ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ប្រោស​ព្រះរាជទាន​សារលិខិត​ចូលរួម​អបអរសាទរ​និង​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩

386
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​សារលិខិត​ចូលរួម​អបអរសាទរ​និង​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​របស់​សម្តេច នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។​

ក្នុង​ព្រះរាជ​សារលិខិត​របស់​ព្រះមហា​ក្ស​បាន​សម្តែង​នូវ​សេចក្តី​អបអរសាទរ​និង​កោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​អ្នកស្នេហាជាតិ​ដ៏​ឆ្នើម​បាន​ខិតខំ​បំពេញភារកិច្ច​មនុស្សធម៌​ជូន​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​អស់ពី​កម្លាំងកាយ​ចិត្ត គ្រប់​កាលៈទេសៈ​ក្នុង​ទូទាំងប្រទេស​កម្ពុជា​។​

​ព្រះរាជ​សារលិខិត​រប​ស់​សម្តេចព្រះ​មហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​ទៀតថា​«​ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​ដ៏​ថ្លៃថ្លា​នេះ​ខ្ញុំ​សូម​ជូនពរ​មហាប្រសើរ​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​ទទួលបាន​មហា​ជោគជ័យ​ថ្មី​ទៀត ក្នុងការ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា និង​សូម​បាន​ប្រកប​តែ​នឹង​ពុទ្ធពរ គឺ​អាយុ វណ្ណៈ​សុ​ខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​ក្នុង​ព្រះរាជ​សារលិខិត​របស់​សម្តេចម៉ែ​បាន​មាន​ព្រះរាជបន្ទូល​ថា​«​ខ្ញុំ​សេចក្តី​រីករាយ​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាជាតិ​និង​ប្រជារាស្ត្រ​កម្ពុជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សូម​សម្តែង​នូវ​ការកោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​អ្នកស្នេហាជាតិ​ដ៏​ឧ​ត្ត​ម​បាន​បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង​ធនធាន​ចូលរួម​ក្នុង​សកម្មភាព កសាង​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​»​។​

​សម្តេចម៉ែ​បាន​មាន​ព្រះរាជបន្ទូល​ថា តាមរយៈ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម ក្នុង​ការបម្រើ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​និង​ប្រជា​រា​ស្ត​នេះ​កិត្តិនាម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ល្បី​រន្ទឺ​ទទួលបាន​ការកោតសរសើ​រ​និង​អំណរ​សាទរ​ទាំង​ន​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។​

ព្រះរាជ​សារលិខិត​រប​ស់​សម្តេចម៉ែ​បាន​មាន​ព្រះរាជបន្ទូល​ទៀតថា​«​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ​ខ្ញុំ​សូម​ប្រសិទ្ធ​ពរជ័យ​មហា​វរ​សួស្តី​សិរី​មង្គល់​គ្រប់ប្រការ​ជូ​នស​ម្តេ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​ទទួលបាន​មហា​ជោគជ័យ​ថ្មី​ទៀត ក្នុងការ​បម្រើ​ជាតិ មាតុភូមិ​និង​ប្រជារាស្ត្រ​កម្ពុជា​និង​សូម​បាន​ប្រកប​តែ​នឹង​ពុទ្ធពរ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕S/

​ចំណងជើង​រូបថត​៖​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ប្រោស​ព្រះរាជទាន​សារលិខិត ចូលរួម​អបអរសាទរ និង​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម