​ប្រើ​គ្រឿងចក្រ​ទំនើប​ខួង​ដី​ជម្រៅ​៨​ម៉ែត្រ​ដាក់លូ​ដោយ​ស្វ័យប្រវត្តិ​,​មិនបាច់​ប្រើ​មនុស្ស​បានបញ្ចប់​ជំហាន​ទី​១

319
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​គិត​មកដល់ពេលនេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើប​ខួង​ដី​(​ជែក​ឃី​ង​)​ដាក់លូ​ដោយ​ស្វ័យប្រវត្តិ​មិនបាច់​ប្រើប្រាស់​មនុស្ស​ចុះទៅ​ក្នុង​ការដ្ឋាន​ក្រោម​ដី​បានបញ្ចប់​ជំហាន​ទី​១​ហើយ ដែលមាន​ប្រវែង​៣០០​ម៉ែត្រ​។​
ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក​ជូ​ម៉េង​ទ្រី​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា គម្រោង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ជំហាន​ទី​១​នេះ មាន​ប្រវែង​៣០០​ម៉ែត្រ​។ ដោយ​ចាប់ផ្តើម​ពីមុខ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​ខណ្ឌដូនពេញ​រហូតដល់​ផ្លូវ​លេខ​៧០​ទំនប់ទួលគោក​កាត់​ក្រោម​រង្វង់​មូល​គួច​កាណុង​។​

​គិត​មកដល់ពេលនេះ​គម្រោង​ជំហាន​ទី​១​បានបញ្ចប់​ហើយ​ហើយ​ក្រុមការងារ​បាន​បន្ត​ជំហាន​ទី​២​នៅក្នុង​ខែធ្នូ​នេះ​ដោយ​ចាប់ផ្តើម​ពីមុខ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​ក្នុង​ខណ្ឌដូនពេញ​រហូត​ដល់​មុខ​ស៊ី​ឌី​ស៊ី CDC​ឬ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ប្រវែង​ជាង​១.០០០​ម៉ែត្រ​។​

​គួរ​បញ្ជាក់ថា​៖​បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើប​ដោយ​ខួង​ដី​នេះ​បានចាប់ផ្ដើម​បើក​ការដ្ឋាន​ឱ្យ​ដំណើរការ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​នៅមុខ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​ខណ្ឌដូនពេញ​។​ក្រោម​វត្តមាន​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​អង្គការ​ចៃ​កា​។​

​គម្រោង​ខួង​ដី​ដាក់លូ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើប្រាស់​មនុស្ស​ចុះទៅ​ក្នុង​ការដ្ឋាន​ក្រោម​ដី​នេះ​ទើបតែ​មាន​ជា​លើក​ទី​១​នៅ​រាជធានី​ភ្នំពេញ​ហើយ​ជា​គម្រោង​និង​ខួង​ដី​ដាក់លូ​ជា​ស្វ័យប្រវត្តិ​នៅក្រោម​ដី​នេះ​លើ​ចម្ងាយ​ផ្លូវ​ប្រវែង​១៥៦០​ម៉ែត្រ​ក្នុង​ជម្រៅ​ក្រោម​ដី​៨​ម៉ែត្រ​។​ការប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មី​មួយ​នេះ​វា​មិន​រំខាន​ទៅដល់​ការកកស្ទះ​ចរាចរ​និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះទេ​ព្រោះ​វា​ខួង​នៅក្រោម​ដី​ជម្រៅ​រហូតដល់​៨​ម៉ែត្រ​។​

​នេះ​ក៏​ជា​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​របស់​ចៃ​កា​ផងដែរ​។​គម្រោង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ម្ចាស់​អ្នកអនុវត្ត​គម្រោង​គឺ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ទីប្រឹក្សាបច្ចេកទេស​ក្រុមហ៊ុន​ស៊ី​ធី​អាយ​វិស្វកម្ម​អន្តរជាតិ​និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ក្រុមហ៊ុន​សំណង់​ភូ​អាខប​ភើ​រេ​សិន​។​

​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​បញ្ជាក់ថា​៖​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អរ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម​ក្នុងនោះ​រួមមាន​៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​។​

២​ដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​៤.៤​គីឡូម៉ែត្រ​។​៣​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​និង​សាងសង់​ស្ថានីយ៍​បូមទឹក​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC​។​៤​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ​ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ​ព្រះ​គ​ន្ល​ង់​១​ព្រះ​គ​ន្ល​ង់​២​និង​ផ្សារ​ចាស់​។​៥​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម