អាម៉េរិក អង់គ្លេស​និង​សិង្ហ​បុរី ព្រមាន​អំពី​ការធ្វើដំណើរ​ទៅ​ឥណ្ឌា​

579
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឡុង​ដ៍​និង​សិង្ហ​បុរី បាន​ចេញ​ការព្រមាន​អំពី​ការ​ធ្វើ​ដំណើរ​ទៅកាន់​ឥណ្ឌា​ភាគ​ឦសាន នៅ​ពេល​អ្នក​ប្រឆាំង​នឹង​ច្បាប់​ផ្តល់​សញ្ជាតិ​ថ្មី​មួយ បង្កើន​ការ​​តវ៉ា​ប្រឆាំង​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ធ្នូ ក្រោយ​ការប៉ះទង្គិច​ដែល​បណ្តាលអោយ​ស្លាប់​មនុស្ស​២​នាក់​និង​រងរបួស​ជាច្រើន​នាក់​។​

​អាជ្ញាធរ​បាន​ប្រកាស​បំរាម​គោចរ​នៅក្នុង​ក្រុង​ហ្គូ​វ៉ា​ហា​ទី តែ​ក្រុម​តវ៉ា​ខ្លះ​និយាយថា ពួកគេ​នឹង​មិន​ស្តាប់​បំរាម ដោយ​បាតុកម្ម​ជាច្រើន​គ្រោង​ធ្វើ​នៅ​ពេល​រសៀល​និង​ល្ងាច​ថ្ងៃ​សៅរ៍​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​នដ្រា ម៉ូ​ឌី និង​សម​ភាគី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ បាន​លើក​ពេល​ជំនួប​កំពូល​មួយ ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​ហ្គូ​វ៉ា​ហា​ទី ចាប់ពី​ថ្ងៃអាទិត្យ និង​សហ​​រដ្ឋ​អាម៉េរិក រួម​ជាមួយ​អង់គ្លេស​បាន​ព្រមាន​ពលរដ្ឋ​របស់​គេ​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បើសិនជា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ឦសាន​ឥណ្ឌា​។​

​នៅ​ថ្ងៃ​សៅរ៍ ក្រសួងការបរទេ​សសិ​ង្ហ​បុរី ក៏​បាន​ចេញ​ការណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ទៅកាន់​ឥណ្ឌា​ភាគ​ឦសាន​ដោយ​អំពាវនាវ​អោយ​ពលរដ្ឋ​សិង្ហ​បុរី​មានការ​ប្រុងប្រយ័ត្ន​ក្រោយ​មាន​​របាយការណ៍​អំពី​ការប៉ះទង្គិច​ហិង្សា​នៅ​តំបន់​នេះ​។​

​ការតវ៉ា​ប្រឆាំង​ច្បាប់​ថ្មី​នេះ ក៏​បាន​ផ្ទុះឡើង​នៅ​ទីកន្លែង​ផ្សេងៗ​នៅ​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ ដោយ​ប៉ូលិស​ប៉ះទង្គិច​ជាមួយ​បាតុករ​រាប់រយ​នាក់​នៅ​ទីក្រុង​ញូ​វ​ដេ​ល​លី និង​បាតុករ​បាន​​ដុត​អាគារ​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​រដ្ឋ​បឹង​ហ្កា​ល់​ខាង​លិច​។​

​ការជួបជុំ​តវ៉ា​ក៏​មាន​នៅ​រដ្ឋ​កេ​រ៉ា​ឡា និង​កា​ណា​តា​កា​នៅ​ភាគ​ខាងត្បូង​ប្រទេស ព្រម​ទាំង​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​ដែលជា ទឹកដី​កំណើត​របស់​នាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី​។​

​ច្បាប់​វិសោនកម្ម​សញ្ជាតិ​នេះ ត្រូវបាន​សភា​អនុម័ត​នៅ​សប្តាហ៍​នេះ​និង​នាយករដ្ឋមន្ត្រី​បាន​ចុះហត្ថលេខា​អោយ​ក្លាយជា​ច្បាប់​កាលពី​ថ្ងៃ​សុក្រ​។​វា​អនុញ្ញាត​អោយ​មាន​ការដាក់​ពាក្យសុំ​​សញ្ជាតិ​ឥណ្ឌា សំរាប់​មនុស្ស​ក្នុង​ក្រុម​ជនជាតិភាគតិច​មកពី​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន តែ​មិន​ត្រូវ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ​។​

​សំរាប់​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម ក្រុម​ប្រឆាំង​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា វា​ត្រូវ​បាន​ពួក​គេ​មើលឃើញ​ថា​ជា​ផ្នែក​នៃ​របៀបវារៈ​ជាតិនិយម​ហិណ្ឌូ​«​ហិណ្ឌូ​ត្វា​»​របស់​លោក​ម៉ូ​ឌី​ដើម្បី​​ផាត់​ចោល​ជន​អ៊ីស្លាម​២០០​នាក់​នៅក្នុង​ប្រទេស​នេះ​។​ទោះជា​យ៉ាងណា លោក​ម៉ូ​ឌី​បាន​បដិសេធ​ការលើកឡើង​ដូច្នេះ​និង​ថា​ជន​អ៊ីស្លាម​មកពី​ប្រទេស​ទាំង​៣​មិន​ត្រូវបាន​ធានា​​នៅក្នុង​ច្បាប់​នេះ​ដោយសារ​មិន​ចាំបាច់​មាន​ការ​គាំពារ​ពី​ឥណ្ឌា​៕​ដោយ​៖​វាសនា​

ការតវ៉ា​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​នៅ​ឥណ្ឌា​នាំអោយ​មាន​ការប៉ះទង្គិច​និង​ដុត​បំផ្លាញ​យានយន្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម