​ឃុំ​ក​ណ្តែ​ក ទឹកដី​ដែលមាន​ជីវភាព​លាយ​ចម្រុះ​

848
ចែករម្លែក

ដោយៈ​ខេង រ៉ា​
​ដោយ​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទី​រួម​ខេត្តសៀមរាប​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ ទឹកដី​ឃុំ​ក​ណ្តែ​ក​អាច​និយាយបានថា ជា​ភូមិសាស្ត្រ​មួយ​មាន​អំណោយផល​យ៉ាងច្រើន​សម្រាប់​ការរស់នៅ​។ ជីវភាព​ប្រជាជន​នៅទីនេះ​មាន​លក្ខណៈ​លាយ​ចម្រុះ​បែបបទ​ផង​បែប​ទីក្រុង​ផង​។ ចំណែក​មុខរបរ​រប​ស់​អ្នក​ឃុំ​នេះ​ក៏​លាយឡំ​គ្នា​ផងដែរ​។ ក​ណ្តែ​ក ជា​ឃុំ​មួយ​នៃ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

.​ភូមិសាស្ត្រ​និង​ជីវភាព​អ្នក​ឃុំ​ក​ណ្តែ​ក​
​ជួប​យើង​កាលពីពេល​កន្លងទៅនេះ អ្នកស្រី ម៉ិ​ល សុ​គង្គា មេឃុំ​ក​ណ្តែ​កបាន​ប្រាប់​យើង​ថា ឃុំ​ក​ណ្តែ​ក ដែលជា​តំបន់​ទីប្រជុំជន ក្នុងចំណោម​ឃុំ​ទាំង​ប្រាំបួន ក្នុងស្រុក​ប្រាសាទបាគង​។​ឃុំ​នេះ​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​៦​។​ឃុំ​បាន​ព័ទ្ធជុំវិញ​ដោយ​សង្កាត់​ស្លក្រាម សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប​,​ឃុំ​បាគង ឃុំ​អំពិល​នៃ​ស្រុក​ប្រាសាទបាគង​។​ឃុំ​មាន​ភូមិ​ចំណុះ​ចំនួន​១០​ភូមិ​ដែលមាន​ប្រជាពលរដ្ឋ​សរុប ចំនួន​១៧ ២៦៩​នាក់​(​ស្រី​៨៥១៣​នាក់​)​។​គិត​ជា​គ្រួសារ​មាន​ចំនួន​៣ ៦៨៣​គ្រួសារ ហើយ​អ្នក​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន​១១ ៩៣៣​នាក់​(​ស្រី​៦ ១២៧​នាក់​)​។​

​អ្នកស្រី​បាន​បន្ថែមថា ដោយសារ​ភូមិសាស្ត្រ​នៅ​មិន​ឆា្ង​យ​ពី​ទីប្រជុំជន​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​នោះ​(​ជាង​៩​គីឡូម៉ែត្រ​) អ្នក​ឃុំ​ក​ណ្តែ​ក មាន​អំណោយផល​ជាច្រើន​ខាងមុខ​របរ​។​ប្រជាជន​បាន​ប្រកប​របរ​ផ្សេងៗ​ទៅតាម​ចំណង់​ចំណូលចិត្ត​និង​លទ្ធភាព​ធនធាន​និង ភាព​ប៉ិនប្រសប់​របស់​ពួកគេ​។​ទីនេះ​ខុសពី​ឃុំ​មួយចំនួន​ដែល​នៅក្បែរៗ​ដោយសារ​ឃុំ​ខ្លះ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​,​ឃុំ​ខ្លះ​លើ​វិស័យ​ចម្ការ ,​ឃុំ​ខ្លះ​លើ​វិស័យ​នេសាទ​។​ចំណែក​ឃុំ​ក​ណ្តែ​ក​គឺ​ចម្រុះ​គ្នា​។​
​ដោយសារ​ឃុំ​មាន​មួយផ្នែកធំ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ ក៏បាន​ក្លាយជា​ចំណុច​រស់​រវើក​នៅក្នុង​ជីវភាព​របស់​ពួកគេ​ដែរ​។​អ្នកស្រី​មេឃុំ​បញ្ជាក់ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក​ណ្តែ​កមាន​ចំនួន​៣ ៦៨៣​ខ្នង​ផ្ទះ​ដែល​ភាគច្រើន​ជា​ផ្ទះ​ឈើ​និង​ផ្ទះ​បេតុង​។ ក្នុងនោះ​ពលរដ្ឋ​ដែល​ប្រកប​រកស៊ី​ផ្សេងៗ​ចំនួន​២០​ភាគរយ​,​ជា​មន្ត្រីរាជការ​ចំនួន​១០​ភាគរយ​,​ធ្វើស្រែ​ចំការ​មាន​ចំនួន​៤០​ភាគរយ​,​ក្រៅពីនោះ​ជា​កម្មករសំណង់​៣០​ភាគរយ​។​គិត​ត្រឹម​ដើម​ឆ្នាំនេះ​ពលរដ្ឋ​នៃ​ឃុំ​ក​ណ្តែ​ក​គិត​ជា​មធ្យម ៧០​ភាគរយ​មាន​ម៉ូតូ​ប្រើប្រាស់ , មាន​ឡានតូច ឡានធំ​៤០​ភាគរយ ,​និង​កង់ ២០​ភាគរយ​។​

​អ្នកស្រី​បាន​រំលឹក​ទៅរក​អតីតកាល​ថា កាលពី​សម័យ​សង្គ្រាម ថ្វី​ត្បិត​ឃុំ​នេះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្ត​មែន តែ​អសន្តិសុខ​តែងតែ​កើតឡើង​ម្តងម្កាល​ដោយសារតែ​ទីនោះ​ក៏​ជា​ចំណុច​ឆ្លងកាត់​របស់​ពួក​ឧទ្ទាម​ពី​តំបន់​នៅ​ផ្នែក​ខាងលើ​ឆ្ពោះទៅរក​តំបន់​នៃ​បឹង​ទន្លេសាប​។​ប្រជាជន​បានរស់នៅ​ក្នុង​ភាព​ប្រុងប្រយ័ត្ន​ជានិច្ច​។​ទីនោះ​ក៏​ស្ងាត់ជ្រងំ​ដែល ដោយ​ប្រជាជន​ខ្លះ​បាន​ទៅ​រស់នៅ ឬ ប្រកប​របរ​រកស៊ី​នៅ​ទី​រួម​ខេត្តសៀមរាប​ដែលមាន​សុវត្ថិភាព​ជាង និង​ងាយស្រួល​ក្នុងការ​ឲ្យ​កូនចៅ​ទទួល​ការរៀនសូត្រ ឬ​ធ្វើ​ការងារ​រដ្ឋ​ទៅតាម​ជំនាញ​នានា​។​ប្រជាជន​ខ្លះ​ម្តងម្កាល​ទើប​មក​អើតមើល​សំអាត​ផ្ទះសម្បែង​។​
​ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ឃុំ​ក​ណ្តែ​ក បានចាប់ផ្តើម​ប្រែប្រួល​មុខ​ថ្មី​ជា​បណ្តើរៗ​។​ពិសេស​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ និង​ពេលនេះ​ឃុំ​ក​ណ្តែ​ក មាន​វឌ្ឍនភាព​លឿន​មែនទែន​។​ប្រជាជន​បាន​កែលំអ​ផ្ទះ​ពី​ផ្ទះស្លឹក​ទៅជា​ផ្ទះ​ឈើ​តូចធំ​ទៅតាម​ធនធាន​។​អ្នកខ្លះ​មិនមាន​លទ្ធភាព​ធ្វើ​ផ្ទះ​បេតុង​យ៉ាងហោច​ក៏​សង់​ឈើ​លើ ឥដ្ឋ​ខាងក្រោម​គ្រាន់​ទុកដាក់​សម្ភារ និង មធ្យោបាយ​នានា​ដែរ​។​អ្នកខ្លះ​ដែលមាន​ផ្ទះ​ឈើ​តូច​បាន​សង់​ជា​ផ្ទះ​ឈើ​ធំ​ឬ ផ្ទះ​បេតុង​។​

​អ្នកស្រី​មេឃុំ​បញ្ជាក់ថា ដោយសារ​ឃុំ​នេះ នៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្តហើយ​កៀក​នឹង​តំបន់​អភិវឌ្ឍន៍​ដីធ្លី​នៅ​ឃុំ​នេះ ក៏មាន​តម្លៃ​ខ្ពស់​ណាស់ដែរ​។ ការអភិវឌ្ឍ​របស់​អា​ជ្ញា​ធរ និង​រាជរដ្ឋាភិបាល បាន​ពង្រីក​ខ្លួន​មក​ទិសខាងកើត​ជា​បណ្តើរៗ​។​បណ្តុំ​នៃ​ការលក់ដូរ​អចលនទ្រព្យ​ក៏​កំពុងមាន​សកម្មភាព​ម​មា​ញឹក​។ ពិសេស​ព័ត៌មាន​គម្រោង នៃ​ការសាង់សង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​បាន​សំដៅ​មករក​ទីនេះ​ផង​នោះ បានធ្វើ​ឲ្យ​អ្នក​ឃុំ​ក​ណ្តែ​ក រីករាយ​និង​កំពុង​នូវ​ការរីកចម្រើន​ថ្មី​នេះ​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​មិនយូរប៉ុន្មាន​។​អ្នកស្រី​ក៏បាន​កត់សម្គាល់​ផងដែរ ពី​អ្នក​ចំណូល​ថ្មី​ដែលមាន​ចំនួន​កើនឡើង​មកកាន់​តំបន់​នេះ ដោយសារតែ​កំណើន​នៃ​ការអភិវឌ្ឍ​។​ប៉ុន្តែ​អ្នកស្រី​ពុំទាន់​អាច​បញ្ជាក់​ជា​តួលេខ​បានច្បាស់លាស់​នៅឡើយ​ព្រោះ​កំពុងតែ​ធ្វើ​សម្រង់​។​

​អ្នកស្រី​មេឃុំ​បន្ថែមថា ដោយ​ភូមិសាស្ត្រ​ឃុំ​មួយផ្នែក​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦​ស្រាប់ ដូចនេះ​អំណោយផល​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​តែ​ទៅជា​យ៉ាងណា​ផ្លូវ​ក្នុង​ឃុំ​ដោយមាន​ទាំង​ផ្លូវ​ឆ្លងកាត់ និង​ផ្លូវ​ភ្ជាប់​ទៅកាន់​ភូមិ​នានា របស់​ឃុំ និង​ទៅកាន់​ឃុំ​ដទៃ​ក៏ត្រូវ​បានធ្វើការ​លំអ​ដោយ​ប្រែក្លាយ​ពី​ផ្លូវដី​ធម្មតា​ទៅជា​ផ្លូវដី​ក្រួស​ក្រហម ឬ ផ្លូវ​កៅស៊ូ ទៅតាម​ការអភិវឌ្ឍរ​បស់​អាជ្ញាធរ​ស្រុក ខេត្ត និង មន្ទីរជំនាញ​។ អ្វីដែល​បានកើត​ឡើង​នៅក្នុង​ឃុំ​ក​ណ្តែ​ក ក៏​ជាការ​ទទួល​ឥទ្ធិពល​ពី​ឃុំ សង្កាត់ នានា​ដែល​ព័ទ្ធជុំវិញ​ផងដែរ​។​ដោយសារតែ​សង្កាត់ ឃុំ​ខ្លះ​បាន​រីកចម្រើន​លឿន​ហើយ​បាន​ពង្រីក​ខ្លួន​ចូលមក​ឃុំ​របស់ខ្លួន​ដែរ​។ ពិសេស​ជាង​នេះ គឺ​ដោយសារ​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់​, ទទួល​ការយកចិត្តទុកដាក់​ពី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង មូលដ្ឋាន ក៏​ជា​មូលហេតុ​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​មុខ​ឃុំ​ក​ណ្តែ​ក​។​

​អ្នកស្រី​មេឃុំ​បញ្ជាក់ថា វិស័យ​អប់រំ​បាន​ក្លាយជា​ចំណុច​យកចិត្តទុកដាក់​មួយរ​បស់​ឃុំ​។​សព្វថ្ងៃ​ឃុំ​មាន​សាលារៀន​ប្រាំមួយ​សាលា​(​ក្នុងនោះ​មាន​បឋមសិក្សា​មាន​ចំនួន​៣​បឋមសិក្សា , អនុវិទ្យាល័យ​មាន​ចំនួន​ពីរ ,​វិទ្យាល័យ​ចំនួន​មួយ​)​និង​សិស្សានុសិស្ស​រាប់រយ​នាក់​កំពុង​សិក្សា​។​លោកស្រី​បន្តថា ដោយសារ​ឃុំ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​ដែល​សម្បូរ​ទៅដោយ​មជ្ឈមណ្ឌល​បម្រើ​ឲ្យ​វិស័យ​អប់រំ​នោះ កូនចៅ​ប្រជាជន​នៅ​ឃុំ​នេះ​ខ្លះ បានមក​រៀន​ថ្នាក់​វិទ្យាល័យ ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្រុង​សៀមរាប​តែម្តង​។​ឃុំ​ក​ណ្តែ​ក​ក៏មាន​វត្ត​ចំនួន​ពីរ​វត្ត​ផងដែរ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ទាន​។​ឃុំ​មាន​មណ្ឌល​សុខភាព ដោយ​ធ្វើ​សកម្មភាព​បម្រើសេវា​សុខភាព​ជូន​ក្នុង​មូលដ្ឋាន​។​ប៉ុន្តែ​ជា​អំណោយផល​ដែរ ដោយសារ​ឃុំ​ស្ថិតនៅ​ចំណុចកណ្តាល​មួយ​នោះ​ប្រជាជនមាន​លទ្ធភាព​ទៅ​ទទួល​សេវា​សុខភាព នៅ​មណ្ឌល​សុខភាព​,​ប៉ុស្តិ៍​សុខភាព​ណា​ដែល​ជិត ឬ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​តែម្តង​។​

.​បន្ថែម​បង្ហាញ​ភាពលេច​ធ្លោ​ឃុំ​ក​ណ្តែ​ក
​ដោយ​រំលឹក​ទាក់ទង​ទៅដល់​ឃុំ​ក​ណ្តែ​ក​នេះ​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់ថា​ជាទូទៅ​ជីវភាព​ប្រជាជន​និង​ការអភិវឌ្ឍ​នៅក្នុង​ស្រុក​ប្រាសាទបាគង គឺមាន​វឌ្ឍនភាព​លឿន​មែនទែន​។​លោក​បញ្ជាក់​ដោយ​សង្ខេប​ជារួម​ថា ក្នុងស្រុក​ប្រាសាទបាគង មាន​ឃុំ​ចំនួន​៩​ឃុំ និង មាន​ភូមិ​ចំនួន​៦៨​ភូមិ ដែលមាន​ផ្ទៃដី​ទំហំ​៤០ ៥៥២​គីឡូ​ម៉ែត​ការ៉េ និង​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៨១ ៦៤៥​នាក់​(​ស្រី ៤១៥៤៦​នាក់​)​មានគ្រួសារ​ចំនួន​១៨ ៨៦១​គ្រួសារ​,​មាន​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន​៤១ ៥៤៦​នាក់​(​ស្រី​២៨១២៧​នាក់​)​។​ផ្អែកលើ​តួលេខ​នេះ​ឃុំ​ក​ណ្តែ​ក​គឺជា​ឃុំ​មួយ​ដែលមាន​ប្រជាជន​រស់នៅ​កុះករ​បើ​ធៀប​នឹង​បណ្តា​ឃុំ​ដទៃ​របស់​ស្រុក​។​

លោក​បាន​បញ្ជាក់ថា ចំពោះ​ការងារ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ប្រាសាទបាគង​មាន​វិទ្យាល័យ​ចំនួន​ប្រាំ ,​គ្រូបង្រៀន​២០១​នាក់​(​ស្រី​១០៤​នាក់​),​សិស្ស​៣៧៤៧​នាក់​(​ស្រី​២០៩២​នាក់​)​ចែកជា​៨៦​ថ្នាក់​។​អនុវិទ្យាល័យ​មាន​ចំនួន​៧​អនុវិទ្យាល័យ គ្រូបង្រៀន ១០៣​នាក់ (​ស្រី​៧៤​នាក់​),​សិស្ស​២៧៨១​នាក់​(​ស្រី​១៣៨៤​នាក់​) ចែកចេញជា​៥៥​ថ្នាក់​។​សាលាបឋមសិក្សា​៤៥ សាលា គ្រូបង្រៀន ៥៥៥​នាក់ (​ស្រី​៣៨៩​នាក់​),​សិស្ស​១២៩៤៨​នាក់​(​ស្រី​៥៩៥៨​នាក់​)​។​សា​លាម​តេ្ត​យ្យ​គ្រប់​ប្រភេទ​មាន​៥២ សាលា សិស្ស​២ ៣២៣​នាក់​(​ស្រី​១ ៤៥៧​នាក់​)​ចែកចេញជា​៩០​ថ្នាក់​។​ដូចនេះ​ឃុំ​ក​ណ្តែ​ក​ក៏​ជា​ឃុំ​មិនធម្មតា​ដែរ​ដោយសារ​មាន​វិទ្យាល័យ​មួយ​និង​អនុវិទ្យាល័យ​ចំនួន​ពីរ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា វិស័យ​សុខាភិបាល​ស្រុក​ប្រាសាទបាគង ស្ថិត​ក្នុងស្រុក​ប្រតិបត្តិ​សៀមរាប​ដូច្នេះ​ក្នុងស្រុក​គ្មាន​មន្ទីរ​ពេ​ទ​បង្អែក​ទេ​មានតែ​មណ្ឌល​សុខភាព​ចំនួន​ប្រាំបី​និង​ប៉ុស្តិ៍​សុខភាព​ចំនួន​ពីរ​។ ចំណែក​នៅក្នុង​ឃុំ​កំពង់​ភ្លុក​ជា​ឃុំ​ដែល​កន្លងមក​មិនទាន់មាន​មណ្ឌល​សុខភាព​ទេ ឥឡូវ​កំពុងដំណើរការ​សាងសង់​អគារ​។ ចំណែក​ការងារ​ធម្មការ​និង​សាសនា​ស្រុក ក្នុងនោះ​មាន​វត្ត​ចំនួន​២០​វត្ត​, ព្រះសង្ឃ សរុប​២៩៥ អង្គ​, ភិក្ខុ​១២៦ អង្គ​, សាមណេរ​១៦៩​អង្គ​, អាចារ្យ​មាន​ចំនួន​៧០​នាក់​,​គណៈកម្មការ​វត្ត​ចំនួន​១៦៩​នាក់​(​ស្រី​១៨​នាក់​),​តាជី ដូនជី​ស្នាក់​នៅក្នុង​វត្ត ចំនួន​១៨​នាក់​(​យាយជី​១៣​នាក់​),​ក្មេង​វត្តមាន​ចំនួន​១៣​នាក់​។​ក្នុង​ចំនួន​នេះ គឺ ឃុំ​ក​ណ្តែ​កមាន​វត្ត​ចំនួន​ពីរ​ក្នុងចំណោម​ឃុំ​ទាំង​៩​។​

​លោក​អភិបាលស្រុក​ក៏បាន​ធ្វើការ​ប្រៀបធៀប​ផងដែរ​ថា​ប្រជាជន​ក្នុងស្រុក​ប្រាសាទបាគង​ប្រកបមុខរបរ​កសិកម្ម​៨៥​ភាគរយ​,​លក់ដូរ​៧​ភាគរយ​,​កម្មករសំណង់​៥​ភាគរយ​,​អ្នកនេសាទ​៣​ភាគរយ​,​មន្ត្រីរាជការ​ស៊ីវិល​មាន​ចំនួន​៣១​។​ផ្អែកលើ​តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃុំ​ក​ណ្តែ​កមាន​លក្ខណៈ​ល្អប្រសើរ​ខាង​ជីវភាព​។​

​អ្វីដែល​ត្រូវធ្វើ​បន្តទៀត​នៅ​ឃុំ​ដែល​កំពុង​ទទួល​នូវ​ការរីកចម្រើន​មួយ​នេះ​។ អ្នកស្រី​ម៉ិ​ល សុ​គង្គា មេឃុំ​ក​ណ្តែ​កបាន​បញ្ជាក់ថា យើង​បាននិងកំពុង​បន្ត​អនុវត្តតាម​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​ដូច​អ្វី ដែល​បញ្ជាក់​នៅក្នុងពេល​បោះឆ្នោត​កន្លងទៅ​។ ការយកចិត្តទុកដាក់​លើ​វិស័យ​ជីវភាព​ប្រជាជន​, ការបម្រើ​សេវា​នានា​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​លឿន បាន​ចំ​គោលដៅ​និង​ដោះស្រាយ​បញ្ហា​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើទៅ​។ ក្នុងករណី​លើស​សមត្ថកិច្ច​រូតរះ​បញ្ជូនទៅ​អាជ្ញាធរ​ថ្នាក់លើ​ឬ​ផ្នែក​ពាក់ព័ន្ធ​នានា​។​បង្កើន​ការយកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពិសេស​រក្សា និង​ទប់ស្កាត់​នូវ​សកម្មភាព​ឧទ្ទាម​ក្នុងការ​អនុវត្ត​ផែនការ​ក្បត់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ដោយសារតែ​ឃុំ​កំពុងមាន​រីកចម្រើន​ខាង​អចលនទ្រព្យ​នោះ ការគ្រប់គ្រង​ខាង​ដីធ្លី​ក៏​ជា​ចំណុច​យកចិត្ត​មួយ​ដែរ​។​ការប្រុងប្រយ័ត្ន​ជាមុន​ក្នុងការ​គ្រប់គ្រង​ម៉ត់ចត់​នឹង​អាច​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​លើ​បញ្ហា​នេះ​៕