ហត្ថា​កសិករ បោះជំហាន​កាន់តែ​ធំ​ចាប់យក​ទីផ្សារ​កម្ចី​បង់​រំលស់​

398
ចែករម្លែក
ហត្ថា​កសិករ បោះជំហាន​កាន់តែ​ធំ​ចាប់យក​ទីផ្សារ​កម្ចី​បង់​រំលស់​

ភ្នំពេញៈ ហត្ថា​កសិករ លីមីត​ធី​ត ដែល​គេ​ស្គាល់​ថា​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បានប្រកាស​ពី​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ចាប់យក​ទីផ្សារ សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​។


​ការប្រកាស​នេះ​បានធ្វើ​ឡើង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ “​កាន់តែ​សាមញ្ញ កាន់តែ​ឡូយ​” ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​រោងភាពយន្ត Major Cineplex នៃ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ (​អ៊ី​អន​១) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ហត្ថា​កសិករ លីមីត​ធី​ត ដៃគូ​អាជីវកម្ម ព្រមទាំង​អ្នកសារព័ត៌មាន​ដែលមាន​គ្នា​សរុប​ប្រមាណ​ជាង ៧០​នាក់​។​

សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ “​កាន់តែ​សាមញ្ញ កាន់តែ​ឡូយ​” ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​រោងភាពយន្ត Major Cineplex នៃ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ (​អ៊ី​អន​១)


​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ម​ហិ​ច្ច​តា​ដ៏​ធំ​មួយទៀត​របស់​ហត្ថា​កសិករ​ក្នុងការ​បោះជំហាន​ក្តោប​យក​ទីផ្សារ​ដែលមាន​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់ ជាមួយនឹង​ការផ្តល់​ភាពងាយស្រួល ព្រមទាំង​ដំណោះស្រាយ​ល្អ និង​មាន​ប្រសិទ្ធភាព​ជូន​អតិថិជន​។​


​លោក Wanchairabin Jitwattanatam (Eddy) អនុប្រធាន​អគ្គនាយក នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា “​ហត្ថា​កសិករ សម្លឹង​មើលឃើញ​ទីផ្សារ​ដែល​កំពុង​លូតលាស់​នេះ ហើយ​បង្កើត​ឲ្យ​មាន​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​នេះ​ឡើង​គឺ​ដើម្បី​បំពេញ​តាម​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន​ដែលមាន​ការផ្លាស់ប្តូរ​ទៅតាម​សម័យកាល និង​បច្ចេកវិទ្យា​”​។ លោក​បាន​បន្តថា “​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​របស់​ហត្ថា​កសិករ​នឹង​ជួយ​លើក​កំពស់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន ទទួលបាន​សម្ភារ​ប្រើប្រាស់ នានា ជាមួយនឹង​ការបង់ប្រាក់​រំលស់​ត្រឡប់មក​ហត្ថា​កសិករ​វិញ​នូវ​ចំនួន​តិចតួច​ប្រចាំខែ​ទៅតាម​លទ្ធភាព​របស់​អតិថិជន​ផ្ទាល់ និង​អាចឱ្យ​អតិថិជន​យក​កម្ចី​ជា​សាច់ប្រាក់​ទៅប្រើ​ប្រាស់​ផ្ទាល់ខ្លួន ដោយ​មិនត្រូវ​ការយក​អចលនទ្រព្យ​មក​បញ្ចាំ​”​។ លោក​បាន​បន្ថែមថា “​បច្ចុប្បន្ន​ហត្ថា​កសិករ​បានដាក់​ល​ក់រួ​ច​មកហើយ​នូវ​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន ចំនួន​២​ប្រភេទ​គឺ​ផលិតផល​កាត​គ្រី និង​ផលិតផល​បង់​រំលស់ (Hattha First Choice) ហើយ​យើង​នឹងមាន​សេវា​កម្ចី​សម្រាប់​ទិញ​យានយន្ត​បង់​រំលស់​ចាប់ពី​ខែមករា ឆ្នាំ​២០២០​នេះ​តទៅ​”​។​


​លោក ឡេង វ៉ាន់ឌី នាយក​គ្រប់គ្រង​គម្រោង ទទួលបន្ទុក​ផ្នែក​អភិវឌ្ឍ​ផលិតផល​និង​បណ្តាញ បានធ្វើ​បទ​បង្ហាញ​ពី​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន​ដោយបាន​លើកយក​ចំណុច​សំខាន់ៗ ដែល​លោក​ជឿជាក់ថា​ផលិតផល​នេះ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតិថិជន​ដូចជា ដំណើរការ​ស្នើសុំ​ឥណទាន​មាន​ភាពសាមញ្ញ​ងាយស្រួល អត្រា​ការប្រាក់​សមរម្យ មាន​ភាព​ប្រកួតប្រជែង​និង​មាន​តម្លាភាព មិន​តម្រូវ​ឲ្យ​មាន​ឯកសារ​ស្មុគស្មាញ ហើយ​ជាពិសេស​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​។ លោក​បានបញ្ជាក់​បន្ថែម​ថា “​ផលិតផល​បង់​រំលស់ (Hattha First Choice) ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​រយៈពេល​៥​ខែ​រួចមកហើយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ពាក្យស្នើសុំ​ជាច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ទីតាំង​អាជីវកម្ម និង​ក្រុមហ៊ុន​នានា​ដែលជា​ដៃគូ​សហការ​របស់​ហត្ថា​កសិករ ដែលមាន​ជិត​១០០​ដៃគូ​សហការ​ក្នុង​រាជធានី​ភ្នំពេញ​” ហើយ​យើង​មាន​គម្រោង​ផ្តល់​សេវា​កម្ចី​បង់​រំលស់​និង​កម្ចី​ផ្ទាល់ខ្លួន ដូចជា ឥណទាន​កាត​គ្រី ឥណទាន​ហត្ថា First Choice និង​ឥណទាន​យានយន្ត​ហត្ថា ទៅកាន់​បណ្តា​ខេត្ត​ធំៗ​ក្នុង​ឆ្នាំ​២០២០​នេះ​។​


​គួ​រម្លឹក​ផងដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ​មាន​ការិយាល័យ​សាខា​ចំនួន ១៧៦​ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន​១២៩ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម