ចិន​និង​អាម៉េរិក​កាន់តែ​ប្រុងប្រយ័ត្ន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

633
ចែករម្លែក

​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ ២០១៨ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ត្រៀម​បង្កើន​សមត្ថភាព​យោធាចិន​នៅក្នុង​តំបន់ ដោយ​បញ្ជូន​យន្ដហោះ​ចម្បាំង​ចិន J-20 និង​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-35 ទៅ​សមុទ្រ​ចិន​ខាងត្បូង​។ គំនិត​នៅ​ពីក្រោយ​ចំណាត់ការ​នេះ​គឺពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព​រំដោះប្រជាជន​ចិន​ក្នុងការ​ឃ្លាំមើល​គូប្រជែង​របស់ខ្លួន​ពីលើ​តំបន់​ដែលមាន​ការ​ប្រជែង​គ្នា​នេះ​។ យន្តហោះ Su-35 អាចជា​ការព្រួយបារម្ភ​មួយ​ចំពោះ​យោធា​អាម៉េរិក​។ យន្តហោះ​នេះ​បំពាក់​ម៉ាស៊ីន​ទួ​ប៊ី​ន​ចំនួន​ពីរ ដែល​ផ្តល់ឱ្យ​វា​នូវ​រយៈ​ចម្ងាយ​បើកបរ​ប្រហែល ៣.៥០០ គីឡូម៉ែត្រ​ពេល​ចាក់​សាំង​ពេញ និង​ធ្វើឱ្យ​វា​ក្លាយជា​យន្តហោះ​ប្រយុទ្ធ​ពហុមុខ​ងារ​ទំនើប​បំផុត​។​

​សហរដ្ឋ​អាម៉េរិក​ក៏បាន​ធ្វើឱ្យ​អាកាសចរណ៍​របស់ខ្លួន​ក្លាយជា​ផ្នែក​សំខាន់​ផងដែរ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន​នៅក្នុង​តំបន់​នេះ ដោយ​តែងតែ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចូលទៅក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដូច្នេះ​នឹង​អនុញ្ញាតឱ្យ​យន្តហោះ​ចម្បាំង F-35 ធ្វើជា​មូលដ្ឋាន​ដើម្បី​បើក​ក្រឡឹង​ជុំវិញ​តំបន់​ប្រជែង​គ្នា​ដ៏​ក្តៅគគុក​នេះ​។​

​នៅក្នុង​ខែសីហា​ឆ្នាំ​២០១៩​នេះ នាវា​ផ្ទុក​យន្តហោះ​ឈ្មោះ Ronald Reagan ត្រូវបាន​បញ្ជូនទៅ​ហ្វីលីពីន ជា​ប្រទេសមួយ​កំពុង​ប្រឈម​នាវា​ចិន​ឥត​ស្រាកស្រាន្ត និង ស្វែងរក​ការគាំទ្រ​ពី​វ៉ាស៊ីនតោន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងវត្តមាននាវាទាំងនេះ​។​

​នាវា​ផ្ទុក​យន្តហោះ Ronald Reagan និង​ក្រុម​ប្រយុទ្ធ​របស់ខ្លួន ដែលមាន​ទាហាន​ប្រហែល ៧.៥០០ នាក់ នាវា​ដឹក​កាំជ្រួច​មី​ស៊ី​ល​ចំនួន ២ គ្រឿង នាវា​ពិឃាត ២ គ្រឿង និង យន្តហោះ​ចម្បាំង​ខ្ទង់ ៦៥​ទៅ​៧០ គ្រឿង​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ម៉ានីល​។​

​ជាមួយ​វត្តមាន​នៅលើ​អាកាស​កំពុង​រីកដុះដាល​ទាំងសងខាង ចិន​និង​អាម៉េរិក​កាន់តែ​ត្រូវធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​ការផ្ទុះ​ឡើង​នៃ​អំពើហិង្សា​ដោយ​អ​ចេតនា​។​

​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្លូវទឹក​សម្រាប់​នាវា​ដឹកទំនិញ​និង​កំពង់ផែ​ពាណិជ្ជកម្ម​ដែល​រកប្រាក់​ចំណេញ​ក្រាស់ក្រែល។ ​

ខ្សែបន្ទាត់​ព្រំដែន​៩ត្រេដែលចិនគូសវាតយកដែនទឹកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង​បានធ្វើឱ្យ​ប្រទេស​តូចៗ​ក្នុង​តំបន់​ផ្ទុះ​កំហឹង​ដូចជា​វៀតណាម​និង​ហ្វីលីពីន។ពួកគេក៏មិន ពេញចិត្ត​ឡើយ​ចំពោះ​ការដែល​ចិន​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី ដែលជា​ប្រជុំ​កោះ​ដ៏​សំខាន់​នៅក្នុង​តំបន់ និង​ត្រូវបាន​ប្រទេស​ទាំងពីរ​អះអាងថា​ជា​អធិបតេយ្យភាព​របស់ខ្លួន​រៀងៗ​ខ្លួន​ផងដែរ​។​

​ដោយ​មនុស្ស​ជាច្រើន​ពិពណ៌នា​វា​ថា​ជា “​បន្ទាយ​កោះ​” ចិន​បាន​ហ៊ុមព័ទ្ធ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​កូន​កោះ​មូលដ្ឋានទ័ព​តូចៗ​សង់​ឡើង​ដោយ​មនុស្ស និង​ត្រូវបាន​គេ​ចោទប្រកាន់ថា​បង្កើត​កោះ​ទាំងនោះ​ឡើង​ដើម្បី​ធ្វើជា​ទីតាំង​ពិសេស​ក្នុង​គោលបំណង​យោធា​៕ ប្រែសម្រួលដោយ៖កញ្ញាដាលីសពីexpress.co.uk