«​ទឹកភ្នែក​មួយ​ដំណក់​របស់​ម្តាយ​»

1253
ចែករម្លែក

​នេះ​គឺជា​រឿងរ៉ាវ​របស់​របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ឃុំឃាំង សួរចម្លើយ និង​សម្លាប់ នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ប៉ុន្តែ​កូនស្រី​របស់គាត់​ម្នាក់​ក្នុងចំណោម​កូន​ទាំងបី​របស់គាត់​​នៅ​រស់រានមានជីវិត​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​សេក សាយ ទទួល​រូបថត និង​ឯកសារ​របស់​ឪពុក​

​រូបថត​មួយ​សន្លឹក ក្នុងចំណោម​រូបថត​រាប់ពាន់​សន្លឹក​ដែល​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ចូល​ទស្សនា​យ៉ាងខ្លាំង​។ រូបថត​នោះ គឺជា​រូបថត​របស់​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា ចាន់ គឹម​ស្រ៊ុន ហៅ សាង​។ រូបថត​របស់ ចាន់ គឹម​ស្រ៊ុន ត្រូវបាន​យកទៅ​ផ្តិត​លើកដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់​ខាងកើត ដើម្បី​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ នៅក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ កាត់សក់​ខ្លី​ត្រឹម​ក អង្គុយ​នៅលើ​កៅអី​ដើម្បី​ថតរូប ចាន់ គឹម​ស្រ៊ុន បាន​បីកូន​ប្រុស​តូច​របស់គាត់​ម្នាក់​នៅក្នុង​រង្វង់​ដៃ​។ ប៉ុន្តែ​នៅពេល​សម្លឹង មើល​ទៅលើ​រូបថត​របស់គាត់​កាន់តែ​កៀក នឹង​ឃើញ​ដំណក់ទឹកភ្នែក​មួយ​ដំណក់​ដែល​ស្រក់​ចុះ និង​ដិតដាម​នៅលើ​ថ្ពាល់​ផ្នែក​ខាងស្តាំ​ជាមួយ​ទឹកមុខ​ក្រៀមក្រំ ដែល​ហាក់បីដូចជា​កំពុងតែ​បារម្ភ និង​គិត​ទៅដល់​រឿងរ៉ាវ​ដែល​នឹង​កើតឡើង​ចំពោះ​រូបគាត់​។​

​ទឹកភ្នែក គឺជា​អំណោយ​ប្រទាន​ពី​ទេវតា​។ ទឹកភ្នែក​បរិយាយ​ប្រាប់​អំពី​អារម្មណ៍​ដែល​ប៉ះទង្គិច​ទៅនឹង​រឿងរ៉ាវ​អ្វីមួយ​ដែល​បានកើត​ឡើង ឬ​នឹកឃើញ បណ្តាល​ឲ្យ​ការ​រំជួលចិត្ត​កើតមានឡើង​។ ជួន​ពេលខ្លះ វា​អាច​ជាការ​រំជួលចិត្ត​ដែល​កើតឡើង​ដោយ​សេចក្តី​រីករាយ រំភើប ហើយ​ពេលខ្លះទៀត វា​អាច​កើតឡើង​ដោយសារតែ​ការជួប​ប្រទះ​នឹង​ភាព​សោកសង្រេង និង​ភ័យរន្ធត់​។ ទឹកភ្នែក​បាន​តំណាង​ឲ្យ​បេះដូង​ដែល​ពិបាក​នៅក្នុង​ការបរិយាយ​ចេញមក​ខាងក្រៅ​។

​ដំណក់ទឹកភ្នែក​របស់ ចាន់ គីម​ស្រ៊ុន នេះ ហាក់ដូចជា​បាន​និយាយ​រៀបរាប់​អំពី​រឿងរ៉ាវ​ជីវិត និង​ក្រុមគ្រួសារ​របស់គាត់​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ៖

​ខ្ញុំ​ឈ្មោះ ចាន់ គីម​ស្រ៊ុន ហៅ សាង កើត​នៅ​នៅក្នុង​ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម​។ នៅក្នុង​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ សេក សាត មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។ យើង​មានកូន​ចំនួន​៣ នាក់ គឺ​ស្រី​២​នាក់ និង​ប្រុស ១​នាក់​។ ខ្ញុំ​និង​ប្តី​បាន​ចូលរួម​តស៊ូ​ជាមួយ​ខ្មែរក្រហម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ចាប់តាំងពី​មុនពេល​ដែល​របប​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​។ ដំបូង​ឡើយ យើង​រស់នៅ​ភ្នំពេញ​។ ក្រោយមក យើង​បាន​ផ្លាស់ប្តូរ​ទៅ​រស់នៅក្នុង​ខេត្តតាកែវ​វិញ​។ នៅ​ទីនោះ ខ្ញុំ​បានធ្វើ​សៀង​យ៉ាងច្រើន​ដើម្បី​ផ្គត់ផ្គង់​ដល់​កងទ័ព​ខ្មែរក្រហម​។ នៅក្នុង​ឆ្នាំ​១៩៧៥ របប​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ និង​បាន​ឡើងកាន់​កាប់​អំណាច​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។
​ពេលនោះ​ខ្ញុំ​ទទួលបាន​តួនាទី​ជា​ប្រធាន​រោងចក្រ​តម្បាញ​តំបន់​២៥​។ ចំណែកឯ​ប្តី​របស់ខ្ញុំ​ទទួលបាន​តំណែង​ជា​លេខា​តំបន់​២៥​។ ក្រោយមក យើង​បាន​ផ្លាស់ប្តូរ​ទៅ​រស់​នៅឯ​តាខ្មៅ​វិញ​។ ខ្ញុំ​ក៏បាន​បង្កើត​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់​។
​កូនប្រុស​របស់ខ្ញុំ​ដែល​ទើបតែ​កើត​នៅ​ដើមឆ្នាំ​១៩៧៨ មាន​អាយុ​៥​ខែ​។ កាលនោះ​គ្រួសារ​ខ្ញុំ បាន​ផ្លាស់​ចេញពី​ខេត្តតាកែវ ទៅ​រស់នៅ​តំបន់​២៥ ក្នុង​ក្រុង​តាខ្មៅ​ហើយ​។ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៨ យោធា​ខ្មែរក្រហម​បានមក​ហៅ​ខ្ញុំ​ចេញពី​មន្ទីរ​ដែល​ខ្ញុំ​រស់នៅ ដោយ​ខ្ញុំ​បាន​នាំ​ទាំង​កូនប្រុស​តូច​របស់ខ្ញុំ​ទៅជា​មួយ​ដែរ ព្រោះ​ខ្ញុំ​មិន​ចង់​បែក​ពី​វា​ទេ និង​មិន​ចង់​ឲ្យ​កូន​របស់ខ្ញុំ​ទៅ​អ្នកផ្សេង​មើលថែ​ដែរ​។ ចំណែក​កូនស្រី​ច្បង​របស់ខ្ញុំ​ឈ្មោះ សេក សាយ និង​កូនស្រី​បន្ទាប់​របស់ខ្ញុំ​ឈ្មោះ សេក ញឹក ហៅ ច្រិ​ប មិនបាន​ទៅជា​មួយ​ខ្ញុំ​ទេ​។ ពេលនោះ​កូនស្រី​ទាំងពីរ​របស់ខ្ញុំ​ធ្វើការ​នៅ​មន្ទីរ​កុមារ​។ ខ្ញុំ​មិនដឹងថា​យោធា​ខ្មែរក្រហម​នាំ​ខ្ញុំ​ទៅកាន់​ទីណា​ឡើយ​។
​ពេល​ខ្ញុំ​ទៅដល់​ឃើញ​កន្លែង​នោះ​មាន​របង​ស័ង្កសី​បាំង និង​មាន​លួស​បន្លា​ហ៊ុំព័ទ្ធ​ជាច្រើន​ជាន់​។ មាន​អ្នកយាម អ្នក​សួរ​ប្រវត្តិរូប និង​មាន​អ្នក​ថតរូប​ខ្ញុំ​។ ខ្ញុំ​ឃើញ​មនុស្ស​ជាច្រើន​នៅ​ទីនោះ​។ ប្ដី​របស់ខ្ញុំ​ប្រហែលជា​មិនបាន​ដឹងថា ខ្ញុំ​និង​កូនប្រុស​តូច​ត្រូវបាន​យោធា​បញ្ជូនមក​ទីនេះ​ទេ​។ ខ្ញុំ​ក៏​មិនដឹងថា​ខ្ញុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ​។ ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង​។ ខ្ញុំ​ត្រូវបាន​អ្នកយាម​ឃុំឃាំង និង​បានធ្វើ​ទារុណកម្ម​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​ដើម្បី​បង្ខំ​ឲ្យ​ខ្ញុំ​ឆ្លើយ​។ ខ្ញុំ​ប្រហែលជា​មិន​រស់​ទេ​។ ចំណែក​កូនប្រុស​តូច​របស់ខ្ញុំ​ត្រូវបាន​បំបែក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​។ កូនប្រុស​របស់ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​រហូត​ចាប់តាំងពី​វា​កើតមក​។ ខ្ញុំ​អាណិត​កូនប្រុស​របស់ខ្ញុំ​ខ្លាំងណាស់​។ ខ្ញុំ​ក៏​មិនដឹងថា​កូនប្រុស​របស់ខ្ញុំ​បាន​នរណា​មើលថែ​ទេ​។ កូនប្រុស​របស់ខ្ញុំ​មិន​ស៊ាំ​នឹង​អាកាសធាតុ​នៅ​ខាងក្រៅ​ឡើយ ហើយ​នៅ​មន្ទីរឃុំឃាំង​នេះ​មាន​ក្លិន​ឆ្អេះឆ្អាប​ដូច្នេះ​នឹងធ្វើ​ឲ្យ​កូន​របស់ខ្ញុំ​ឈឺ​មិន​ខាន​។ ខ្ញុំ​បាន​សួរ​ឆ្មាំ​គុក​ពី​ដំណឹង​កូន​របស់ខ្ញុំ ប៉ុន្តែ​ឆ្មាំ​គុក​មិនបាន​ប្រាប់​ទេ ហើយ​ថែមទាំង​សំឡុត និង​គំរាមកំហែង​ខ្ញុំ​ទៀត​។

​ខ្ញុំ​ខ្សោយកម្លាំង និង​ចុះ​ស្គម​ដោយសារ​ជំងឺ​ទាស់ ព្រោះ​ឆ្មាំ​គុក​បានធ្វើ​ទារុណកម្ម​ខ្ញុំ និង​មិន​ឲ្យ​អាហារ​ហូប​គ្រប់គ្រាន់​។ ខ្ញុំ​ប្រហែលជា​លែង​បានឃើញ​មុខ​កូនប្រុស​របស់ខ្ញុំ​ទៀតហើយ​។ ខ្ញុំ​ក៏​បារម្ភ​ខ្លាច​កូនប្រុស​របស់ខ្ញុំ​មិន​ស្គាល់មុខ​ឪពុក និង​បងស្រី​របស់​វា​។

កូនស្រី​ពីរ​នាក់​ដែល​បែក​គ្នា​
​នៅពេល​យោធា​បញ្ជូន​ខ្ញុំ​មក​ទីនេះ កូនស្រី​ច្បង​ពីរ​នាក់​ទៀត​របស់ខ្ញុំ​មិនបាន​ស្នាក់នៅ​ក្នុងផ្ទះ​នៅ​ក្រុង​តាខ្មៅ​ជាមួយ​ខ្ញុំ​ទេ​។ ពេលនោះ​កូនស្រី​ទីមួយ​ឈ្មោះ សេក សាយ មាន​អាយុ​ប្រហែល​១១​ឆ្នាំ ត្រូវបាន​យកទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​សំប៉ាន ដែលមាន​ទីតាំងនៅ​ខេត្តកណ្តាល​។ មន្ទីរពេទ្យ​សំប៉ាន ជា​កន្លែង​ផលិត​ថ្នាំពេទ្យ និង​ព្យាបាល​អ្នករបួស​ដាច់​ដៃ ដាច់​ជើង ដែល​ត្រូវបាន​បញ្ជូន​ពី​សមរភូមិ​ប្រយុទ្ធ​មក​ព្យាបាល​នៅ​ទីនោះ​។ ចាប់តាំងពី​កូន​របស់ខ្ញុំ សេក សាយ ធ្វើការ និង​ស្នាក់នៅ​មន្ទីរពេទ្យ​សំប៉ាន វា​មិនដែល​មានឱកាស​បានមក​លេង​ខ្ញុំ​ទេ​។ ចំណែកឯ កូនស្រី​ម្នាក់ទៀត​ឈ្មោះ សេក ញឹក ហៅ ច្រិ​ប ធ្វើការ​នៅ​កងកុមារ​។ កូនស្រី​ច្បង និង​កូនស្រី​ទី​២​របស់ខ្ញុំ ប្រហែលជា​មិនបាន​ដឹង​អំពី​ហេតុការណ៍​ដែល​យោធា​ខ្មែរក្រហម​ចាប់បញ្ជូន​ខ្ញុំ​មក​ឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១​ឡើយ​។ ខ្ញុំ​អាណិត និង​បារម្ភ​ពី​កូនស្រី​របស់ខ្ញុំ​ខ្លាំងណាស់ ព្រោះ​មិនដឹងថា​កូន​របស់ខ្ញុំ​នឹង​ស្វែងរក​ខ្ញុំ​ដល់​ទីណា ហើយ​ត្រូវ​ជួបប្រទះ​នូវ​រឿង​អ្វីខ្លះ​? បើទោះបី​ខ្ញុំ​ត្រូវ​អង្គការ​សម្លាប់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​កូនៗ​របស់ខ្ញុំ​ទទួលបាន​ដំណឹង​ពី​ខ្ញុំ​។​

​ខ្ញុំ​មិនអាច​ទប់ទឹក​ភ្នែក​បាន​ឡើយ នៅពេល​គិត​ទៅដល់​វាសនា​កូនស្រី​របស់ខ្ញុំ​ទាំងពីរ​នាក់​ទៀត​ដែល​នឹង​អាច​ត្រូវបាន​យោធា​ចាប់​បញ្ជូនមក​ឃុំឃាំង​ដូច​ខ្ញុំ និង​កូនប្រុស​តូច​របស់ខ្ញុំ​ដែរ​។ អង្គការ​ប្រាកដជា​មិន​លើកលែង​ឲ្យ​វា​ឡើយ សូម្បីតែ​កូនប្រុស​តូច​របស់ខ្ញុំ​ដែលមាន​អាយុ​ទើបតែ​៥​ខែ​ក៏ត្រូវ​អង្គការ​ចាត់ទុកថា​ខ្មាំង​ដែរ​។ ខ្ញុំ​និង​ប្តី​របស់ខ្ញុំ​ចូល​បដិវត្តន៍​ជាមួយ​ខ្មែរក្រហម​តាំង​ពីមុន​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បានដឹង​ពី​រឿង​ទាំងអស់នេះ​ច្បាស់​ណាស់ ប្រសិនបើ​ឪពុកម្តាយ​ត្រូវ​អង្គការ​ចោទថា​ជា​ខ្មាំង​ហើយ នោះ​កូន​ក៏​ត្រូវបាន​ចាត់ទុកថា​ខ្មាំង​ដូចគ្នា​ដែរ​។ ប្តី​របស់ខ្ញុំ​ក៏​ប្រហែលជា​ជាប់ទោស​ពីបទ​ក្បត់​បដិវត្តន៍​ដូច​ខ្ញុំ​ដែរ ហើយ​អង្គការ​នឹងមិន​លើកលែង​ឲ្យ​គាត់​ឡើយ​។ ក្រុមគ្រួសារ​របស់ខ្ញុំ​នឹងមិន​អាច​គេច​ផុតពី​ការ​តាម​ចាប់ខ្លួន​ឡើយ​។

​កូនស្រី​ច្បង និង​កូនស្រី​បន្ទាប់​របស់ខ្ញុំ​គឺជា​ក្មេង​ដែល​ពិបាក​ក្នុង​ការហូបចុក ហើយ​ថែមទាំង​ឧស្សាហ៍​ឈឺ​ញឹកញាប់​ទៀត​។ នៅពេល​កូន​របស់ខ្ញុំ​ឈឺ​ម្តងៗ ខ្ញុំ​តែងតែ​បញ្ជូន​ពួកគេ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ និង​មើលថែ​ពួកគេ​ដោយផ្ទាល់ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​លែងមាន​ឱកាស​បាន​មើលថែ​ពួកគេ​ទៀតហើយ​។ កូន​របស់ខ្ញុំ​ទាំងពីរ​នាក់​នឹង​ទៅជា​ក្មេង​កំព្រា និង​គ្មាន​ទីពឹងពាក់​ស្នាក់អាស្រ័យ​ឡើយ​។
​ចាប់ពី​ពេល​យោធា​ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​មក​មន្ទីរឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ខ្ញុំ​ពុំ​ត្រូវបាន​ដោះលែង​ឲ្យ​ដើរចេញ​ក្រៅ​ទេ​។ ខ្ញុំ​ត្រូវ​ទទួលរង​នូវ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​ជាប្រចាំ​។ ខ្ញុំ​មិន​សង្ឃឹមថា​ខ្ញុំ និង​កូនប្រុស​ដែល​យោធា​បញ្ជូនមក​ឃុំ​នៅ​គុក​នេះ​អាច​គេច​ផុតពី​សេចក្តីស្លាប់​ឡើយ​។ ខ្ញុំ​ក៏​នឹក​អាល័យ​ដល់​ប្តី និង​កូនស្រី​របស់ខ្ញុំ​ពីរ​នាក់​ទៀត ដែល​នឹងត្រូវ​ព្រាត់ប្រាស់​លែង​បានឃើញ​មុខ​របស់ខ្ញុំ​ជា​រៀងរហូត​។
​អង្គការ​នឹងមិន​លើកលែង​ឲ្យ​កូនស្រី​របស់ខ្ញុំ​ទាំងពីរ​នាក់​ឡើយ ទោះបីជា​ពួកវា​ធ្វើការ​នៅ​កន្លែង​ផ្សេង​ក៏ដោយ​។ ចំណែក​ប្តី​របស់ខ្ញុំ​ក៏​ប្រហែលជា​មិនអាច​គេចផុត​ពី​សេចក្តីស្លាប់​ដែរ ព្រោះ​កង​សួរចម្លើយ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ឆ្លើយ​ទម្លាក់កំហុស​លើ​គាត់ ទោះបី​គាត់​មិនបាន​ក្បត់​អង្គការ​បដិវត្តន៍​ក៏ដោយ​។ ខ្ញុំ​មិនបាន​ដឹង​ពី​រឿងរ៉ាវ និង​ការងារ​ជាប្រចាំ​ថ្ងៃ​របស់​ប្តី​ខ្ញុំ​ច្បាស់លាស់​ទេ ព្រោះ​យើង​ត្រូវ​លាក់​ការណ៍​សម្ងាត់​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិនអាច​ទ្រាំទ្រ​នឹង​ទារុណកម្ម​ដ៏​ធ្ងន់ធ្ងរ និង​សាហាវឃោរឃៅ​ពី​កង​សួរចម្លើយ ទើប​ខ្ញុំ​រៀបរាប់​ពី​សកម្មភាព ការងារ​របស់គាត់ និង​អ្នក​ផ្សេងទៀត​ដែល​ខ្ញុំ​ស្គាល់​ដែល​រឿងរ៉ាវ​របស់ខ្ញុំ​រៀបរាប់​ខ្លះ​មិនមែនជា​ការពិត​ឡើយ​។​

​ចាន់ គឹម​ស្រ៊ុន ប្រហែលជា​មិនបាន​ដឹងថា ប្តី​របស់គាត់​ត្រូវបាន​អង្គការ​ចាប់ខ្លួន​បញ្ជូន​មក​ឃុំឃាំង សួរចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ (​គុក​ទួលស្លែង​) ដូច​គាត់​ទេ​។

​ខាងក្រោម​នេះ គឺជា​កា​រៀបរាប់​របស់​ប្តី​គាត់​ប្រាប់​ទៅ​កង​សួរចម្លើយ ៖
​ខ្ញុំ​ឈ្មោះ សេក សាត ហៅ និ​ន ឈ្មោះ​បដិវត្តន៍​ហៅ ប្រាក់ នាទី​លេខា​តំបន់​២៥ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ខ្ញុំ​មាន​ប្រពន្ធ​ឈ្មោះ ចាន់ គឹម​ស្រ៊ុន ព្រមទាំង​មានកូន​បីនាក់​ស្រី​ពីរ​នាក់ និង​ប្រុស​ម្នាក់​។ មុន​អង្គការ​ចាប់បញ្ជូន​ខ្ញុំ​មក​មន្ទីរ​សន្តិសុខ​ស​-២១ (​គុក​ទួលស្លែង​) នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​បានធ្វើ​សកម្មភាព​ប្រឆាំងនឹង​បដិវត្តន៍​ជាច្រើន​ដូចខាងក្រោម ៖

សកម្មភាព​មុន​ឆ្នាំ​១៩៧០
​កាលពី​កុមារភាព​ខ្ញុំ​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៧​ក្នុង​សង្គមចាស់​។ ប្រាំពីរ​ខែក្រោយ​នៃ​ការ​ឈប់រៀន​របស់ខ្ញុំ មាន​អាចារ្យ​មា្ន​ក់​ឈ្មោះ ចាន់ សុខា ហៅ វ៉ា បាន​ទៅ​បង្រៀន​ភាសាបាលី​នៅ​ស្រុកកំណើត​របស់ខ្ញុំ​។ ពេលនោះ គាត់​បាន​ស្នើសុំ​ម្តាយ​ខ្ញុំ​យក​ខ្ញុំ​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ កាលនោះ គឺជា​ឆ្នាំ​១៩៦៤​។ ខ្ញុំ​បានមក​រៀន​នៅ​ភ្នំពេញ​ក្នុង​សាលា​ឯកជន​មួយ​មាន​ឈ្មោះថា វិទ្យាល័យ​តារា​វិជ្ជា​សាស្ត្រ ដោយ​ស្នាក់អាស្រ័យ​នៅ​វត្ត​មហាមន្ត្រី​ជាមួយ​តាអាចារ្យ ចាន់ សុខា ផ្ទាល់​។ អំឡុង​ពេលដែល​ខ្ញុំ​ស្នាក់នៅ​វត្ត ខ្ញុំ​តែងតែ​ទិញ​កាសែត​អាន​នៅក្នុង​កុ​ដ្ឋិ​ជា​ញឹកញាប់​។ ក្រៅពី​អាន​កាសែត​ខ្ញុំ​បាន​ចូលរួម​សា្ត​ប់​ការពិភាក្សា​អំពី​នយោបាយ​ដោយមាន​ព្រះសង្ឃ ពី​វត្ត​ស្រះចក វត្ត​លង្កា វត្ត​កោះ និង​វត្ត​កំសាន្ត ចូលរួម​។ លោក​បាន​លើកយក​រឿងរ៉ាវ​ទំនាស់​ក្នុងសង្គម​កម្ពុជា​មក​ពិភាក្សា​។ ក្រៅពីនេះ​ក៏​ជជែក​អំពី​លទ្ធិ​ក​ម្មុយ​នី​ស្ត និង​លទ្ធិ​លោក​សេរី ដែរ​។ តាមរយៈ​ការចូលរួម​ស្តាប់​របស់ខ្ញុំ បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ពន្លឺ​ខាង​នយោបាយ​មួយកម្រិត​ថែមទៀត​។ នៅ​ឆ្នាំ​១៩៦៥ អាចារ្យ ម៉ែន ស៊ុន អាចារ្យ ចាន់ សុខា និង សុខ ហេង បាន​ហៅ​ខ្ញុំ​មក​ប្រជុំ​។ ក្នុង​អង្គប្រជុំ ម៉ែន ស៊ុន បាន​និយាយ​អំពី​ចលនា​នៅ​ប្រទេស​កម្ពុជា គឺមាន​ចលនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចលនា​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​។ ចលនា​ទាំងបី​នេះ​មាន​ទិសដៅ​មាគ៌ា​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ពេលនេះ ម៉ែន ស៊ុន បាន​លើក​យកតែ​គណបក្ស​ប្រជាធិបតេយ្យ​មក​និយាយ​តែប៉ុណ្ណោះ​។ ពី​ឆ្នាំ​១៩៦៦ ដល់ ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម និង​បាន​ផ្លាស់​មក​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ពញាយ៉ាត​។ បួន​ខែ​ក្រោយមក​ខ្ញុំ​បាន​ជួប​សិស្ស​ថ្នាក់​ទី​៣​។ ការជួប​នេះ​ខ្ញុំ​បាន​លើកយក​ព្រឹត្តិការណ៍​បាតុកម្ម ដេញ លន់ នល់ ចេញពី​តំណែង​ទៅកាន់​សិស្ស​ទាំងនោះ​។ គោលបំណង​នៃ​ការនិយាយ​នេះ គឺ​ខ្ញុំ​ចង់ដឹងថា​តើ​មាន​សិស្ស​ណាខ្លះ​ដែល​បាន​ចូលរួម​ដើម្បី​ងាយស្រួល​បោសសម្អាត​។ ក្រោយមក អាចារ្យ ចាន់ សុខា បាន​ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ធ្វើការ​ជាមួយ ជា​។ ខ្ញុំ​បានធ្វើការ​ជាមួយ ជា អស់​រយៈពេល​មួយខែ​ទើប ជា ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់ តា​ម៉ាប់ ហៅ ឆ​យ​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​បានធ្វើការ​ជាមួយ ឆ​យ រហូតមក​។ មិនយូរប៉ុន្មាន ឆ​យ បាន​ហៅ​ខ្ញុំ និង ជា ទៅ​ប្រជុំ​ដើម្បី​ដាក់​ផែនការ​។ ផែនការ​នោះ​គឺ​រក​វិធី​បំផ្លាញ​កម្លាំង​បដិវត្តន៍​ដែល​បាច​ត្រាក់ និង​ឃោសនា​វាយប្រហារ​កុម្មុយនីស្ត វាយប្រហារ​ចលនា​តស៊ូ​បដិវត្តន៍ និង​វាយប្រហារ​ចលនា​ខ្មែរក្រហម​។ ក្រោយពី​ទទួលបាន​ផែនការ​រួចមក ខ្ញុំ​បាន​យក​ផែនការ​នោះ​ទៅ​អនុវត្ត​នៅក្នុង​សាលា​។ តាមរយៈ​ការឃោសនា​អប់រំ​នេះ ខ្ញុំ​អប់រំ​យុវជន និង​សិស្ស​បាន​ចំនួន​ពីរ​នាក់ គឺមាន​ឈ្មោះ សារឿន និង យ៉ាំ​។ រីឯ ជា ក៏​អប់រំ​សិស្ស​បាន​ចំនួន​ពីរ​នាក់​ដែរ គឺមាន​ឈ្មោះ នារី ហ៊ុន និង នារី លីវ​។​

​នៅ​ខែមករា ឆ្នាំ​១៩៦៨ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅខាង​កើត​ទន្លេបាសាក់​។ ពេលនោះ ឆ​យ បាន​នាំ​ខ្ញុំ​ទៅ​ច្បារអំពៅ​ដើម្បី​ឧទ្ទេសនាម​ឲ្យ សួន ហៅ សែង ស្គាល់ ដោយ​ណែនាំ​ថា នេះ​គឺជា​ខ្សែ សេ​.​អ៊ី​.​អា ដែរ សូម​ធ្វើការ​ជាមួយគ្នា​តទៅ​។ ក្រៅពីនេះ ឆ​យ បាន​ណែនាំ​ខ្ញុំ​ឲ្យ​រក​ដី​មួយកន្លែង​ខាងកើត​ទន្លេ​ពី​ស្អាង​ឆ្ពោះទៅ​កោះធំ​ដើម្បី​សាងសង់​ផ្ទះ​។ មួយខែ​ក្រោយមក ខ្ញុំ​បាន​សាង​សង់ផ្ទះ​ស្ថិតនៅ​ភូមិ​ព្រែកប្រា ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ​។ ក្រោយមក ឆ​យ បាន​លើក​ផែនការ​ឲ្យ​ខ្ញុំ និង សួន ធ្វើ​សកម្មភាព​ស្រាវជ្រាវ​រក​ស្នូល​បដិវត្តន៍​បង្កប់​នៅទីនេះ​។ ខ្ញុំ​បាន​ព្យាយាម​ឃោសនាអប់រំ​ប្រជាជន​ដើម្បី​ឲ្យ​ជឿជាក់​លើ​បដិវត្តន៍​។ រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​១៩៦៩ ខ្ញុំ​បានធ្វើ​ជីវទស្សន៍​ជូន​អង្គការ​។ ពេលមកដល់​ភ្នំពេញ​ខ្ញុំ​បាន​ចូល​ចំ​ផ្ទះ​នីរសារ​។ ពេលនោះ​ខ្មាំង​ក៏​ចាប់​ខ្ញុំ ហើយ​ឆែកឆេរ​ឃើញ​ឯកសារ​ជីវទស្សន៍ និង​បាន​សួរចម្លើយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនបាន​ឆ្លើយ​ប្រាប់​ទេ រហូត​ឈានដល់​ការធ្វើ​ទារុណកម្ម ហើយ​អូស​ខ្ញុំ​ចូល​បន្ទប់​ឃុំឃាំង​។ ក្រោយ​ឃុំឃាំង​ខ្ញុំ​ពីរ​ថ្ងៃ ខ្មាំង​បាន​សួរចម្លើយ​ខ្ញុំ​ម្តងទៀត ពេលនោះ​ខ្ញុំ​បាន​ឆ្លើយ​សារភាព​ជូន​ខ្មាំង​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ធ្លាប់ធ្វើ​កន្លងមក​។ ក្រៅពីនេះ ខ្ញុំ​ក៏បាន​សារភាព​អំពី​កម្លាំង​បដិវត្តន៍​ដែល​ខ្ញុំ​ស្គាល់​មានឈ្មោះ រ៉ា​ន់ សុក និង​នីរសារ ឆ​យ ជាដើម​។ ក្រោយ​សួរចម្លើយ​ចប់​ខ្ញុំ​បាន​ជួប សារឿន នៅក្នុង​គុក​។ កាលនោះ សារឿន បាន​ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ស្គាល់​អ្នក​ជាប់គុក​ទាំងអស់​សុទ្ធតែ​ខ្សែរយៈ​របស់ ឆ​យ និង​មាន​ភ្នាក់ងារ សេ​.​អ៊ី​.​អា មានឈ្មោះ កឹម ព្រីង ហៅ ផល នាទី​នីរសារ​នៅ​កងពល​៥០២​។ ថាច់ សុចិ​តរី ហៅ ប៉ែន វណ្ណា នាទី​នីរសារ​នៅ​កងពល​១១ និង​នារី ឡុង ម៉ា​មី​រិត ហៅ មាន​។ នៅ​អំឡុងពេល​ជាប់ឃុំ​ឃាំង​ខ្ញុំ និង សារឿន បានធ្វើ​សកម្មភាព​បំបែក​កម្លាំង​ជា​ពីរ​ផ្នែក ដោយ​មួយផ្នែក​តូច​គឺជា​កម្លាំង​របស់​នារី ឡុង ម៉ា​មី​រិត និង​មួយផ្នែកធំ​ធ្វើ​សកម្មភាព​បំបែក​កម្លាំង​បដិវត្តន៍​ដែល​ជាប់គុក​ឲ្យ​ទន់ខ្សោយ​។​

សកម្មភាព​ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៧៥
​មួយរយៈ​ក្រោយមក មាន​មេ​គិញ​ម្នាក់​ឈ្មោះ សួង សិទ្ធិ បាន​សួរ​ខ្ញុំ​ថា តើ​ចង់​ចេញពី​គុក​ដែរឬទេ​? ខ្ញុំ​ឆ្លើយថា​ចង់​។ សួង សិទ្ធិ បាន​សួរ​ទៀតថា ប្រសិនបើ​ចង់​រួចខ្លួន​គឺ​ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​រក​កម្លាំង​ខ្មែរក្រហម​ដែល​ធ្វើ​សកម្មភាព​នៅ​កន្លែង​ណា គឺ​ត្រូវ​រាយការណ៍​ប្រាប់​គាត់​។ ប្រាំពីរ​ខែក្រោយ​មក​ខ្ញុំ​ត្រូវបាន​បញ្ជូនបន្ត​មក​គុក​ព្រៃ​ស​។ ខ្ញុំ​ជាប់​ឃុំឃាំង​នៅ​គុក​ព្រៃ​ស​អស់​រយៈពេល​បួន​ខែ ទើប​ខ្មាំង​បាន​ដោះលែង​ខ្ញុំ​ក្រោយពេល​រដ្ឋប្រហារ​រួច​។ នៅ​ខែឧសភា ឆ្នាំ​១៩៧០ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មក​នៅ​ព្រែកប្រា និង​តំបន់​២៥​។ នៅ​អំឡុង​ពេលនោះ ឆ​យ បាន​ណែនាំ​ខ្ញុំ​ថា ត្រូវ​រៀបចំ​មូលដ្ឋាន​នៅ​ព្រែកប្រា​ឲ្យ​ទៅជា​បង្អែក​របស់​យើង​។ ក្រៅពីនេះ ព្យាយាម​កសាង​កម្លាំង​យុវជន យុវនារី​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ជូនទៅ​បង្កប់​ក្នុង​ជួរ​បដិវត្តន៍ ហើយ​ត្រូវធ្វើ​សកម្មភាព​ឲ្យ​បានយូរ​អង្វែង​តទៅទៀត​។ ក្រោយ​ការជួបគ្នា​រយៈពេល​ដប់​ថ្ងៃ ឆ​យ បាន​ទៅ​ព្រែកប្រា ដើម្បី​ប្រជុំ​ដាក់​ផែនការ​ដូចតទៅ ៖ ទី​១) រៀបចំ​កម្លាំង សេ​.​អ៊ី​.​អា ឲ្យ​បាន​គ្រប់កន្លែង​ក្នុងស្រុក​កៀនស្វាយ ទី​២) ត្រូវ​ទប់ទល់​កម្លាំង​ប្រជាជន និង​បំបែក​កម្លាំង​ប្រជាជន​កុំ​ឲ្យ​ទៅខាង​បដិវត្តន៍ ឬ​ជឿជាក់​ទៅលើ​បដិវត្តន៍​ឲ្យ​សោះ គឺ​ត្រូវ​រក​វិធី​ឃោសនាអប់រំ​រារាំង​គ្រប់បែបយ៉ាង​។ ប្រហែល​មួយខែ​ក្រោយមក ឆ​យ បានធ្វើ​ដំណើរ​ចុះ​តាម​តំបន់​រំដោះ​ស្អាង កោះធំ ហើយ​បាន​ឆ្លៀត​ចូល​ប្រាប់​ខ្ញុំ​ថា កងកម្លាំង​ដែល​ធ្វើដំណើរ​កាត់​តាម​នេះ​មាន​ពីរ​ផ្នែក មួយផ្នែក​គឺជា​កងកម្លាំង​របស់​ប​ក្ស រីឯ​មួយផ្នែក​ទៀត​គឺជា​កម្លាំង​របស់​យើង​។ ក្រោយពី​ទទួលបាន​ផែនការ​រួចមក ខ្ញុំ​បាន​យកមកអនុវត្ត​ដោយ​រៀបចំ​កម្លាំង​ឈរជើង​នៅ​កៀនស្វាយ និង​បញ្ជូនទៅ​ខាងក្រោម​ជា​ហូរហែរ​។ ក្រៅពីនេះ​ខ្ញុំ​ចេញទៅ​ធ្វើ​សកម្មភាព​ឃោសនាអប់រំ​ប្រជាជន​ដោយនិយាយ​វាយប្រហារ​បំបែក​កម្លាំង​រណសិរ្សរ​បស់​បក្ស​។
​នៅ​ខែកញ្ញា ឆ្នាំ​១៩៧០ ដោយ​ស្ថានការណ៍​មិន​អនុគ្រោះ​នៅ​ខាង​ព្រែកប្រា ខ្ញុំ​ក៏​សម្រេចចិត្ត​ចុះទៅ​តំបន់​រំដោះ​។ ពេលនោះ ឆ​យ បានប្រគល់​ភារកិច្ច​ឲ្យ​ខ្ញុំ​ធ្វើជា​សមាជិក​នគរបាល​តំបន់​២៥​។ ឆ​យ បានបញ្ជាក់​អំពី​បញ្ហា​ខ្លះៗ​ថា សភាព​ការ​ផ្ទៃក្នុង​មិន​ឯកភាពគ្នា​នោះទេ ព្រោះ​ក្នុងនោះ​មាន កែវ សំផន ធ្វើជា​ទីប្រឹក្សា​។ ចំពោះ​បក្ខពួក​របស់ សុខ ប៊ុត​ចំរើន ក៏ត្រូវ​គ្នា​ជាមួយ​យួន​ខ្លាំងណាស់​ដោយ​ពួកនេះ​ចង់បាន​អំណាច​រៀងៗ​ខ្លួន​។ ដូច្នេះ​ពេល​ចុះ​ធ្វើការ​គឺ​ត្រូវ​ក្តាប់​មហាជន និង​ត្រូវ​ចេះ​ធ្វើការ​វាយប្រហារ​គ្រប់​វិធី​។ បន្ទាប់ពី​ខ្ញុំ​ធ្វើការ​បាន​ប្រាំពីរ​ថ្ងៃ ក៏មាន​ព្រឹត្តិការណ៍​យួន​បាញ់សម្លាប់ កែវ សំផន​។ លើសពីនេះ​ទៀត សុខ និង ចំរើន ក៏បាន​ចាប់​បង សម្បត្តិ យកទៅ​សម្លាប់ និង​បាន​ចាប់ ឆ​យ យកទៅ​ឃុំឃាំង​នៅ​ព្រៃ​ល្វា​។ រីឯ​នីរសារ​បស់ ឆ​យ ឈ្មោះ ណារិន និង ខែម ត្រូវបាន​ចាប់​ឃុំឃាំង​នៅ​ស្រុក​កោះធំ​។ ក្រោយមក​ក៏បាន​ចាប់​សម​មិត្ត លី និង​ខ្ញុំ​ឃុំឃាំង​ទៀត​។ មិនយូរប៉ុន្មាន​បង ឌុ​ច (​តំណាង​បក្ស​នៅ​ស​-២១) និង​មហាជន​បានធ្វើ​ការតវ៉ា​ទើប​ព្រម​ដោះលែង​ខ្ញុំ និង​សម​មិត្ត លី វិញ​។ តម​កទៀត សុខ បានប្រគល់​ភារកិច្ច​ឲ្យ​ខ្ញុំ​ធ្វើការ​នៅ​រោង​ពុម្ព​មួយកន្លែង​។ ពេលនោះ​ខ្ញុំ​បាន​បំផុស​ឲ្យ​មហាជន​បំផ្លាញ​ក្រដាស បំផ្លាញ​ទឹក​ថ្នាំ និង​សម្ភារ​នៅក្នុង​រោង​ពុម្ព​ជាច្រើន​។ នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ទៅ​ភូមិភាគ​និរតី​ហើយ​អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ដឹក​នាំនៅ​តំបន់​៣៣​។ នៅពេលដែល​ខ្ញុំ​ទៅដល់​ព្រៃ​ល្វា​បាន​រយៈពេល​ប្រាំពីរ​ថ្ងៃ ទើប​ខ្ញុំ​បាន​ជួប​ជាមួយ ឆ​យ នៅក្នុង​ផ្ទះ​ប្រជាជន ហើយ ឆ​យ ក៏បាន​សួរ​ខ្ញុំ​អំពី​សភាពការណ៍​នៅ​តំបន់​២៥ ថា​តើ​យ៉ាងដូចម្តេច​ដែរ​។ ខ្ញុំ​បាន​រាយការណ៍​ពី​សកម្មភាព​ជាក់ស្តែង​ជូន ឆ​យ រហូតដល់​ចប់​។ ក្រោយមក ឆ​យ បាន​ហៅ​ខ្ញុំ​ដើម្បី​ឧទ្ទេសនាម​ឲ្យ​ស្គាល់​ខ្សែរយៈ សេ​.​អ៊ី​.​អា ដែល​មកពី​តំបន់​២៥ បន្ថែមទៀត​មានឈ្មោះ ដោក​, ប៉ូឡូញ ហៅ សាត​, ហឹម រ៉េត ហៅ សានិ​ត​, វុ​ធ​ធី ហៅ ម៉េង និង​នារី ឡុង សុផល​។ ក្រោយពី​ឧទ្ទេសនាម​រួចមក ឆ​យ បានចាប់ផ្តើម​បើក​វគ្គ​រៀនសូត្រ​ដោយមាន​អ្នកចូលរួម​មានឈ្មោះ ប៉េង គ្រី មកពី​វប្បធម៌​តំបន់​៣៣ តា​ភន គណៈ​ស្រុក​៥៥ ព្រមទាំង​មាន​នីរសារ​ពីរ​នាក់​ផ្សេងទៀត​។ រីឯ​ខ្ញុំ​បាន​នាំ​បងប្អូន​មកដល់​ផ្លូវ​លេខ​៣ ពេលនោះ ម៉ែន ស៊ុន ប្រធាន​រណសិរ្ស​ស្រុក​សំរោង​បាន​ចេញមក​ទទួល​ខ្ញុំ​ហើយ​រៀបចំ​កន្លែង​ឲ្យ​សម្រាក​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ អុន និង ឆ​យ បាន​ជិះ​ម៉ូតូ​មកជួប​ខ្ញុំ​ដើម្បី​ប្រាប់​ឲ្យ​នារីៗ​ទៅ​សម្រាក​នៅ​មន្ទីរ​តំបន់​វិញ​។ លើសពីនេះ​ទៀត ឆ​យ បាន​ប្រាប់ថា អង្គការ​នឹង​ប្រគល់​អាវុធ និង​កងទ័ព​ផងដែរ​។ មិនយូរប៉ុន្មាន អុន និង ឌុ​ច បានធ្វើ​ដំណើរ​មកជួប​ខ្ញុំ​ដើម្បី​សួរថា​តើ​កម្លាំង​សរុប​មាន​ប៉ុន្មាន ជាពិសេស​កម្លាំង សេ​.​អ៊ី​.​អា​។ ពេលនោះ ខ្ញុំ​ក៏បាន​រាយ​ឈ្មោះ​ជូន អុន និង ឌុ​ច ដូចតទៅ ៖ គឺមាន​ឈ្មោះ ដោក​, វុ​ធ​ធី​, គឹម​, សានិ​ត​, ប៉ូឡូញ​, ជឿន​, ស៊ុយ​, នារី សយ​, នារី មា​យ​, នារី ឡុង សុផល​, នារី ត្រប់ និង​ខ្ញុំ​។​

​រហូតដល់​ឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទទួល​តួនាទី​ជា​ស្នងការ​វរ​សេនា​តូច​លេខ​១៩ ក្នុង​តំបន់​៣៣​។ នៅក្នុង​វរ​សេនា​តូច​នេះ មាន​គណៈ​មេបញ្ជាការ​បីនាក់​មានឈ្មោះ វុទ្ធី​, ម៉ុ​ន និង ខ្ញុំ​។ បន្ទាប់មក អុន បាន​ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ស្គាល់​ខ្សែរយៈ សេ​.​អ៊ី​.​អា នៅ​កង​វរៈ​ផ្សេងទៀត​គឺមាន​ឈ្មោះ ហម បញ្ជាការ​វរ​សេនា​១១ តំបន់​៣៣ សយ អនុ​បញ្ជាការ​វរៈ​១១ ក្រោយ​វរៈ​៣៣០ និរតី អួ​ង អនុ​សេនា​ធំ ក្នុង​វរៈ​១១ ក្រោយ​អនុ​វរៈ​៣៣០ ទូច ស្នងការ​វរៈ ១៧ តំបន់​៣៣ និង កឿ​ន ស្នងការ​វរៈ​១៥ តំបន់​៣៣​។ នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧២ តា​ស៊ី បាន​បញ្ជូន ហ៊ូ យន់ ទៅធ្វើ​ប្រធាន​នៅ​តំបន់​៣៣​វិញ​។ លុះដល់​យប់​ឡើង តា​ស៊ី បាន​ប្រជុំ​សំណេះសំណាល​ជាមួយ អុន​, ឌុ​ច​, ឃឹម​, នារី ជឹម និង ខ្ញុំ​។ ក្នុង​ការប្រជុំ​សំណេះសំណាល​នេះ តា​ស៊ី បាន​លើក​ពី​បញ្ហា​របស់​បក្ស​ពីរ​គឺមាន​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​បក្ស​ពលករ​កម្ពុជា​។ នៅ​ចុងឆ្នាំ​១៩៧២ អង្គការ​បាន​ណែនាំ​ឲ្យ​វាយ​សម្រុកចូល​តំបន់​ខ្មាំង​គ្រប់​ទីកន្លែង ប៉ុន្តែ​ខ្ញុំ​បាន​លើក​នូវ​មតិ​ថា យើង​គួរ​វាយ​ខ្មាំង​ល្មមៗ​បាន​ហើយ ព្រោះ​ការ​វាយ​សម្រុក​ពី​ឥឡូវ​ក៏​មិនអាច​ឈ្នះ​ខ្មាំង​បានដែរ​។ ម្យ៉ាងទៀត ទាហាន លន់ នល់ មាន​សុទ្ធតែ​យន្តហោះ រថក្រោះ កាំភ្លើង​តូចធំ​គ្រប់​ធុន​។ ដល់​ឆ្នាំ​១៩៧៣ ខ្ញុំ​ទទួលបាន​មុខងារ​ជា​ស្នងការ​វរ​សេនា​តូច​១៣៤ ភូមិភាគ​និរតី​។ ក្រោយមក ខ្ញុំ​បាន​ហៅ​ក្រុម​ខ្ញុំ​មក​ប្រជុំ​ដើម្បី​ដាក់​ផែនការ​រុករាន​ខ្មាំង​កាន់តែខ្លាំង​ឡើង​រួមទាំង​រដូវប្រាំង និង​វស្សា​។ រាល់​ផែនការ​របស់​បដិវត្ត​ន៍​ទាំងអស់​យើង​ត្រូវតែ​បំផ្លាញចោល​។ ក្នុង​អង្គប្រជុំ​បានកំណត់​ឲ្យ តា​សៀង និង សំអាត ទៅទាក់ទង​ពូ មឿ​ន នៅ​ភូមិ​ស្នំ​ក្រពើ ឃុំ​ស្នំ​ក្រពើ តំបន់​៣៣ ព្រោះ​ពូ មឿ​ន គឺជា​អ្នក​ធ្លាប់​ចេញចូល​នៅ​ត្រាំខ្នា ដើម្បី​ងាយស្រួល​ទាក់ទង​សក្តិ​បី ខូ​យ នៅ​បន្ទាយ​ត្រាំខ្នា​នេះ​។ ចំពោះ​ការទាក់ទង​នេះ គឺ​បាន​រាយការណ៍​ឲ្យ ខូ​យ ចំនួន​បី​លើក​ដោយ​លើកទីមួយ​រាយការណ៍​អំពី​ការ​រាតត្បាត​កម្លាំង​មក​តំបន់​រំដោះ​។ លើក​ទី​ពីរ​រាយការណ៍​ពី​កម្លាំង​ដែល​ចុះ​តាមផ្លូវ​លេខ​៣ ទៅ​ក្បាលថ្នល់​វត្ត​ប្រាសាទ​។ និង​លើក​ទី​បី​រាយការណ៍​កម្លាំង​ដែល​ចុះ​ចន្លោះ​ពី​ផ្លូវ​លេខ​២ និង​លេខ​៣ ដើម្បី​អុកឡុក​កងកម្លាំង​ខាងកើត​ត្រាំខ្នា​។ សកម្មភាព​មួយទៀត​នៅពេលដែល​ខ្ញុំ​ទៅដល់​ភូមិភាគ ខ្ញុំ​បាន​បំផុស​ឲ្យ​កម្មាភិបាល និង​យុទ្ធ​ជ​នៅ​កង​១៣៤ ទាស់ទែង​ជាមួយ​កង​១៤០ ដែលជា​កង​ភូមិភាគ​ចាស់​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ឲ្យ​កងទ័ព​មិនអាច​សហការគ្នា​បាន​រឹងមាំ និង​កុំ​ឲ្យ​ជឿទុកចិត្ត​គ្នា​។ ក្រោយមក អង្គការ​លើក​ទិស​រំដោះ​ផ្លូវ​លេខ​២ ពេលនោះ​ខ្ញុំ​បាន​សួរ​សម​មិត្ត ម៉ុ​ន និង ភឿន ថា​តើ​យើង​គួរ​រក​វិធី​បំផ្លាញ​ផែនការ​នេះ​យ៉ាងដូចម្តេច​ដែរ​? ទោះជា​យ៉ាងណា អង្គការ​បានកំណត់​រួចហើយ​ថា​ត្រូវ​បំផ្លាញ​គ្រប់​វិធី​។ អង្គការ​បាន​ចាត់តាំង​កងពល​ខ្ញុំ​មក​ទប់​ជំនួយ និង​តាមដាន​ស្តាប់​វិទ្យុ​ដើម្បី​រាយការណ៍​។ ខ្ញុំ​បាន​រាយការណ៍​ថា ឥឡូវ​ខ្មាំង​ពង្រីក​មុខ​បាន​ចំនួន​៤​ម៉ែត្រ​ហើយ ប៉ុន្តែ​យើង​ត្រូវមាន​កម្លាំង​ជំនួយ​បន្ថែម​ប្រសិនបើ​មិន​ដូច្នេះ​ទេ​កម្លាំង​កងពល​ខ្ញុំ​មិនអាច​ទប់ទល់​បានឡើយ​។ គណៈបញ្ជាការ​សមរភូមិ​ឮដូចនេះ​ក៏​ប្រញាប់​ដកទ័ព​ចេញ​វិញ​។ ពេល​កងពល​ខ្ញុំ​ដក​ចេញទៅ​ខ្មាំង​បាន​វាយ​សម្រុក​ចូលដល់​ផ្លូវ​លេខ​២ ទើប​កងពល​យើង​ហ៊ំ​ព័ទ្ធ​ចាប់បាន​ទាំងអស់​។ រីឯ​កងពល​ទី​៧ ចេញពី​ថ្នល់​លេខ​២ ពេលនោះ អុន បាន​ស្កាត់​មកជួប​ខ្ញុំ​ដើម្បី​រាយការណ៍​អំពី​ទុក្ខលំបាក​របស់​បដិវត្ត​ន៍ ព្រោះ​សកលលោក​លែង​ឧបត្ថម្ភ ដោយ​គេ​ងាក​ទៅខាង​ចរចា​។ ពេលនោះ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​កាន់តែខ្លាំង​ឡើង​ដើម្បី​បង្ខំ​ឲ្យ​បដិវត្តន៍​ចរចា​។ ដូច្នេះ ឈរលើ​សកម្មភាព​នេះ​យើង​ត្រូវធ្វើ​សកម្មភាព​អូសទាញ​ជា​បុគ្គល​ក្តី អូសទាញ​ជា​អង្គភាព​ក្តី​ជាពិសេស​អូសទាញ​កុំ​ឲ្យ​បដិវត្តន៍​ទៅ​សមរភូមិ​មុខ​ទៀត​។ ក្រៅពីនេះ បំភ័យ​អំពី​រឿង​យន្តហោះ​បេ​៥២ និង​អេស​១១១​។ សរុបសេចក្តី​មក គឺ​ធ្វើ​សន្តិ​សម្ព័ន្ធ​ដើម្បី​ផ្តួល​គោលជំហរ​កងទ័ព​បដិវត្តន៍​។​

​ក្រោយ​ទទួល​ផែនការ​នេះហើយ​ខ្ញុំ​បាន​យកទៅ​ផ្សាយ​ឲ្យ​សម​មិត្ត ម៉ុ​ន​, ភឿន​, តា​សៀង និង រ៉ា​ណាក់ ដើម្បី​អនុវត្ត​ឲ្យ​បាន​ទាន់ពេលវេលា​។ ខ្ញុំ​ខំ​រក​គ្រប់​វិធី​ធ្វើយ៉ាងណា​អូសទាញ​យុទ្ធជន និង​កម្មាភិបាល​ឲ្យ​ងាក​ទៅខាង​ចរចា​។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៣ អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ទទួល​ស្នងការ​វរ​សេនា​ធំ​លេខ​១២ ដោយ​នៅក្នុង​កង​នេះ​មាន​៤​វរ​សេនា​តូច គឺមាន​កងពល​៣៤០, ៣៥០, ៤០១, និង ៤០៥​។ ក្រោយមក​ខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយ​កង​នីមួយៗ​ថា នៅពេល​ធ្វើ​សកម្មភាព​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​កង​៤០៥ ចាប់​ចំណុចខ្សោយ​បាន​ឲ្យ​សោះ ប្រសិនបើ​កង​នេះ​ចាប់​ចំណុចខ្សោយ​បាន​ច្បាស់​ជា​បែកការ​ហើយ​។ មួយខែ​ក្រោយមក អង្គការ​បាន​ចាត់តាំង​ឲ្យ​អង្គភាព​ខ្ញុំ​វាយ​សម្រុកចូល​សមរភូមិ​តាមផ្លូវ​លេខ​៤​។ ពេលនោះ​ខ្ញុំ​បាន​ប្រាប់​ទៅ​កងពល​៣៥០​ថា ប្រសិនបើ​មាន​ខ្មាំង​វាយ​សម្រុកចូល​ទោះបី​ថ្មើរជើង​ក្តី ឬ​រថក្រោះ​ក្តី​មិត្ត​ត្រូវ​បំផុស​ឲ្យ​យុទ្ធជន​ដក​ចោល​ខ្សែត្រៀម ដើម្បី​រំខាន​ផែនការ​រំដោះ​ផ្លូវ​លេខ​៤​។ រហូតដល់​ខែមករា ឆ្នាំ​១៩៧៤ អង្គការ​បាន​បើក​សមរភូមិ​ភ្នំពេញ ពេលនោះ​ខ្ញុំ​បាន​ប្រជុំ​ជាមួយ សម​មិត្ត ម៉ុ​ន​, ភឿន​, សំអាត​, សឿន​, ធី និង ភួ​ន​។ ខ្ញុំ​បាន​រាយការណ៍​អំពី​ផែនការ​របស់​បក្ស​គឺ​រំដោះ​ភ្នំពេញ​។ ដូច្នេះ​វា​គឺជា​ផែន​ការដែល​យើង​ត្រូវ​បំផ្លាញ​ចំពោះ​ការរំដោះ​ភ្នំពេញ ដោយ​កង​នីមួយៗ​ត្រូវ​ម្ចាស់ការ​ប្រសិនបើ​ខ្មាំង​វាយ​សម្រុកចូល​យើង​ត្រូវ​បំផុស​ឲ្យ​យុទ្ធជន និង​កម្មាភិបាល​ដក និង​រត់​ចូល​ខ្សែត្រៀម​។ នៅពេល​វាយ​ខ្មាំង​ខ្ញុំ​តែងតែ​ធ្វើការ​រាយការណ៍​តាម​វិទ្យុ​ជា​ញឹកញាប់​ជូន​គណៈបញ្ជាការ​សមរ​ភូមិ​។ បំណង​នៃ​ការរាយការណ៍​នេះ ដើម្បី​ឲ្យ​ខ្មាំង​ចាប់​ចំណុចខ្សោយ​បាន ហើយ​កងទ័ព​ក៏បាន​ដកថយ​ជា​ហូរហែ​។ សកម្មភាព​មួយទៀត​អង្គភាព​របស់ខ្ញុំ​បាន​បំផុស​ឲ្យ​យុទ្ធជន​មិន​ចូល​ខ្សែត្រៀម​ជាច្រើន ដោយ​បំផុស​ថា​មិត្ត​ណា​មិន​ស្រួលខ្លួន​អាច​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​។ កាលនោះ កងកម្លាំង​មួយ​វរ​សេនា​ធំ​របស់ខ្ញុំ​បាន​បំផុស​ឲ្យ​យុទ្ធជន​ចូលទៅ​ដេកពេទ្យ​ជិត​២០០​នាក់​។ ក្រោយមក ខ្ញុំ​បាន​ចេញពី​សមរភូមិ​ភ្នំពេញ​ដោយ​អង្គការ​បាន​លើក​ទិស​ទៅ​វាយ​រំដោះ​ទីក្រុង​កំពត​។ ខណៈនោះ ខ្ញុំ​បាន​ហៅ​សម​មិត្ត ម៉ុ​ន​, ភឿន​, សឿន និង សំអាត មក​ប្រជុំ​ដាក់​ផែនការ​ដើម្បី​បំផ្លាញ​គម្រោង​រំដោះ​ក្រុង​កំពត​។ សកម្មភាព​នោះ​គឺ​វាយ​ទីតាំង​ខ្មាំង​នៅ​ចំពោះមុខ​កុំ​ឲ្យ​សម្រេចបាន​ឲ្យ​សោះ គឺ​យើង​ត្រូវ​បន្លំ​ធ្វើជា​បាញ់​ឆាវៗ​ឲ្យ​ឮសូរ​ស្នូរ​កាំភ្លើង ប៉ុន្តែ​កុំ​ឲ្យ​ចំ​ទីតាំង​ខ្មាំង​។ ក្រៅពីនេះ​មិន​ឲ្យ​លើក​ខ្សែត្រៀម​ទៅមុខ​ឡើយ​។ មិនតែប៉ុណ្ណោះ ក៏បាន​បំផ្លាញ​គ្រាប់រំសេវ​ជាច្រើន​ដោយ​បាញ់​ពាសវាល​ពាសកាល និង​បំផុស​ឲ្យ​រត់ចោល​សមរ​ភ​មិ​ទៀតផង​។ នៅពេល​វាយ​ចូល​សមរភូមិ​កំពត ខ្ញុំ​បាន​ជួប​ជាមួយ អុន ព្រោះ​អង្គ​ការហៅ​គាត់​មកជួប​។ ពេល​ជួប​ខ្ញុំ អុន សួរ​ខ្ញុំ​ថា​តើ​សម្រេច​ឬទេ​ចំពោះ​សមរភូមិ​កំពត​នេះ​? ខ្ញុំ​បាន​ឆ្លើយថា​ទៅ​មិន​រួច​ទេ​ព្រោះ​មុខសញ្ញា​ផែនការ​រំដោះ​នៅ​ឆ្ងាយ​ខ្លាំងណាស់​។ អុន បានបញ្ជាក់​ប្រាប់​ខ្ញុំ​ថា ឥឡូវ​ធ្វើយ៉ាងណា​កុំ​ឲ្យ​សម្រេច​។ បន្ទាប់មក អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ចាក​ចេញពី​សមរភូមិ​កំពត ផ្លាស់​ទៅ​ឈរជើង​នៅ​វាលរេញ និង​កោះកុង​។ ពេលនោះ​ខ្ញុំ​បាន​ហៅ​សម​មិត្ត ម៉ុ​ន​, ភឿន​, ភួ​ន​, សំអាត​, គ្រ​ន​, រ៉ា​ណាក់ និង សៀង មក​ប្រជុំ​ដើម្បី​ជ្រើសរើស​កម្លាំង​ដាក់​ផែនការ​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​។ រហូតដល់​ខែកក្កដា ក្នុង​ឆ្នាំ​ដដែល​អង្គការ​បាន​ឲ្យ​ខ្ញុំ​ចេញពី​កោះកុង​វិញ​។ មួយខែ​ក្រោយមក ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើជា​អនុ​លេខា​តំបន់​៣៣ ដោយ​ទទួល​ភារកិច្ច​ដាច់ដោយឡែក​គឺ​ខាង​យោធា​។ ពេល​ខ្ញុំ​មកដល់​តំបន់​៣៣ ខ្ញុំ​បាន​ឆ្លៀត​ចូល​ប្រាប់​សម​មិត្ត ម៉ុ​ន ថា​យើង​នឹង​បន្ត​ការទាក់ទង​គ្នា​ដដែល​។ នៅ​ខែធ្នូ ឆ្នាំ​១៩៧៤ ពេល​ទទួលបាន​ផែនការ​ពី​បក្ស​ថា​រំដោះ​ភ្នំពេញ និង​រំដោះប្រទេស​កម្ពុជា​ទាំងស្រុង​ក្នុង​ឆ្នាំ​១៩៧៥​ខាងមុខនេះ ខ្ញុំ​ក៏បាន​ហៅ ចិត្ត​, បូ​, ឈាន​, ឆេង​, ផាត​, សុ​ផែ និង​នារី វ៉េង មក​ប្រជុំ​ដើម្បី​ដាក់​ផែនការ​តទៅទៀត​។​

សកម្មភាព​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ រហូតដល់​ចាប់ខ្លួន​
​បន្ទាប់ពី​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​លើ​កងកម្លាំង​សាធារណរដ្ឋ​ខ្មែរ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ពេលនោះ​កងកម្លាំង​របស់​នារី វ៉េង និង​កងកម្លាំង​របស់ ផាត បានធ្វើ​សកម្មភាព​ដុត​ផ្ទះ​ប្រជាជន​អស់​៣០​ខ្នង និង​បាន​បំផ្លាញ​សម្ភារ​ជ័យ​ភណ្ឌ​ជាច្រើន​ផ្សេងទៀត​។ នៅមុន​ពេល​រៀបចំ​រំដោះ​អង្គការ​បាន​ណែនាំ​រួចហើយ​ថា ចំពោះ​សម្ភារ​ជ័យ​ភណ្ឌ​ដែល​ប្រមូល​ពី ភ្នំពេញ​ទាំងអស់ អ្នក​រាល់គ្នា​ហាម​ប៉ះពាល់​ឲ្យ​សោះ​គឺ​ទុក​ឲ្យ​អង្គការ​ជា​អ្នកចាត់ចែង និង​ដោះស្រាយ​ជូន​។ ពេលនោះ​ខ្ញុំ​បាន​ប្រាប់​នីរសារ​ថា នាពេល​ឥឡូវនេះ​ឆាប់​ទៅ​ជញ្ជូន​ឡាន ថ្នាំពេទ្យ និង​សម្ភារ​ផ្សេងទៀត​ដែល​ដឹក​មកពី​ភ្នំពេញ​ត្រូវ​យកមក​រក្សាទុក​ក្នុង​តំបន់​យើង​ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃ​ខាងមុខ​។ ក្រោយ​រំដោះ​បាន​កន្លះ​ខែ​រួចមក អង្គការ​ចាប់ផ្តើម​លើក​ផែនការ​បោសសម្អាត​ពួក​បណ្តា​សក្តិភូមិ​។ ក្នុងពេល​នោះដែរ ខ្ញុំ​បានលើកឡើង​ក្នុង​អង្គប្រជុំ​គណៈ​ស្រុក​ថា តើ​យើង​មាន​កម្លាំង​ឯណា​គ្រប់គ្រាន់​ដើម្បី​បោសសម្អាត​ពួក​សក្តិភូមិ​ទាំងនេះ លុះត្រាតែ​មានការ​ជ្រំ​ជ្រែង​ពី​កម្លាំង​មូលដ្ឋាន​ជួយ​ទើប​អាច​សម្រេចបាន​។ ពេលនោះ​កម្លាំង​មូលដ្ឋាន​មួយចំនួន​បានធ្វើ​សកម្មភាព​ពាសវាល​ពាស​កាល​បណ្តាល​ឲ្យ​ប្រជាជនមាន​ការភ្ញាក់ផ្អើល​រហូតដល់​រត់ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជា​ហូរហែ​។ រីឯ​ខ្ញុំ​បាន​ទៅ​ព្រៃ​ល្វា​ជាមួយ​បង ចុង ហើយក៏​បាន​ជួប សួង និង សិទ្ធិ ដែល​ស្នាក់នៅ​ផ្សារ​ខាងលិច​ព្រៃ​ល្វា​។ ក្រោយមក​ខ្ញុំ និង​បង ចុង ក៏បាន​បន្តដំណើរ​ឆ្ពោះទៅ​មន្ទីរ​ស្រុក​៥៥​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ហម អនុ​លេខា​ស្រុក​៥៥ បាន​មកជួប​ខ្ញុំ​នៅ​មន្ទីរ​៣៣ បាន​និយាយប្រាប់​ខ្ញុំ​ថា មាន​អ្នក​ជម្លៀស​ម្នាក់​ស្នាក់នៅ​ផ្សារ​ព្រៃ​ល្វា​ស្គាល់​ខ្ញុំ ប៉ុន្តែ​អ្នក​ជម្លៀស​នេះ ត្រូវបាន​បញ្ជូនទៅ​រស់​នៅ​ភូមិ​ខ្លែង​គង់ ឃុំ​កំពង់​រាប រួចទៅហើយ​ព្រោះ​នៅ​ខាងលិច​ព្រៃ​ល្វា​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ ទើបត្រូវ​បែងចែក​ប្រជាជន​បណ្តាក់​តាម​ឃុំ​នីមួយៗ​។ មុននឹង​ខ្ញុំ​វិលត្រឡប់​ទៅ​តំបន់​២៥​វិញ ខ្ញុំ​បាន​ជួប តា​ស៊ី ចំនួន​ពីរដង​ដោយ​លើកទីមួយ​ខ្ញុំ​បាន​ជួប​គាត់​នៅ​មន្ទីរ​ស្រុក​ជាំ​សង្កែ និង​លើក​ទី​ពីរ​នៅ​វិទ្យាល័យ​កំពង់ស្ពឺ​។ ក្នុង​ការជួប​នេះ តា​ស៊ី បាន​និយាយប្រាប់​ខ្ញុំ​ថា យើង​ត្រូវធ្វើ​សកម្មភាព​បែប​ជាក់ស្តែង​គឺ​ប្រឆាំង​បំផ្លិចបំផ្លាញ បង្ក​ការអុកឡុក​ដើម្បី​បង្កើត​ភាពចលាចល និង​រារាំង​ដល់​ចលនា​តស៊ូ​បដិវត្តន៍​តទៅទៀត​។ រហូតដល់​ខែមិថុនា ឆ្នាំ​១៩៧៥ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទទួល​តួនាទី​ជា​អនុ​លេខា​តំបន់​២៥​។ ក្រោយមក យាយ​លី ប្រពន្ធ តា​ស៊ី បានធ្វើ​ដំណើរ​មក​តាខ្មៅ​ដោយ​យក​កូន​ខ្ញុំ​ដែល​រស់នៅ​ជាមួយ​គាត់​មកជា​មួយ​ផង​។ ពេលនោះ យាយ លី​, ជា និង​ខ្ញុំ ក៏បាន​បើក​អង្គប្រជុំ​សំណេះសំណាល​អំពី​ការងារ​ដែល តា​ស៊ី បាន​ផ្តាំផ្ញើ​តាមរយៈ​ប្រពន្ធ​របស់គាត់​។ យាយ​លី បាន​ឲ្យ​ដឹងថា ខ្ញុំ​ត្រូវធ្វើ​ការទាក់ទង​ឲ្យ​ជាប់​ជាមួយ ជា នាពេលខាងមុខ ព្រោះ ជា និង តា​ស៊ី គ្មានអ្វី​ខុសគ្នា​នោះទេ​។ ក្រៅពីនេះ ខ្ញុំ​ក៏ត្រូវ​ទាក់ទង​ជាមួយ តា​សៀន ដែល​មកពី​កំពង់ត្រាច​ផ្លាស់​មក​នៅ​តំបន់​២៥ នេះដែរ​។ ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ និង ជា ចាប់ផ្តើម​ទាក់ទង​គ្នា​។ ជា ចាប់ផ្តើម​ឲ្យ​ឧទ្ទេសនាម​គណៈ​ស្រុក​មួយចំនួន​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ដើម្បី​កាន់តែ​ងាយស្រួល​ធ្វើការ​។ ជា បាន​និយាយថា មាន​គណៈ​ស្រុក​ខ្លះ​គឺជា​កម្លាំង​របស់គាត់​ផ្ទាល់ ហើយ​គណៈ​ស្រុក​ខ្លះទៀត​គឺជា​កម្លាំង​ចាស់​របស់ ជ័យ របស់ ចំរើន​, សុខ និង សេ​។ ខ្ញុំ​សូម​ជម្រាបជូន​បក្ស​បន្ថែមទៀតថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​១៩៧៥ គឺជា​ពេលដែល​ខ្ញុំ​មក​រៀន​នៅ​សាលា​បក្ស ហើយ​បក្ស​បានរៀបចំ​ធ្វើ​សន្និបាត​សេដ្ឋកិច្ច​។ ពេលនោះ​ខ្ញុំ​បាន​ជួប​ជាមួយ តា​ស៊ី ក្នុង​សន្និបាត​នេះ​។ ខ្ញុំ និង តា​ស៊ី បាន​ពិគ្រោះ​អំពី​សកម្មភាព​ដែល​ធ្លាប់​បានធ្វើ​កន្លងមក​អស់​រយៈពេល​ប្រហែល​១០​នាទី រួច​ក៏​វិលត្រឡប់​ទៅ​កន្លែង​រៀងៗ​ខ្លួន​វិញ​។​

​នៅ​ដើមឆ្នាំ​១៩៧៦ ជា បាន​ណែនាំ​អំពី​ផែនការ​ដូចតទៅ​នេះ ៖ ឥឡូវ​បក្ស​កុម្មុយនីស្ត​កម្ពុជា បានប្រកាស​អំពី​មាគ៌ា​បន្ត​បដិវត្តន៍​សង្គមនិយម និង​ការកសាង​សង្គមនិយម​។ ដូចនេះ​ផែនការ​យើង​គឺ​ត្រូវ​បំផ្លាញ​រារាំង​ចលនា​នេះ​កុំ​ឲ្យ​ទៅមុខ​។ បន្ទាប់ពី​ណែនាំ​រួច ខ្ញុំ​បាន​យក​ផែនការ​នេះ​ទៅ​ណែនាំ​បន្ត​ខាង​ស្រុក​កោះធំ និង​តាម​មន្ទីរ ព្រមទាំង​កងទ័ព​។ ម្យ៉ាងទៀត ហាមប្រាម​មិន​ឲ្យ​ប៉ះពាល់​ដល់​កងទ័ព​វៀតណាម​នៅតាម​ព្រំដែន​ដែលជា​សម្ព័ន្ធមិត្ត​យើង​តាំងតែ​ពី​ពេលមុន និង​ទៅ​ថ្ងៃ​អនាគត​។ នៅ​ខែឧសភា ក្នុង​ឆ្នាំ​ដដែល​ខ្ញុំ​បាន​ជួប​ជាមួយ ឆ​យ នៅ​ស្ថានីយ៍​អគ្គិសនី​ចាក់អង្រែ​។ ពេលនោះ ឆ​យ សួរ​ខ្ញុំ​ថា តើ​យ៉ាងម៉េច​ចំពោះ​សភាព​ការ​នៅ​តំបន់​២៥​នេះ​? ខ្ញុំ​ឆ្លើយ​ប្រាប់ ឆ​យ វិញ​ថា អង្គការ​បាន​បោសសម្អាត​ខ្សែ ចំរើន​, សុខ និង សេ អស់​ជាច្រើន​រួចមកហើយ​។ ចំពោះ​ការទាក់ទង​របស់ខ្ញុំ​សព្វថ្ងៃនេះ​គឺជា​មួយ ជា ផ្ទាល់​តែម្តង​។ ដល់​ខែកក្កដា ឆ្នាំ​១៩៧៦ ជ័យ បានធ្វើ​ដំណើរ​មក​ស្រុក​កោះធំ ហើយ​បាន​ឆ្លៀត​ចូល​សួរសុខទុក្ខ​ខ្ញុំ​។ ក្នុងឱកាស​នោះដែរ ខ្ញុំ​ក៏បាន​សួរ ជ័យ ថា​តើ ជ័យ ឯង​អញ្ជើញ​មក​មានការ​អ្វី​ដែរ​? ពេលនោះ ជ័យ បាន​ឆ្លើយតប​វិញ​ថា ខ្ញុំ​មករក​ស្រូវពូជ​ក្រមួនស​៤-៥ បាវ​។ ក្រៅពីនេះ ជ័យ បាន​សួរ​ត្រឡប់មក​ខ្ញុំ​វិញ​ថា តើ​សកម្មភាព​ប្រជាជន និង​កម្មាភិបាល​យ៉ាងម៉េច​ដែរ​? ស្រាប់តែ​ពេលនោះ ខ្ញុំ​បាន​ឆ្លើយ​តាមរបៀប​គោលជំហរ​បដិវត្តន៍​ថា គ្មាន​បញ្ហា​អ្វី​នោះទេ​រួមទាំង​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មី​។ មិនយូរប៉ុន្មាន ជ័យ ក៏​វិលត្រឡប់​ទៅវិញ រីឯ​ខ្ញុំ​ក៏បាន​រៀបចំ​ដំណើរ​ទៅ​ប្រជុំ​ដំណាច់ខែ ប៉ុន្តែ​មិនទាន់​ដល់​គោលដៅ​ផង​ស្រាប់តែ​ឡាន​បែក​កង់​។ ខ្ញុំ​ក៏បាន​ទៅ​សម្រាក​នៅ​កន្លែង តា​សៀន លេខា​ស្រុក​ស្អាង​។ លុះ​ព្រឹក​ឡើង​ទើប​យើង​បន្តដំណើរ​ទៅ​ជាមួយគ្នា​។ អំឡុង​ពេលដែល​ខ្ញុំ​ស្នាក់នៅ​មួយ​យប់ ខ្ញុំ​បាន​ឆ្លៀតពេល​សំណេះសំណាល​ជាមួយ តា​សៀន ជាច្រើន​ហូរហែរ​ទើប​ខ្ញុំ​បានដឹងថា តា​សៀន គឺជា​ខ្សែរយៈ​របស់ តា​ស៊ី ដែល​បាន​ឧទ្ទេសនាម​ឲ្យ​ស្គាល់​ជា​សមាជិក​បក្ស​ពលករ​។ ពីរ​បី​ខែក្រោយ​មក ខ្ញុំ​ទទួលបាន​ភារកិច្ច​ទៅ​ខេត្តកំពត​ដើម្បី​ជួប តា​ផន សួរ​អំពី​ផែនការ​ប្រឆាំង និង​រារាំង​បដិវត្តន៍​សង្គមនិយម និង​ការកសាង​សង្គមនិយម​នេះ​។ ក្រោយពី​ប្រជុំ​ដំណាច់ខែ​រួចហើយ ខ្ញុំ​បាន​វិល​ត្រឡប់មក​សម្រាក​នៅ​តាខ្មៅ​វិញ​តាម​ទម្លាប់​ចាស់​។ នៅពេល​មកដល់​តាខ្មៅ​ខ្ញុំ​តែងតែ​ប្រជុំ​ជាមួយ ជា ជា​ញឹកញាប់​ដោយ​លើក​អំពី​បក្ស​ពលករ​មក​និយាយ​ជា​ហូរហែរ​។ ក្រោយពី​និយាយ​អំពី​បញ្ហា​នេះ​ចប់ ជា សួរ​ខ្ញុំ​ថា កាលពី​ថ្ងៃមុន​មាន​ឃើញ ជ័យ ចុះទៅ​ក្រោម​ដែរឬទេ​? ខ្ញុំ​បាន​ឆ្លើយថា​ឃើញ ហើយ​បាន​ចូល​កន្លែង​ខ្ញុំ​ដែរ ប៉ុន្តែ​មិនបាន​និយាយ​អ្វី​ច្រើន​នោះទេ គ្រាន់តែ​សួរ​ខ្ញុំ​អំពី​សភាព​ប្រជាជន និង​កម្មាភិបាល​តែប៉ុណ្ណោះ​។ ជា បាន​បន្តថា ជ័យ ទៅនេះ​ក្នុង​គោលបំណង​ក្តាប់​សភាពការណ៍​ប្រជាជន​ដើម្បី​ធ្វើការ​វាយ​ប្រយុទ្ធ​នាពេលខាងមុខ​។ ក្រោយមក ខ្ញុំ​បានធ្វើ​ការណែនាំ​ពី​វិធី​អនុវត្ត​ធ្វើយ៉ាងណា​បំផ្លាញ​ឧបករណ៍​កសិកម្ម​ដោយ​ប្រើ​មធ្យោបាយ​តូចធំ​ក្តី​ដែល​ទាក់ទង​ខាង​ផ្នែក​កសិកម្ម​ដែល​អាច​បំផ្លាញ​បាន​។ រីឯ​ការងារ​ធ្វើស្រែ​ចម្ការ​វិញ ខ្ញុំ​បាន​ណែនាំ​មិន​ឲ្យ​ពង្រាបដី​ខ្លាំងពេក​ទេ ព្រោះ​ដី​ស្រុក​ទន្លេ​មិន​ដូច​ដី​ស្រុកស្រែ​នោះទេ​។ ចំពោះ​សកម្ម​ខាងលើនេះ ខ្ញុំ​តែងតែ​ណែនាំ​ជា​ញឹកញាប់​។​

​នៅ​ខែកញ្ញា ឆ្នាំ​១៩៧៦ ជា បាន​ហៅ​ខ្ញុំ និង តា​សៀន ទៅ​ណែនាំ​ថា នៅពេល​បុណ្យខួប​បក្ស​ខាងមុខនេះ យើង​នឹង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​។ ចំពោះ​រដ្ឋប្រហារ​នេះ គឺ​យើង​សម្រេចយក​ប្រជាជន​ពី​ខាង​តំបន់​យើង​ដើម្បី​ធ្វើបាតុកម្ម​។ រីឯ​កន្លែង​ផ្សេងៗ​គឺ​រៀប​តាម​មុខសញ្ញា​ដាច់ដោយឡែក​ពីគ្នា​។ មុខសញ្ញា​ខាងយើង​គឺ​ត្រូវ​ទៅតាម​ផ្លូវ​លេខ​១ និង​តាមផ្លូវ​តាខ្មៅ​នេះ​។ ដូច្នេះ​ស្នើ​ត្រៀម​រៀបចំ​ផង​។ បន្ទាប់ពី​ទទួលបាន​ផែនការ​រួចហើយ ខ្ញុំ​ក៏បាន​យក​ផែនការ​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​ទៅដល់​មូលដ្ឋាន​តាម​ស្រុក​កោះធំ តាម​មន្ទីរ និង​កងទ័ព​។ មុន​ថ្ងៃ​បុណ្យខួប​បី​ថ្ងៃ ខ្ញុំ​បានធ្វើ​ដំណើរ​មកជួប​ជាមួយ ជា នៅ​តាខ្មៅ​ដើម្បី​ទទួល​ផែនការ​លម្អិត​។ ពេល​ជួប ជា គាត់​បាន​ប្រាប់ថា​មិនទាន់​ទទួល​ការណែនាំ​ថ្មី​ទៀត​ទេ​។ ខ្ញុំ​រង់ចាំ​ផែនការ​នេះ​រហូតដល់​ជិត​មួយខែ ទើប​ដឹងថា​ផែនការ​នេះ​គឺ​បែកការ​ណ៍ហើយ​។ ឥឡូវនេះ​អង្គការ​ចាប់ផ្តើម​បោសសម្អាត​ជា​បន្តបន្ទាប់​។ ក្រោយពេល​ឮដំណឹង​នេះ ខ្ញុំ​បាន​វិល​ទៅធ្វើ​ការងារ​បដិវត្តន៍​ជាធម្មតា​វិញ​។ រហូតដល់​ខែវិច្ឆិកា ក្នុង​ឆ្នាំ​ដដែល​ខ្ញុំ​បានមក​រៀន​វគ្គ​សិក្សា​របស់​បក្ស​។ ពេលនោះ​ខ្ញុំ​បាន​ជួប​ជាមួយ ឆ​យ ហើយ​គាត់​បាន​សួរ​ខ្ញុំ​ពីស​ភាព​នៅ​តំបន់​២៥ យ៉ាងដូចម្តេច​ដែរ​? ខ្ញុំ​បាន​ឆ្លើយថា អង្គការ​នៅតែ​បោសសម្អាត​ខ្សែ ចំរើន​,​សុខ ជា​បន្តបន្ទាប់​។ ម្តង​ឃើញ​ឈ្មោះ​នេះ ឯ​ម្តងទៀត​ឃើញ​ឈ្មោះ​នោះ​។ ប៉ុន្តែ​ឈ្មោះ​ទាំងអស់នោះ​ខ្លះ​ក៏​ចាប់​បញ្ជូនទៅ​អង្គការ​រួចរាល់​ហើយ​។ ឆ​យ បាន​បន្តថា ត្រូវ​ព្យាយាម​ការពារ​កម្លាំង​ចាស់​ប្រយ័ត្ន​បែកការណ៍​។ ចំពោះ​ការទាក់ទង​ខ្សែរយៈ​នៅ​ខាង​បូព៌ា​វិញ គឺ​ត្រូវ​ផ្អាក​មួយរយៈ​សិន​ព្រោះ​អង្គការ​កំពុង​បោសសម្អាត​ជុំវិញ​រឿងរ៉ាវ​រដ្ឋប្រហារ​នៃ​ថ្ងៃបុណ្យ​ខួប​បក្ស​។ ឆ​យ បាន​បន្តទៀតថា បដិវត្តន៍​សង្គមនិយម​នាពេល​ឥឡូវនេះ​គឺ​កាន់តែ​ជ្រាលជ្រៅ​ហើយ ដូច្នេះ​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​មែនទែន និង​ត្រូវ​ខំប្រឹងប្រែង​កសាង​កម្លាំង សេ​.​អ៊ី​.​អា ឲ្យ​បាន​ច្រើន​ថែមទៀត​។ តាម​ការ​ឃោសនាអប់រំ​ជា​បន្តបន្ទាប់​កន្លងមក​នេះ ខ្ញុំ​បាន​អប់រំ​មានឈ្មោះ​ដូចតទៅ​៖ ឈ្មោះ កែម​, ប៉ាក​, ស្រី​, ទួន​, នារី សុខា​, នារី មុំ​, នារី ម៉ុ​ន​, នារី ថៃ​, នារី ផាត​, នារី មឿ​ន និង​នារី អុន​។ កម្លាំង​ទាំងនេះ ខ្ញុំ​បាន​អប់រំ​កសាង​ហើយ​បាន​ចាត់តាំង​ជា​ភ្នាក់ងារ សេ​.​អ៊ី​.​អា រួចហើយ​ដែរ ព្រមទាំង​បានធ្វើ​សកម្មភាព​ប្រឆាំង និង​បំផ្លាញ​បដិវត្តន៍​ជា​ហូរហែរ​តាម​ផ្នែក​របស់​ពួកគេ​ដូចជា​នៅតាម​មន្ទីរពេទ្យ ដោយ​បំផ្លាញ​ថ្នាំពេទ្យ ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អាប់​សែ និង​វះកាត់​ឲ្យ​មាន​គ្រោះថ្នាក់​រហូតដល់​ស្លាប់​។ នៅ​ខាង​តម្បាញ​គឺ​ត្រូវ​បំផ្លាញ​អំបោះ បំផ្លាញ​កី​ធ្វើ​ឲ្យ​យឺតយ៉ាវ​មិន​គ្រប់​ផែនការ​របស់​អង្គការ​។ ចំពោះ​ខាង​ម៉ាស៊ីនកិនស្រូវ​ត្រូវ​បំផ្លាញ​ស្រូវ​អង្ករ និង​ម៉ាស៊ីនកិនស្រូវ​។ រីឯ​ខាង​ការដ្ឋាន​វិញ​ណែនាំ​ឲ្យ​បំផ្លាញ​ឧបករណ៍​កសិកម្ម និង​បំផ្លាញ​ស្រូវ​ពោត​ជាដើម​។​

​នៅ​ឆ្នាំ​១៩៧៧ បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​លើក​គោលការណ៍​វាយ​សម្រុក​បោសសម្អាត​ខ្មាំង​យ៉ាង​ខ្លាំងក្លា​ខុសពី​ឆ្នាំមុនៗ​ទាំងអស់​។ ជាពិសេស​បោសសម្អាត​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​ក្នុង​បក្ស​គ្រប់​ជាន់ថ្នាក់​។ ក្រោយមក ជា បាន​រាយការណ៍​មក​ថា ខ្សែរយៈ​សេ​.​អ៊ី​.​អា របស់​យើង​ត្រូវបាន​អង្គការ​បោសសម្អាត​អស់​ជាច្រើន​រួចមកហើយ រួមទាំង​ផ្នែក​ថ្នាក់​ក្បាលម៉ាស៊ីន​ដឹកនាំ និង​ថ្នាក់ក្រោមៗ​តម​កទៀត​។ ដូច្នេះ​ស្ថានការណ៍​ប្រែប្រួល​មួយកម្រិត​ថែមទៀត​។ ដូច​នៅ​តំបន់​យើង បក្ស​ក៏បាន​បោសសម្អាត​ជា​បន្តបន្ទាប់​ដែរ​។ ដល់​ខែមីនា ក្នុង​ឆ្នាំ​ដដែល​នេះ ជា បាន​ហៅ​ខ្ញុំ​ទៅ​ជួប​នៅ​តាខ្មៅ​ដើម្បី​ដាក់​ផែនការ​តទៅទៀត​។ ផែន​ការដែល​ប្រជុំ​នោះ​គឺ​ត្រូវ​បំផុស​ឲ្យ​ឃើញ​ពី​សង្គម​សមូហភាព​របស់​បក្ស​កុម្មុយនីស្ត​លំបាក​គ្រប់ផ្នែក គ្មានអ្វី​ល្អ​ជាង​ឯកជន​នោះទេ​។ ជាពិសេស​ត្រូវ​បំផុស​យ៉ាងម៉េច​ធ្វើ​ឲ្យ​ប្រជាជន​អស់ជំនឿ​លើ​សមូហភាព​។ ខ្ញុំ​បានធ្វើ​សកម្មភាព​ទាំងនេះ​ជា​ហូរហែរ និង​ជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំងនឹង​អង្គការ​បដិវត្តន៍​។ នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៧៨ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទទួល​តួនាទី​លេខា​តំបន់​២៥ រហូតដល់​អង្គការ​ចាប់​ខ្លួន​ខ្ញុំ​បាន​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៨​។​
​កូនស្រី​ម្នាក់​របស់ ចាន់ គឹម​ស្រ៊ុន ក្នុងចំណោម​កូន​ទាំងបី​នាក់​ដែល​នៅ​រស់រានមានជីវិត បាន​រៀបរាប់ថា ៖

​ខ្ញុំ​ឈ្មោះ សេក សាយ ហៅ សេក សុធី គឺជា​កូនស្រី​ច្បង​ក្នុងចំណោម​បងប្អូន​បីនាក់​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ សេក ប្រាក់ និង​ម្តាយ​ឈ្មោះ ចាន់ គឹម​ស្រ៊ុន ហៅ សាង​។ ឪពុកម្តាយ​របស់ខ្ញុំ​បាន​បម្រើការ​ជា​កងទ័ព​ខ្មែរក្រហម តាំងពី​មុនពេល​កងទ័ព​ខ្មែរក្រហម​ឡើងកាន់​អំណាច​។

​ឪពុក​របស់ខ្ញុំ​មាន​សប្បុរ​ស្រអែម ប៉ុន្តែ​មិនសូវ​ខ្ពស់​នោះទេ​។ គាត់​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​និយាយ​លេងសើច​ច្រើន​នៅក្នុង​គ្រួសារ ហើយ​កូនៗ និង​ប្រពន្ធ​ស្រឡាញ់​គាត់​ណាស់​។ ចំណែកឯ​ម្តាយ​របស់ខ្ញុំ មាន​សប្បុរស រាង​ស្គម​ស្តើង និង​កម្ពស់​ខ្ពស់​។ ខ្ញុំ​រស់នៅ​ជាមួយ​គាត់​ច្រើនជាង​រស់នៅ​ជាមួយ​ឪពុក​របស់ខ្ញុំ​។ នៅពេល​ឪពុកម្តាយ​របស់ខ្ញុំ​បម្រើ​ការ​នៅ​ស្រុក​ត្រាំខ្នារ (​បច្ចុប្បន្ន​ស្រុក​បាទី​) ខេត្តតាកែវ ខ្ញុំ​ត្រូវបាន​ជីដូន​ឈ្មោះ​យាយ លី និង​ជីតា​ឈ្មោះ តា​ស៊ី អតីត​លេខា​ភូមិភាគ​បស្ចិម យកទៅ​ចិញ្ចឹម​នៅឯ​ខេត្តកំពង់ស្ពឺ​។ យូរៗ​ម្តង​ទើប​ឪពុក​របស់ខ្ញុំ​មក​យក​ខ្ញុំ​ទៅលេង​ផ្ទះ​ម្តង​។ ពេល​ខ្ញុំ​ទៅលេង​ផ្ទះ​នៅ​ខេត្តតាកែវ​ម្តងៗ ខ្ញុំ​ឃើញ​ម្តាយ​ខ្ញុំ​ធ្វើ​សៀង​យ៉ាងច្រើន​សម្រាប់​ផ្គត់ផ្គង់​ដល់​កងទ័ព​។ ចំណែក​ឪពុក​របស់ខ្ញុំ​បានចេញ​ធ្វើការ​បាត់ៗ​តាំងពី​ព្រលឹម ហើយ​ពេល​ល្ងាច​ទើប​ត្រឡប់មកផ្ទះ​វិញ​។

​មាន​ពេល​មួយ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ជីដូន​របស់ខ្ញុំ​ក៏បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យក្រុង​កំពង់សោម​។ ពេល​ដឹង​ដំណឹង​ថា​ខ្ញុំ​នៅឯ​មន្ទីរពេទ្យ ម្តាយ​របស់ខ្ញុំ​បាន​ទៅយក​ខ្ញុំ​មក​ព្យាបាល​នៅក្នុង​ក្រុងភ្នំពេញ​វិញ ដែលមាន​ទីតាំង​ក្បែរ​ស្ពាន​ព្រះមុន្នីវង្ស​។ ស្នាក់​នៅឯ​មន្ទីរពេទ្យ​ក្នុង​ក្រុងភ្នំពេញ ខ្ញុំ​មិនសូវមាន​អ្វី​ហូប​នោះទេ​។ ពេល​ជាសះស្បើយ​ហើយ ខ្ញុំ​បាន​សុំ​ម្តាយ​ទៅ​រស់នៅ​ជាមួយ​ជីដូន​នៅឯ​ខេត្តកំពង់ស្ពឺ​វិញ​។

​មួយរយៈ​ក្រោយមក ឪពុកម្តាយ​របស់ខ្ញុំ​បាន​ផ្លាស់​មក​រស់​នៅឯ​ក្រុង​តាខ្មៅ​វិញ ហើយក៏​បាន​យក​ខ្ញុំ​មក​នៅ​ជាមួយ​ដែរ​។ ពេលមកដល់ ខ្ញុំ​ឃើញ​ម្តាយ​របស់ខ្ញុំ​បង្កើតបាន​កូនប្រុស​ម្នាក់​ទៀត​។ ម្តាយ​របស់ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា តើ​ដាក់ឈ្មោះ​ឲ្យ​ប្អូន​ថា​ម៉េច​? ខ្ញុំ​ក៏​ប្រាប់​គាត់​វិញ​ថា ខ្ញុំ​ស្រឡាញ់​ឈ្មោះ វណ្ណៈ​។ ប៉ុន្តែ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ខ្ញុំ​មិនដឹងថា​ម្តាយ​របស់ខ្ញុំ​បានដាក់​ឈ្មោះ​ឲ្យ​ប្អូនប្រុស​របស់ខ្ញុំ​អ្វី​ឡើយ​។ រយៈពេល​ពីរ​បី​ខែ​នៅផ្ទះ​ក្នុង​ក្រុង​តាខ្មៅ ពេលដែល​ម្តាយ​របស់ខ្ញុំ​សរសៃ​ខ្ចី គាត់​តែងតែ​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​បើក​របប​អាហារ​ហូប ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅ​បើក​របប​អាហារ​ហូប​ទៀងទាត់​នោះទេ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​ការងារ​ដូច​គេ​។ ឃើញ​ដូច្នេះ ឪពុកម្តាយ​របស់ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ផ្ញើ​នៅ​រោង​សិប្បកម្ម​តម្បាញ​មួយរយៈ ដើម្បី​ឲ្យ​ខ្ញុំ​មានការ​ងារ​ធ្វើ​នឹង​គេ និង​ទទួលបាន​របប​អាហារ​។ ក្រោយមក​ឪពុកម្តាយ​របស់ខ្ញុំ បាន​យក​ខ្ញុំ​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​សំប៉ាន​វិញ​។​

​ឪពុកម្តាយ​របស់ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ផ្ញើ​ខាង​ផ្នែក​ផលិត​ឱសថ​គ្រាប់ ព្រោះ​ក្នុង​ផ្នែក​នេះ​មាន​កុមារី​ធ្វើការ​ប្រហែលជា​៣០​នាក់ និង​គ្រូពេទ្យ​ចំណាស់ៗ​៤-៥​នាក់ គឺជា​អ្នកមើលការខុសត្រូវ​លើ​កុមារ និង​ការផលិត​ថ្នាំ​គ្រាប់​។ មីង​របស់ខ្ញុំ​ឈ្មោះ វ៉ន ក៏​ធ្វើការ​នៅ​ទី​នោះដែរ​។ នៅក្នុង​ចំណោម​កុមារ​ទាំងនោះ ខ្ញុំ​មាន​អាយុ​តិចជាងគេ​។ ពេល​ថ្ងៃ ខ្ញុំ និង​កុមារី​ផ្សេងទៀត​នាំគ្នា​សែង​សម្បក​ដប​ទៅ​លាង​ទឹកទន្លេ​។ ភារកិច្ច​របស់ខ្ញុំ គឺ​គ្រាន់តែ​ឈរ​ចាំ​ចុច យក​គ្រាប់​ថ្នាំ​ដែល​ធ្លាក់​ចេញពី​ម៉ាស៊ីន​សង្កត់​ថ្នាំ បន្ទាប់មក​ប្រមូលយក​គ្រាប់​ថ្នាំ​ដែល​ផលិត​បាន​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត​។ ពេលទំនេរ​ពី​ការងារ ខ្ញុំ​បាន​យក​បន្លែ​ទៅ​លាង​សម្រាប់​ចុងភៅ​យកទៅ​ធ្វើ​ម្ហូប​។ នៅ​ទីនោះ ខ្ញុំ​ទទួលបាន​របប​បាយ​គ្រប់គ្រាន់​។

​ចាប់តាំងពី​ធ្វើការ និង​ស្នាក់នៅ​មន្ទីរពេទ្យ​នោះមក ខ្ញុំ​មិនដែល​មានឱកាស​ទៅលេង​ឪពុកម្តាយ​នៅ​ក្រុង​តាខ្មៅ​ឡើយ​។ ថ្ងៃមួយ នៅវេលា​ប្រហែល​ម៉ោង​៥​ល្ងាច មាន​បុរស​ម្នាក់​បានមក​ទទួល​ខ្ញុំ​ចេញពី​មន្ទីរពេទ្យ​។ ខ្ញុំ​ស្គាល់​ថា បុរស​នោះ​ឈ្មោះ ខន ជា​អ្នកបើករថយន្ត​ជូន​ឪពុក និង​ម្តាយ​របស់ខ្ញុំ​។ ខន បាន​ប្រាប់​ខ្ញុំ​ថា អង្គការ​ឲ្យ​ទៅលេង​ឪពុកម្តាយ​នៅ​ស្រុក​ថ្មី​ភូមិ​ថ្មី ដូច្នេះ​មិនចាំបាច់​យក​មុង​ភួយ​ទៅ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅ​ជម្នះ​យក​អីវ៉ាន់​ដែល​ខ្ញុំ​មាន ទៅជា​មួយ​តាម​បណ្តាំ​របស់​ម្តាយ​ខ្ញុំ​ដែល​ផ្តាំ​ថា «​ពេល​ទៅណា​វេច​ទៅ​ឲ្យ​អស់​»​។ ខន បានទទួល​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​និយាយ​ដូច្នេះ​ដើម្បី​លួងលោម​ឲ្យ​ខ្ញុំ​ឡើង​ជិះ​រថយន្ត​។ ខ្ញុំ​ត្រូវបាន​ដឹក​កាត់​តាម​ផ្ទះ​របស់ខ្ញុំ​នៅក្នុង​ក្រុង​តាខ្មៅ​។ ខ្ញុំ​បាន​សុំ ខន ដាក់​ខ្ញុំ​ចុះ ប៉ុន្តែ ខន ប្រាប់​ខ្ញុំ​ថា ឪពុកម្តាយ​របស់ខ្ញុំ​នៅ​ភូមិ​ថ្មី​ឯណោះ​។ ខ្ញុំ​បានប្រកែក​ថា ហួស​ផ្ទះ​របស់ខ្ញុំ​ហើយ ប៉ុន្តែ ខន មិន​ឲ្យ​ចុះ​។

​ខ្ញុំ​បាន​ទៅដល់​មន្ទីរ​សន្តិសុខ​ជ្រៃ​អូរ​ព្នៅ​នៅ​ម៉ោង​៩​យប់​។ អ្នកគ្រប់គ្រង​នៅ​ទីនោះ បាន​ឲ្យ​ខ្ញុំ​ហូបបាយ និង​រក​កន្លែង​ឲ្យ​ខ្ញុំ​សម្រាក រង់ចាំ​រហូតដល់​ព្រឹក​ដើម្បី​ទៅរក​ឪពុកម្តាយ​។ នៅ​ទីនោះ ខ្ញុំ​បាន​ជួប​ប្អូនស្រី និង​សាច់ញាតិ​ខាង​ឪពុក​របស់ខ្ញុំ​ចំនួន​៤​គ្រួសារ​។ អ្នក​ទាំងអស់​ត្រូវបាន​បញ្ជូនមក​មន្ទីរ​សន្តិ​សុខ​នេះ​រយៈពេល​ពីរ​ថ្ងៃមុន ខ្ញុំ​ទៅដល់​។ អ្នក​ទាំងអស់​ត្រូវបាន​អង្គការ​បែងចែក​ឲ្យ​ទៅធ្វើ​ការ​នៅ​កង​ផ្សេងៗ​គ្នា​នៅជាប់​ជើងភ្នំ​ខាង​ស្រុក​ជុំ​គិរី​។ យូរៗ​ម្តង ខ្ញុំ​បាន​សុំ​ប្រធាន​កង​ទៅលេង​អ៊ំ និង​ម្តាយមីង​ដែល​ធ្វើការ​ខាងជើង​ភ្នំ​។ ចំណែក​ប្អូនស្រី​របស់ខ្ញុំ​រស់នៅក្នុង​កងកុមារ​។ ខ្ញុំ​បាន​សួរ​អ្នក​នៅ​ទីនោះ​ស្ទើរ​គ្រប់គ្នា​ពី​ដំណឹង​ឪពុកម្តាយ​។ ខ្ញុំ​ក៏បាន​សួរ តា​ខុន អ្នក​គ្រប់​នៅ​មន្ទីរ​សន្តិសុខ​នោះ ប៉ុន្តែ តា​ខុន មិនបាន​និយាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​ប្រាប់ថា «​ដើរទៅ​រក​ទៅ​ឃើញ​ហើយ​»​។ តា​ខុន មិនបាន​យកទោស​ពៃរ៍​ចំពោះ​ការដើរ​គ្មាន​វិន័យ​របស់ខ្ញុំ​ទេ ព្រោះ​យល់ឃើញថា​ខ្ញុំ​នៅ​ក្មេង​។ ខ្ញុំ​តាមរក​ឪពុកម្តាយ​ស្ទើរ​គ្រប់កន្លែង​នៃ​បរិវេណ​មន្ទីរ​នោះ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា​អ្នក​ទាំងពីរ​នៅទីណា​នោះទេ ហើយក៏​មិនដឹង​ស្រុក​ថ្មី​ភូមិ​ថ្មី​នៅ​កន្លែង​ណា​ដែរ​។ ខ្ញុំ​ដើរ​អស់ចិត្ត​នៅតែ​មិនឃើញ ក៏​វិល​ត្រឡប់មក​ធ្វើការ​នៅ​កងកុមារ​វិញ​។ ខ្ញុំ​មិនដឹងថា ជ្រៃ​អូរ​ព្នៅ គឺជា​កន្លែង​លត់​ដំ​នោះទេ ពេល​ឃើញ​អ៊ំ​រែក​ដី ខ្ញុំ​បាន​សួរថា «​អ៊ំៗ​ពី​ណា​ឲ្យ​អ៊ំ​រែក​ដី ខ្ញុំ​មិនដែល​ឃើញ​អ៊ំ​រែក​ដី​ទេ ឃើញតែ​អ៊ំ​ស្រោច​ទឹក​ក​ឆាយ​»​។ អ៊ំ​របស់ខ្ញុំ​បាន​និយាយ​ណែនាំ​ខ្ញុំ​ថា «​កុំ​សួរ​អ៊ំ​អី ខំធ្វើការ​ទៅ​»​។ ខ្ញុំ​បាន​ប្រាប់​អ៊ំ​របស់ខ្ញុំ​ថា «​គេ​ឲ្យ​មកលេង​ម៉ែ​នៅ​ស្រុក​ថ្មី ភូមិ​ថ្មី ហើយ​គេ​មិន​ឲ្យ​យក​សម្លៀកបំពាក់​មកជា​មួយ​ទេ ដល់ពេលនេះ​ខ្ញុំ​ដើររក​តែ​រក​មិនឃើញ​សោះ​។ អ៊ំ​របស់ខ្ញុំ​ក៏​មិនបាន និយាយប្រាប់​ខ្ញុំ​ដែរ​»​។

​ខ្ញុំ​តែងតែ​ឮ​កុមារ​របស់​អង្គការ​ច្រៀង​បទ «​សុភាពរាបសារ កូន​អង្គការ​អត់​មាន​ម៉ែឪ​»​។ ពេល​ច្រៀង​ម្តងៗ កុមារ​ទាំងនោះ​សម្លឹង​មើលមុខ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​ឆ្ងល់ ហើយ​បាន​សួរ​ទៅ​អ៊ំ​របស់ខ្ញុំ ប៉ុន្តែ​គាត់​មិនបាន​បកស្រាយ​ឡើយ​។ អ៊ំ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា «​ក្មួយ​កុំ​មាត់​កុំ​ក គេ​ឲ្យ​ធ្វើ​អ្វី​ធ្វើ​ហ្នឹង​ទៅ​»​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​បេះ​សណ្តែកដី បោចស្មៅ​ដំឡូង​មី និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​។

​នៅ​ទីនោះ ខ្ញុំ​ទទួល​ការយកចិត្តទុកដាក់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ាន់ ដែល​បម្រើការ​នៅក្នុង​មន្ទីរ​នេះ និង​បុរស​ម្នាក់​ឈ្មោះ ខន​។ វ៉ាន់ ធ្លាប់​មើលថែ និង​ព​ខ្ញុំ​តាំងពី​តូច​។ វ៉ាន់ ដឹងថា ខ្ញុំ​គឺជា​ក្មេង​ដែល​ពិបាក​ក្នុង​ការហូបចុក និង​ឧស្សាហ៍​ឈឺ ដូច្នេះ​រាល់ពេល​បើក​របប​អាហារ​ម្តងៗ វ៉ាន់ តែង​ផ្តាំ​ចុងភៅ​ឲ្យ​យក​ម្ហូប​ដែល​ខ្ញុំ​ហូប​បាន​ប៉ុណ្ណោះ​។ ចំណែក ខន តែងតែ​ឆៀង​យក​ផ្លែឈើ​ផ្ញើ​ឲ្យ​ខ្ញុំ​រាល់​ពេលដែល​គាត់​មក​ដឹក​ដី​នៅ​បរិវេណ​មន្ទីរ​នេះ​។ ខន បាន​ទុក​ផ្លែឈើ​ដូចជា ផ្លែ​មៀន និង​សេ​ដា នៅ​អ្នកយាម​តាម​ទម្លាប់ នៅពេល​គាត់​មក​ដឹក​ដី​នៅក្បែរនោះ​ម្តងៗ​។ គាត់​បាន​ផ្តាំ​អ្នកយាម​ថា ពេល​ថ្ងៃ​ខ្ញុំ​នឹង​មក ហើយ​ខ្ញុំ​ប្រាកដជា​ដឹងថា​គាត់​យក​ផ្លែឈើ​មក​ផ្ញើ​។

​នៅ​ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម និង​យោធា​ខ្មែរ​បាន​ផ្លោង​គ្រាប់​ដាក់គ្នា ធ្វើ​ឲ្យ​ប្រធាន​មន្ទីរ​សន្តិសុខ​រត់គេច​ចេញ ចំណែក​អ្នក​ផ្សេងទៀត ក៏​រត់គេច​ពី​គ្រាប់ផ្លោង​ដែរ​។ ដោយសារ​ភ័យខ្លាច​គ្រាប់ ខ្ញុំ​មិន​ហ៊ាន​ទៅរក​សាច់ញាតិ និង​បងប្អូន​ទេ ខ្ញុំ​បន្ត​រត់​ទៅមុខ​តាម​គណៈកង​រហូតដល់​ពេជ្រនិល​។ នៅ​ទីនោះ​ខ្ញុំ​បាន​ជួប​ស្ត្រី​ម៉េ​ម៉ា​យ​ម្នាក់​ឈ្មោះ អេ​ត តុល​។ តុល បាន​ហៅ​ខ្ញុំ​ឲ្យ​រួម​ដំណើរ​ត្រឡប់មក​ខេត្តកំពង់ស្ពឺ​វិញ​ជាមួយគ្នា​។ ដោយសារតែ​ក្តី​អាណិតអាសូរ តុល បាន​យក​ខ្ញុំ​ធ្វើជា​កូនចិញ្ចឹម​រហូតមក​។​

រកឃើញ​រូបថត​ម្តាយ​
​ក្នុង​រយៈពេល​ដំបូង​ដែល​ខ្ញុំ​បែក​ពី​ម្តាយ ខ្ញុំ​តែងតែ​យំ​នឹក​គាត់​គ្រប់ពេលវេលា និង​ដើររក​គាត់​គ្រប់​ទីកន្លែង ប៉ុន្តែ​ខ្ញុំ​មិនបាន​ជួប និង​មិនបាន​ទទួលដំណឹង​ពី​គាត់​ឡើយ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ម្តាយចិញ្ចឹម​របស់ខ្ញុំ​បាន​ជូន​ខ្ញុំ​ទៅរក​ម្តាយ​នៅ​ខេត្តកំពង់ចាម​ហើយ​នៅពេលដែល​ខ្ញុំ​ត្រឡប់មកវិញ ខ្ញុំ​និង​ម្តាយចិញ្ចឹម​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ក្រឡាប់​រ៉ឺម៉ក់​។ ខ្ញុំ​ស្មានថា​ខ្ញុំ​អស់​ជីវិត​ពេលនោះ​ហើយ​។ ទោះបីយ៉ាងណា ខ្ញុំ​មិនបាន​បញ្ឈប់​ការតាមរក​ឪពុកម្តាយ​ខ្ញុំ​ត្រឹម​ពេលនោះ​ឡើយ​។ ក្រោយមក ខ្ញុំ​បាន​ទៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ឲ្យ​ជួយ​ផ្សព្វ​ផ្សាយដំណឹង​ស្វែងរក​ឪពុកម្តាយ​របស់ខ្ញុំ​។ ក្រោយមក​ខ្ញុំ​ក៏បាន​ទៅ​ប៉ុស្តិ៍​សំបុក​ឃ្មុំ​ដើម្បី​សុំ​ឲ្យ​វិទ្យុ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ទៀត ប៉ុន្តែ​ពុំ​ទទួលបាន​ដំណឹង​ពី​គាត់​ឡើយ​។ ខ្ញុំ​ដើរ​សួរ​អ្នកភូមិ ប៉ុន្តែ​អ្នក​ទាំងនោះ​និយាយថា​មិន​ធ្លាប់បាន​ជួប​ម្តាយ​ខ្ញុំ​ទេ ប្រហែលជា​អង្គការ​សម្លាប់ចោល​ហើយ​។ នៅ​យប់​មួយ​ពេលដែល​ខ្ញុំ​ត្រឡប់​មកពី​សួរដំណឹង​រក​គាត់​វិញ ខ្ញុំ​ក៏បាន​យល់សប្តិ​ឃើញ​ម្តាយ​របស់ខ្ញុំ​ប្រាប់​ខ្ញុំ​ថា មិនបាច់​ទៅរក​គាត់​ទីណា​ទេ ទៅរក​គាត់​នៅ​គុក​ទួលស្លែង​ទៅ​។
​នៅពេល​ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​ក៏បាន​ប្រាប់​អំពី​ការ​យល់សប្តិ​នេះ​ទៅកាន់​ម្តាយចិញ្ចឹម​របស់ខ្ញុំ​។ គាត់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​ដើររក​តទៅទៀត ព្រោះ​ឪពុកម្តាយ​របស់ខ្ញុំ​ប្រហែលជា​ស្លាប់​អស់ហើយ​។ ខ្ញុំ​ចង់ដឹង​ពី​ម្តាយ​របស់ខ្ញុំ​ដោយ​ខ្ញុំ​គិតថា ទោះបីជា​ឪពុក​របស់ខ្ញុំ​ស្លាប់​ក៏មាន​ម្តាយ​នៅរស់​ដែរ​។

​ក្រោយមក​ខ្ញុំ​ក៏បាន​ទទួលដំណឹង​ពី​ម្តាយ​របស់ខ្ញុំ តាមរយៈ​ពូ​ម្នាក់​ត្រូវជា​ដន្លង​ម្តាយចិញ្ចឹម​របស់ខ្ញុំ​ដែល​បាន​អាន​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហើយ​បានឃើញ​រូបថត​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ចាន់ គឹម​ស្រ៊ុន នៅលើ​ទស្សនា​វ​ដ្តី​នេះ​។ ខ្ញុំ​ក៏បាន​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហើយក៏​បានទទួល​ដំណឹង​ពី​បងប្រុស​ជីដូនមួយ​ខាង​ឪពុក​ឈ្មោះ សេក សារ៉ុន ដែល​បានប្រកាស​ស្វែងរក​ខ្ញុំ​។​

​សេក សារ៉ុន ត្រូវជា​ក្មួយ​របស់ សេក សាត ហៅ ប្រាក់ និង​ត្រូវជា​បងជីដូនមួយ​រប​ស់ សេក សាយ ដែល​នៅ​រស់រានមានជីវិត បាន​រៀបរាប់ថា ៖

​រយៈពេល​៤​ថ្ងៃ​បន្ទាប់ពី​របប​ខ្មែរក្រហម​ទទួល​ជ័យជម្នះ ខ្ញុំ​ត្រូវបាន​ឪពុកមា​ខាង​ម្តាយ​ឈ្មោះ តា​ប្រាក់ មក​យក​ខ្ញុំ​ពី​ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្តស្វាយរៀង ទៅ​រស់នៅ​ជាមួយ​គាត់​នៅ​តំបន់​២៥ ដែលមាន​ទីតាំងនៅ​ទីរួមស្រុក​តាខ្មៅ ខេត្តកណ្តាល​។

​ខ្ញុំ​គឺជា​ក្មេង​ដែលមាន​សំណាង​ជាងគេ ក្នុងចំណោម​ក្មេង​ជាច្រើន​នាក់​ទៀត​នៅក្នុង​ភូមិ​។ ភារកិច្ច​ដំបូង​របស់ខ្ញុំ​នៅ​មន្ទីរ​តំបន់​២៥ គឺ​ធ្វើជា​កងការពារ និង​ជា​អ្នកបើក​ឡាន​ឲ្យ តា​ប្រាក់​។ ខ្ញុំ​ឃើញ​មានតែ​បុគ្គលិក​ជាង​១០​នាក់​ជា​អ្នកធ្វើ​បញ្ជី​ឯកសារ​ផ្សេងៗ​។ ក្នុងនោះ​មាន​ប្រធាន​មន្ទីរ​ឈ្មោះ ខេមរ៉ា មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។

​នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ហាត់​ក្បួន​យុទ្ធសាស្ត្រ​រយៈពេល​បី​ខែ​ជាមួយ​យុវជន​ជាង​១០០​នាក់​នៅ​ស្រុក​តាខ្មៅ ដើម្បី​ត្រៀម​វាយ​ជាមួយ​វៀតណាម​។ បន្ទាប់ពី​ចប់​វគ្គ​ហ្វឹកហ្វឺន ខ្ញុំ​មិនបាន​បញ្ជូនទៅ​ព្រំដែន​ដូច​យុវជន​ឯទៀត​ទេ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​កងការពារ និង​នីរសារ​របស់ តា​ប្រាក់ ដដែល​។ តា​ប្រាក់ បានប្រគល់​ម៉ូតូ​ម៉ាក​សេ​អិ​ល​ឲ្យ​ខ្ញុំ​មួយគ្រឿង​សម្រាប់​ជិះ​រត់​សំបុត្រ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ នៅក្នុង​ភូមិភាគ​និរតី​។ ពេលខ្លះ ខ្ញុំ​ត្រូវ​ចុះ​តាម​ការដ្ឋាន​ជាមួយ តា​ប្រាក់ ដើម្បី​ពិនិត្យមើល​ប្រជាជន​ធ្វើស្រែ លើក​ទំនប់ ជីក​ប្រឡាយ និង​អមដំណើរ តា​ប្រាក់ ទៅ​ចូលរួម​ប្រជុំ​នៅ​មន្ទីរ​ភូមិភាគ​និរតី និង​ទៅ​ព្រំដែន​វៀតណាម ដើម្បី​លើកទឹកចិត្ត​កងទ័ព​ឲ្យ​មាន​ជំហរ​រឹងប៉ឹង​ក្នុងការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​។

​ភារកិច្ច​របស់ខ្ញុំ គឺ​គ្រាន់តែ​យក​សំបុត្រ​ទៅ​ឲ្យ​លេខ​ស្រុក​ដោយ​ផ្ទាល់ដៃ និង​ត្រឡប់មកវិញ​ដោយ​ពុំមាន​បង្អែបង្អង់​តាមផ្លូវ​ឡើយ​។ ថ្ងៃមួយ​ខ្ញុំ​បាន​យក​សំបុត្រ​ទៅ​ឲ្យ​គណៈ​តំបន់​១៣​ក្នុងស្រុក​ត្រាំកក់​។ ខ្ញុំ​បាន​ជួប តា​ម៉ុក នៅតាម​ផ្លូវ​។ ដោយ​ឃើញ​ខ្ញុំ​ជិះ​ម៉ូតូ​បែប​សង្ហា ហើយ​មិន​គោរព​គាត់​។ តា​ម៉ុក បាន​បញ្ជា​ឲ្យ​កងការពារ​របស់គាត់​ចាប់​ខ្ញុំ​មក​សួរចម្លើយ ហើយ​ដុត​ម៉ូតូ​ខ្ញុំ​ចោល​នៅ​ចំពោះមុខ​ខ្ញុំ​។ ខ្ញុំ​ភ័យញ័រ​ខ្លួន​ចំពោះ​ការព្រមាន​របស់ តា​ម៉ុក​។ តា​ម៉ុក បាន​សម្លុត​ខ្ញុំ​ថា «​អាណា​ឲ្យ​ជិះ​ម៉ូតូ​ដោយ​គ្មាន​ការអនុញ្ញាត​យ៉ាង​ដូច្នេះ​»? ខ្ញុំ​បាន​ប្រាប់ តា​ម៉ុក ថា​ជា នីរសារ​របស់ តា​ប្រាក់ នៅ​តំបន់​២៥ និង​មាន​ភារកិច្ច​យក​សំបុត្រ​ទៅ​ឲ្យ​គណៈ​តំបន់​១៣​។ តា​ម៉ុក បាន​គំរាមថា «​ថ្ងៃក្រោយ​ត្រូវ​ជិះសេះ​រត់​សំបុត្រ បើ​មិន​ដូច្នេះ​ទេ​គាត់​នឹង​ចាប់​សម្លាប់ចោល​»​។ ខ្ញុំ​បាន​ត្រឡប់មក​តំបន់​២៥​វិញ​ដោយ​ថ្មើរជើង ហើយ​ប្រាប់​មូលហេតុ​នេះ​ដល់ តា​ប្រាក់ ប៉ុន្តែ​គាត់​ពុំមាន​មាត់ក ឬ​និយាយថា​ម៉េច​ឡើយ គឺ​គ្រាន់តែ​ស្តាប់​ហើយ​នៅ​ស្ងៀម​ប៉ុណ្ណោះ​។

​នៅក្នុង​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​អមដំណើរ តា​ប្រាក់ ទៅ​ទទួល​គណៈប្រតិភូ​ចិន​ដែល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​។ គណៈប្រតិភូ​នេះ បាន​ដើរ​ទស្សនា​រោងចក្រ និង​ការដ្ឋាន​ជីក​ប្រឡាយ​មួយចំនួន​នៅក្នុង​តំបន់​២៥​។

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ក៏ត្រូវ​ផ្លាស់​ទៅធ្វើ​ការ​ជាមួយ តា​ប្រាក់ នៅ​តំបន់​១៣​ក្នុង​ខេត្តតាកែវ​។ ជា​ញឹកញាប់ ខ្ញុំ​បាន​បើកឡាន​ជូន តា​ប្រាក់ ទៅ​ចូលរួម​ប្រជុំ​ជាមួយ តា​ម៉ុក នៅ​មន្ទីរ​ភូមិភាគ​និរតី និង​សមរភូមិ​ភ្នំ​ដិ​ន ដើម្បី​ស្ទាបស្ទង់​សភាពការណ៍​នៅតាម​ព្រំដែន​វៀតណាម និង​ដើម្បី​លើកទឹកចិត្ត​យុទ្ធជន​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​ការពារ​មាតុភូមិ​។ នៅពេលនោះ តា​ប្រាក់ គឺជា​អនុប្រធាន​របស់ តា​ម៉ុក ផង និង​លេខា​តំបន់​១៣ ផង​។​

​ខ្ញុំ​ធ្វើការ​នៅ​តំបន់​១៣ មិនទាន់បាន​មួយឆ្នាំ​ផង តា​ម៉ុក បាន​ដក តា​ប្រាក់ ឲ្យ​ទៅ​ប្រចាំការ​នៅ​តំបន់​៣៣​ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ទីតាំងនៅ​ស្រុក​ត្រាំខ្នារ​។ នៅ​ទីនោះ ខ្ញុំ​មាន​តួនាទី​មួយទៀត​គឺ​ដឹក​ស្បៀង និង​សម្ភារ​សឹក​ទៅ​សមរភូមិ​មុខ​តាម​បណ្តោយ​ព្រំដែន​វៀតណាម​។

​នៅ​ចុងឆ្នាំ​១៩៧៧ ខ្ញុំ​បានទទួល​បញ្ជា​ពី តា​ប្រាក់ ឲ្យ​យក​សំបុត្រ​ទៅ​ឲ្យ​គណៈ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ នៅ​ចុងឆ្នាំ​ដដែល តា​ប្រាក់ ក៏បាន​ផ្លាស់​មក​ធ្វើការ​នៅ​ស្រុក​តាខ្មៅ តំបន់​២៥​វិញ​។

​នៅ​ដើមឆ្នាំ​១៩៧៨ តា​ប្រាក់​, ខ្ញុំ និង​មនុស្ស​៥​នាក់​ទៀត បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តស្វាយរៀង​។ នៅសល់​ចម្ងាយ​តែ​៧​គីឡូម៉ែត្រ​ដល់​ព្រំដែន​វៀតណាម តា​ម៉ុក បាន​ហៅ​តាម​តេ​អូ​ឲ្យ តា​ប្រាក់ វិលត្រឡប់​ទៅ​ប្រជុំ​នៅ​ភូមិភាគ​និរតី​វិញ​។ មកដល់​តំបន់​២៥ ខ្ញុំ​និង​កងការពារ​ទាំងអស់​ត្រូវបាន​ដកហូត​អាវុធ តា​ប្រាក់ និង​ប្រពន្ធ​ឈ្មោះ ចាន់ គឹម​ស្រ៊ុន ហៅ សាង ព្រមទាំង​កូនតូច​ម្នាក់​ត្រូវ​អង្គ​ការចាប់​បញ្ជូនទៅ​មន្ទីរ​សន្តិសុខ​ស​-២១​។ ក្រោយពី​ចាប់ខ្លួន តា​ប្រាក់ បាន​មួយថ្ងៃ ខ្ញុំ​ក៏​ទទួលដំណឹង​ថា តា​ផន គណៈ​ស្រុក​កំពង់រោទិ៍​ក៏ត្រូវ​ចាប់ខ្លួន​ដែរ​។ ខេមរ៉ា និង​បុគ្គលិក​តំបន់​២៥​មួយចំនួន​ក៏ត្រូវ​បាន​ចាប់ខ្លួន​។

​ខ្ញុំ​, កូនស្រី​ពីរ​នាក់​របស់ តា​ប្រាក់​, ឪពុកម្តាយ​, បងប្អូន​, សាច់ញាតិ​របស់​តា​ប្រាក់ ៤​គ្រួសារ​ទៀត ដែលមាន​សមាជិក​២០​នាក់​រស់នៅ​ខេត្តស្វាយរៀង ត្រូវបាន​ចាប់​បញ្ជូនទៅ​គុក​ជ្រៃ​អូរ​ព្នៅ តំបន់​៣៣ ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន តា​ខុន (​កំបុត​ដៃ​) គឺជា​ប្រធាន​។​

​ខ្ញុំ​បានរស់នៅ​ក្នុង​ភាពភ័យខ្លាច​ជានិច្ច ព្រោះ​ឃើញ​សន្តិសុខ​ចាប់​អ្នក​ដែល​នៅ​ក្រុម​ជាមួយ​ខ្ញុំ​យកទៅ​សម្លាប់​ជា​រៀងរាល់ថ្ងៃ​។
​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បានទទួល​ដំណឹង​ថា តា​ប្រាក់ និង​ប្រពន្ធ​របស់គាត់​ឈ្មោះ ចាន់ គឹម​ស្រ៊ុន បាន​ស្លាប់​អស់ហើយ​។ ដូច្នេះ​ខ្ញុំ​ក៏បាន​ចុះផ្សាយ​ដំណឹង​តាមរយៈ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​ដើម្បី​ស្វែងរក​កូនស្រី​របស់គាត់​ទាំងពីរ​នាក់​ដែល​ត្រូវជា​ជីដូនមួយ​របស់ខ្ញុំ​។ រយៈពេល​មួយខែ​ក្រោយមក ខ្ញុំ​បាន​ដំណឹង​ថា​ប្អូនស្រី​ជីដូនមួយ​របស់ខ្ញុំ​ឈ្មោះ សេក សាយ ដែល​ត្រូវជា​កូន​របស់ តា​ប្រាក់ នៅរស់​។ ខ្ញុំ​បាន​ទៅ​ជួប​ប្អូនជីដូនមួយ​នៅផ្ទះ​របស់​នាង​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​អតីត​មន្ទីរ​សន្តិសុខ​ជ្រៃ​អូរ​ព្នៅ​ដែល​នាង​ធ្លាប់​ជាប់ឃុំ​ឃាំង​។ ពេល​បាន​ជួបគ្នា​ភ្លាម យើង​បាន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ដោយសារតែ​រឿងរ៉ាវ​ដែល​កើតឡើង​កន្លងមក ហើយ​ខ្ញុំ​ក៏​មិនដែល​គិតថា​បាន​ជួប​មុខ​គ្នា​វិញ​ដែរ​។ ក្រោយមកទៀត​ខ្ញុំ​ក៏បាន​ណាត់​ប្អូនស្រី​ជីដូនមួយ​ទៅលេង​ស្រុកកំណើត ដើម្បី​ឲ្យ​ស្គាល់​បងប្អូន​ដែល​នៅ​រស់រានមានជីវិត និង​បានធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ឪពុកម្តាយ​របស់​នាង​ផង​។​

រកឃើញ​រូបថត​ឪពុក និង​ឯកសារ​
​សេក សាយ តែងតែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​ឪពុក​វិលត្រឡប់​មកជួប​គាត់​នៅ​ថ្ងៃ​ណាមួយ ហើយ​គាត់​ក៏បាន​ស្នើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជួយ​ស្វែងរក​ឪពុក​របស់គាត់ នៅ​អំឡុង​ពេលដែល​គាត់​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​និយាយ​ពី​រឿងរ៉ាវ ដែល​គាត់​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម នៅក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កម្ពុជា​របស់​សារមន្ទីរ​ប្រល័យពូជសាសន៍ (Holocaust Museum) ដែលមាន​ទីតាំងនៅ​ប្រទេស​អាមេរិក កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ជា​អ​កុស​ល្យ​ការទន្ទឹងរង់ចាំ​របស់​គាត់​គឺ​បានត្រឹមតែ​ដំណឹង​នៃ​ការស្លាប់ រួមជាមួយ​នឹង​រូបថត​មួយ​សន្លឹក និង​ឯកសារ​ចម្លើយសារភាព​ដែលមាន​កម្រាស់​២២០​ទំព័រ​របស់​ឪពុក​គាត់​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ​។ រូបថត និង​ឯកសារ​ទាំងនេះ​ត្រូវបាន​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យកទៅ​ប្រគល់ជូន​គាត់​នៅផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​នូ​ប ឃុំ​ស្នង​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ កន្លងមក ។

​សេក សាយ ស្ថិតក្នុង​វ័យ​៥២​ឆ្នាំ បាន​រៀប​រាប់ទាំង​អារម្មណ៍​ក្តុកក្តួល លាយឡំ​ជាមួយ​ទឹកភ្នែក​ថា «​ខ្ញុំ​បាន​បែក​ពី​ឪពុក (​សេក សាត ហៅ និ​ន ហៅ ប្រាក់ នាទី​លេខា​តំបន់​២៥) អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ តាំងពី​ខ្ញុំ​មាន​អាយុ​១១​ឆ្នាំ​។ ការជួបគ្នា​ជា​លើកចុងក្រោយរ​រវាង​ឪពុក​និង​ខ្ញុំ គឺ​នៅពេលដែល​ម្តាយ​របស់ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​សំប៉ាន ក្នុង​ខេត្តកណ្តាល នៅ​ឆ្នាំ​១៩៧៨​។ ក្រោយមក ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​ជ្រៃ​អូរ​ព្នៅ នៅ​ខេត្តកំពង់ស្ពឺ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាន​ព្យាយាម​តាមរក​ដំណឹង​ឪពុក​របស់ខ្ញុំ​នៅ​គ្រប់​ទីកន្លែង និង​បានប្រកាស​សួររក​ដំណឹង​របស់គាត់​នៅតាម​វិទ្យុ​។ ប៉ុន្តែ​មិនបាន​ទទួលដំណឹង​គាត់​ទាល់តែសោះ​។ ថ្ងៃមួយ ខ្ញុំ​បាន​សួរ​ទៅកាន់​បងប្រុស​ជីដូនមួយ​របស់ខ្ញុំ​ថា តើ​មានបាន​ទទួលដំណឹង​ពី​ឪពុក​របស់ខ្ញុំ​ដែរឬទេ​? គាត់​បាន​ឆ្លើយតប​មក​ខ្ញុំ​វិញ​ថា គាត់​បាន​ព្យាយាម​រក​អស់​ជាច្រើន​កន្លែង​ដែរ ប៉ុន្តែ​នៅតែ​មិន​ទទួលបាន​ដំណឹង​អ្វី​សោះ​។ ប្រហែលជា​គាត់​បាន​ស្លាប់​ហើយ ហើយ​ប្រសិនបើ​គាត់​នៅរស់​គាត់​នឹង​មករក​យើង​មិន​ខាន​។ ក្តីសង្ឃឹម​ដ៏​តិចតួច​របស់ខ្ញុំ​បាន​រសាយ ប៉ុន្តែ​អារម្មណ៍​របស់ខ្ញុំ​នៅតែ​គិតថា ឪពុក​របស់ខ្ញុំ​គឺ​នៅ​រស់រានមានជីវិត​នៅឡើយ​។ ខ្ញុំ​នឹករឭក​ដល់​ឪពុក​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។

​បន្ទាប់ពី​ខ្ញុំ​ទទួលបាន​រូបថត​មួយ​សន្លឹក និង​ចម្លើយសារភាព​មួយច្បាប់​របស់​ឪពុក​ខ្ញុំ​ដែល​ឆ្មាំ​គុក​នៃ​មន្ទីរ​សន្តិសុខ​ស​-២១ បាន​សួរចម្លើយ​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត និង​រំជួលចិត្ត​យ៉ាងខ្លាំង​។ ខ្ញុំ​គិតថា​ឪពុក​របស់ខ្ញុំ​ត្រូវបាន​ឆ្មាំ​គុក​វាយ​បង្ខំ និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដើម្បី​ឲ្យ​គាត់​ឆ្លើយ​សារភាព​។

​រូបថត​ឪពុក​របស់ខ្ញុំ​ដែល​ខ្ញុំ​ទទួលបាន​នេះ គឺ​មើលទៅ​ហាក់ដូចជា​គាត់​នៅ​វ័យក្មេង​នៅឡើយ ដោយសារតែ​ខ្ញុំ​បាន​បែក​ពី​គាត់​យូរ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ដឹង​ច្បាស់​ពី​គាត់​នៅពេលនោះ គឺ​គាត់​មានឈ្មោះ សេក សាត ហៅ ប្រាក់​។ ខ្ញុំ​នឹង​ប្រាប់​ពី​ដំណឹង និង​ផ្ញើ​រូបថត​ឪពុក​របស់ខ្ញុំ​ទៅ​បងប្អូន​នៅ​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ហើយ​ខ្ញុំ​នឹង​ឲ្យ​កូនស្រី​របស់ខ្ញុំ​ដែល​បច្ចុប្បន្នកំពុង​រៀន​ថ្នាក់​ទី​៧​នៅ​អនុវិទ្យាល័យ អាន​ចម្លើយ​របស់​ជីតា​ឲ្យ​ខ្ញុំ​ស្តាប់ ព្រោះ​ខ្ញុំ​មិនបាន​រៀនសូត្រ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម