នាយក​ក្រុមហ៊ុន​អាកាសចរណ៍​Vietjet ស្ថិតក្នុង​ចំណោម​ស្ត្រី​១០០​ដែល​មាន​ឥទ្ធិពល​បំផុត​នៅលើ​លោក​

482
ចែករម្លែក

​លោកស្រី ង្វៀន ធី ភឿង ថាវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Vietjet គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ចំនួន​១០០​នាក់​នៅលើ​​ពិភពលោក​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​រប​ស់ទស្ស​នាវ​ដ្តី Forbes ។​

​ស្ត្រី​វៀតណាម​តែ​ម្នាក់​គត់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​នេះ គឺ លោក​ស្ត្រី ង្វៀន ធី ភឿង ថាវ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៥២ ដោយ​ធ្លាក់​ចុះ​៨​កន្លែង​បើ​ធៀប​នឹង​ឆ្នាំមុន​។ ​នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​លោកស្រី​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ចំនួន​១០០ នាក់​នៅលើ​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes ។​

​ទស្សនា​វ​ដ្តី​នេះ បាន​និយាយថា បញ្ជី​នេះ​ត្រូវ​បាន​ចងក្រង​ដោយ​ផ្អែក​លើ​ទ្រព្យសម្បត្តិ ភាពល្បីល្បាញ ឥទ្ធិពល និង​ការចុះផ្សាយ​លើ​បណ្តាញសារព័ត៌មាន​។​

​តាម​ការប៉ាន់ស្មាន​ថា ថវិកា​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​ស្ត្រី​មាន​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀតណាម​នេះ​សរុប​ប្រហែល​២,៧​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​១៣ ធ្នូ​។​

​លោក​ស្ត្រី​ង្វៀន ធី ភឿង ថាវ អាយុ​៤៩​ឆ្នាំ បាន​ធ្វើ​ជំនួញ​រកស៊ី នៅ​ប្រទេស​វៀតណាម​និង​នៅ​បរទេស​លើ​វិស័យ​ជាច្រើន ដោយ​រួមមាន ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍​អចល​​ន​ទ្រព្យ​និង ការលក់ទំនិញ​រាយ​។​លោក​ស្ត្រី បាន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​Vietjet​នេះ នៅ​ឆ្នាំ​២០១១​។​

​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel ត្រូវបាន​ប្រកាសថា​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៩​នេះ និង​បន្ទាប់មក​ប្រធាន​ធនាគារ​កណ្តាល​​អឺរ៉ុប​លោក​ស្រី គ្រីស្ទី​ន ឡា​ហ្កា​ត ហើយ​លេខ​៣​គឺ​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ស្ត្រី ង្វៀន ធី ភឿង ថាវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Vietjet