រឿងខកខានបង់ទឹកជិត១ឆ្នាំ មន្ទីរ​ឧស្សាហកម្មនិងសិប្បកម្មចេញ​លិខិតណាត់មេបញ្ជាការ ទូទាត់គ្នា​ម្តង

842
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តមណ្ឌលគិរី ប្រហែលជាអត់ទ្រាំលែងបានចំពោះតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលប្រើប្រាស់ទឹករយៈពេលជិត១ឆ្នាំ ពុំដែលបង់ថ្លៃចំណាយ បានសំរេចចេញសេចក្តីជូនដំណឹងមួយ ណាត់ជួបមេបញ្ជាការយោធាខេត្តមួយនេះ ពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ នៃរឿងប្រាក់បំណុល។

នៅក្នុងលិខិតដ៏កម្រនិងឃើញមួយរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តមណ្ឌលគិរី ដែលចុះហត្ថលេខាដោយប្រធានអង្គភាពឈ្មោះសូរ សុវណ្ណារឹទ្ធ កាលពីថ្ងៃទី១១ខែធ្នូ បានស្នើរសូមជូបពិភាក្សាជាមួយលោកសាន្ត គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ស្តីពីការទូទាត់បំណុលនៃការប្រើប្រាស់ទឹក។

ក្នុងសំណើរសូមជូបនោះ មន្ទីរបានបញ្ជាក់ថា ដោយកន្លងមកអង្គភាពយោធាខាងលើ បានតភ្ជាប់និងប្រើប្រាស់ទឹកស្អាត ហើយពុំបានធ្វើការទូទាត់ប្រាក់ជូនដល់អង្គភាពរដ្ឋាករទឹកវិញនៅឡើយទេគិតចាប់ពីខែមេសាឆ្នាំ២០១៩រហូតដល់ខែសីហាឆ្នាំ២០១៩ មានចំនួនទឹកប្រាក់១,៣៦៩,៧៥០រៀល។

អង្គភាពសមីខាងលើ បានស្នើសុំធ្វើការណាត់ជូប មេបញ្ជាការដើម្បីដោះស្រាយបំណុលនេះ អោយបានមុនបំណាច់ឆ្នាំ២០១៩ ព្រោះមានបំណុលកើតឡើង គឺជាបន្ទុករបស់អធិការកិច្ចក៏ដូចជាសវនកម្មជាតិដាក់មកលើអង្គភាពរដ្ឋាករទឹក។

នាថ្ងៃ១៤ធ្នូនេះ លោកសាន្តគឹមអឿន មេបញ្ជាការយោធាខេត្តមណ្ឌលគិរី បានប្រាប់ថា លោកបានអោយលោកហ៊ុន ប៉ាក់ ដោះស្រាយរឿងនេះរួចរាល់ហើយ ។លោកថា ចំពោះអង្គភាពយោធាលោក មានទឹកអណ្តូងប្រើប្រាស់ហើយ តែការតបណ្តាញនេះគឺនៅជំនាន់វៀតណាមគេមកសាងសង់អាគារ។

នៅថ្ងៃដដែលមេបញ្ជាការងយោធាខេត្តលោកហ៊ុន ប៉ាក់ បានទទួលស្គាល់នូវលិខិតរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្ម ដែលអះអាងនូវការពុំទាន់ទូទាត់លើវិក័យបត្រ ក្នុងទំហំទឹកប្រាក់ជាង១លានរៀល។

លោកមេបញ្ជាការរងដដែលបន្តថា វាជាកំហុសរបស់លោក ដែលប្រាក់ទាំងនោះលោកមេបញ្ជាការខេត្តបានប្រគល់អោយលោករួចរាល់ហើយ។តែដោយលោកត្រូវបំពេញកម្មសិក្សា​រយៈពេល៤ខែនិងទើបវិលមកវិញ ក៏ទទួលលិខិតពីមន្ទីរតែម្តង។

លោកបានបញ្ជាក់ទៀតថា ការតបណ្តាញទឹកគឺតាំងពីពេលដែលវៀតណាម ចូលមកសាង​សង់អាគារមកម្លេះ។ហើយការចំណាយពេលនោះខាងវៀតណាមគេទូទាត់រួចរាល់ហើយ ពេលបញ្ចប់ការសាងសង់។លោកថា ក្រោយពេលវៀតណាមឈប់ប្រើ ទីបញ្ជាការលោកក៏បន្តប្រើ តែដោយសង្កេតឃើញមានការចំណាយអស់ច្រើនពេក ក៏ឈប់ប្រើរយៈពេល៥ខែកន្លងមកហើយ និងសន្យាថានិងទូទាត់ប្រាក់នៅសល់ទៅរដ្ឋាករទឹក។ដោយសារតែលោកជាប់រវល់សិក្សានៅទីឆ្ងាយទើបមានកំហុសបែបនេះ តែលោកថានិងចូលទូទាត់ប្រាក់ដែលមន្ទីរបង្ហាញនោះនៅថ្ងៃច័ន្ទទី១៦ខែធ្នូ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម