​ក្នុង​ការជួយ​គាំទ្រ​ដល់​សភា​កម្ពុជា​ទាំង​ផ្នែក​សម្ភារ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ពង្រឹងពង្រីក​ចំណងទាក់ទង និង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​កាន់តែ​ស្និទ្ធស្នាល​។​

​ជាការ​ឆ្លើយតប លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​ឯកភាព​នូវ​ប្រសាសន៍​ទាំងឡាយ​ដែល​លើកឡើង​ដោយ​ភាគី​វៀតណាម អំពី​ទំនាក់ទំនង មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង ដែល​ពុំ​អាច​បំភ្លេចបាន​។ លោស្រី បានបញ្ជាក់​ជូន​ពី​តម្លៃ​នៃ​មិត្ត​ភាពជា​ប្រពៃណី​នេះ​ថា រៀ​ត​ណា​ម​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​ជាក់ស្តែង​វិនិយោគ​វៀតណាម​នៅ​កម្ពុជា​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៥ ដែល​ទំហំ​ពាណិជ្ជកម្ម​កើន​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​។ លោកស្រី បាន​គូសបញ្ជាក់​បន្ថែមថា ស្ថាប័ន​នីតិប្បញ្ញត្តិ​សូម​សម្តែង​នូវ​ការអបអរ​រីករាយ​ក្រៃលែង​ដែល​កាលពីពេល​ថ្មីៗ កន្លងទៅនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បាន​អញ្ជើញ​ចូលរួម​ធ្វើជា​អធិបតីភាព​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន និង​បង្គោល​ខណ្ឌសីមា និង​ឯកសារ​កិច្ចសហប្រតិបត្តិការ​ជាច្រើន កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ​។ ជាពិសេស នេះ​ជាការ​បន្សល់ទុក​នូវ​កេរ​មរតក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ ក៏ដូចជា​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នោះ​គឺ​ការកសាង​ព្រំដែន​ស​និ្ត​ភាព មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជួរ​ព្រំដែន ដែល​បានប្រែក្លាយ​ពី​តំបន់​ស្ងប់ស្ងាត់ មកជា​កំពុង​អភិវឌ្ឍ​ន៍ អ៊ូអរ​។ លោកស្រី​បាន​បញ្ជាក់ថា ទាំងនេះ​គឺ​កើតឡើង​ពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ដ៏​មេាះ​មុត​នៃ​ប្រទេស​ទាំងពីរ​ទើប​អាច​កសាង​នូវ​សមិទ្ធផល​នេះ​បាន​។ លោកស្រី ក៏បាន​បន្ត​ជម្រាបជូន​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្នុង​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា និង​លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម បានធ្វើ​បច្ចុប្បន្នភាព និង​ចុះហត្ថលេខា​បំពេញបន្ថែម​មួយចំនួន ទៅលើ​ឯកសារ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​នៃ​ប្រទេស​ទាំងពីរ​។

ក្នុង​ខ្លឹមសារ​នៃ​ការធ្វើ​បច្ចុប្បន្នភាព ​ឯកសារ​នោះ​គឺ​បានបញ្ជាក់​អំពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ប្រទេស​ទាំងពីរ​ទាំង​ថ្នាក់ដឹកនាំ​សភា គណៈកម្មការ​ជំនាញ ក្រុម​មិត្តភាព សមាជិកសភា​វ័យក្មេង សមាជិកសភា​ជា​ស្ត្រី និង​អគ្គលេខាធិការដ្ឋាន​។​
​ភាគី​ទាំងពីរ​(​កម្ពុជា​-​វៀតណាម​) បានបញ្ជាក់​ឡើងវិញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការនីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នៃ​ប្រទេស​ទាំងពីរ ហើយនឹង​បន្ត​ប្រកៀក​ស្មាជាមួយគ្នា​ក្នុង​រយៈពេល​ខាងមុខ សំដៅ​ឲ្យ​ចំណង​ទំនាក់ទំនង​រវាង​ស្ថាប័ន​ប្រទេស​ទាំងពីរ​កាន់តែ​មានកា​រ​អភិវឌ្ឍ​និង​ដើរតួនាទី​សំខាន់ ហើយ​រួមដៃគ្នា​អភិវឌ្ឍន៍​ក្នុង​អាស៊ាន និង​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​ច្បាប់​អន្តរជាតិ​៕ ល​/Ha