បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​មាន​វិធានការ​ក្តៅ​ចំពោះ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​នៅក្នុង​មូលដ្ឋាន​

292
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​មាន​វិធានការ​ក្តៅ​ចំពោះ​រថយន្ត​ធំៗ​ដឹក​ដី​ដឹក​ដែក​បំផ្លាញ​ផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដោយ​ត្រូវមាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​។​មានន័យ​ថាបើ​រថយន្ត​ទាំងនោះ​ដឹកជញ្ជូន​បំផ្លាញ​ផ្លូវ​ត្រូវតែ​ឱ្យ​ក្រុមហ៊ុន​នោះ​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​ខូច​នោះ​ឡើងវិញ​។​

លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍ថា​៖​ប្រទេស​កម្ពុជា​យើង​គឺជា​ប្រទេស​ដែល​កំពុងតែធ្វើការ​អភិវឌ្ឍ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ដូច្នេះ យើង​មិនអាច​ហាមប្រាម​មិន​ឲ្យ​រថយន្ត​ដឹកទំនិញ ដឹក​ដែក ដឹក​ស៊ីម៉ង់ ដឹក​ដី​ដឹក​ខ្សាច់​ធ្វើ​ចរាចរណ៍​នោះទេ​។​យើង​អនុញ្ញាត​ឱ្យគេ​ដឹក​ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ល្អ​លើ​ការដឹកជញ្ជូន​នេះ​គឺ​បើ​រថយន្ត​ក្រុមហ៊ុន​ណា​ដែល​ដឹក​បំភ្លេច​បំផ្លាញ​ផ្លូវ​ក្រុមហ៊ុន​នោះ​ត្រូវតែ​ទទួលខុសត្រូវ​លើ​ការស្ថាបនា​ជួសជុល​ផ្លូវ​នោះ​ឲ្យ​បាន​ស្អាត​ឡើងវិញ​ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។​

ការដាក់​វិធានការ​បែបនេះ​លោក​ឃួ​ង​ស្រេង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៤​ខែធ្នូ​ឆ្នាំ ២០១៩​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​៤០០ នាក់​។​

ក្នុងឱកាស​នោះដែរ​លោក​ឃួ​ង​ស្រេង​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​ដែលជា​សេ​សាវ័ក​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ បើ​យើង​អនុវត្ត​ការងារ​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ដល់​កម្រិត​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ទេ នោះ​បញ្ហា​ប្រឈម​នឹង​កើត​មកលើ​ខ្លួន​យើង​វិញ​ហើយ​ដូច្នេះ​យើង​ត្រូវតែ​ខិតខំ​បំពេញការងារ​នេះ​ឲ្យ​បានល្អ​ដើម្បី​ទទួលបាន​នូវ​ការកោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​ចំណែក​លោក​សុខ​សម្បត្តិ​ប្រធាន​គណបក្ស​ប្រេ​ជា​ជន​ខណ្ឌ​និង​ជា​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ក្នុងឱកាស​នោះ​ក៏បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា​៖ ជា​ទិសដៅ​និង​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាននិងកំពុង​ធ្វើ​គឺ​ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ជូន​ប្រជាពលរដ្ឋ​ការបម្រើ​សេវា​ឱ្យនៅ​កៀន​កិត​ជាមួយ​ពួកគាត់ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូលដ្ឋាន ដូចជា​ផ្លូវថ្នល់ លូទឹក ជាដើម​។

គួរ​បញ្ជាក់ថា​៖​ការបង្កើតឱ្យមាន​កិច្ចប្រជុំ​ក្រុមការងារ​គណបក្ស​ខាងលើនេះ​គឺមាន​គោលបំណង​ដើម្បី​ស្វែងរក​ចំណុច​វិជ្ជមាន អវិជ្ជមាន​និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ដើម្បី​យក​បញ្ហា​ទាំងនោះ មក​ដោះស្រាយ​ជូន​ពួកគាត់​ក្នុងនាម​ដែល​អាជ្ញាធរ​ជា​អាណាព្យាបាល​របស់​ពួកគាត់​។​ក្នុងឱកាស​នោះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចែក​អាវ​រងារ​ម្នា​ក់មួយ​ដល់​អ្នកចូលរួម​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម