​កញ្ញា​មកពី​ប្រទេស​ប្រេ​ស៊ី​ល​គ្រង​មកុដ​ជា​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩

590
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​វគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ២០១៩ នៅ​សាល​មហោស្រព NABA ណាហ្គា​វើ​លដ៍​ទី​២ ដែលមាន​បេ​ក្ខ​នារី ៣០ រូប​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួត​។​ទីបំផុត កញ្ញា Lorrany C.Monteiro Guimaraes មកពី​ប្រទេស​ប្រេ​ស៊ី​ល បាន​គ្រង​មកុដ​ជា​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ បន្ទាប់ពី​ការប្រកួត​រយៈពេល​២​សប្តាហ៍​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ណាហ្គា​វើ​លដ៍​ក្នុង​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់ពី​បានរៀបចំ​កាលពី​ឆ្នាំ​២០១៦​។

​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​វគ្គ​ផ្តាច់ព្រ័ត្រ​មានការ​បង្ហាញជូន​នូវ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​តំណាង​ជាតិ​នីមួយៗ ឈុត​ប្រពៃណី​ខ្មែរ និង​ឈុត​រាត្រីសមោសរ​ដ៏​ស្រស់ស្អាត​។ បន្ទាប់ពី​មានការ​ប្រកួត​៣​ជុំ​កញ្ញា​៥​រូប​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​អន្តរជាតិ​អន្តរជាតិ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ដែល​លេខ​២​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​ម៉ាឡេស៊ី​លេខ​៣​បាន​ទៅលើ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​លេខ​៤​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​និង​លេខ​៥​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​រុស្ស៊ី​។​

ពានរង្វាន់​៨​ប្រភេទ​ផ្សេងទៀត​ក៏ត្រូវ​បានប្រកាស​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ផងដែរ​។​កញ្ញា​មកពី​ប្រទេស​ថៃ​ទទួលបាន​ពានរង្វាន់​កញ្ញា​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​ឯកសណ្ឋាន​កីឡា​។ កញ្ញា​មកពី​ប្រទេស​ម៉ាឡេស៊ី ឈ្នះ​ពានរង្វាន់​កញ្ញា Agape Wellness Beauty ។ កញ្ញា​មកពី​ប្រទេស​កម្ពុជា​កញ្ញា​ប៉ូ​គីម​ថេ​ង​សុ​ធីតា​បាន​ជាប់​ក្នុង​TopTen​និង​ទទួលបាន​ពានរង្វាន់​ដែល​រួសរាយ​ជាងគេ​។​កញ្ញា​មកពី​ប្រទេស​ប៊ុលហ្គារី​ទទួលបាន​ពាន​កញ្ញា​ដែល​ថតរូប​ស្អាត​ជាងគេ​និង​កញ្ញា​មកពី​ប្រទេស​បារាំង​ទទួលបាន​ពានរង្វាន់​កញ្ញា​មិត្តភាព​។​ពានរង្វាន់​កញ្ញា​ដែលមាន​ទេពកោសល្យ​ជាងគេ បាន​ទៅលើ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​។

​កញ្ញា​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​រាត្រីសមោសរ​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​វៀតណាម​ចំណែក​កញ្ញា​មកពី​ប្រទេស​ស្រីលង្ការ​បានឈ្នះ​ពានរង្វាន់​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​ប្រពៃណី​តំណាង​ជាតិ​ដែល​ការប្រកួត​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្ងៃ​ប្រកួត​ឈុត​សម្លៀកបំពាក់​ប្រពៃណី​តំណាង​ជាតិ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​កាលពី​ថ្ងៃទី​១០​ខែធ្នូ​។​ណាហ្គា​វើ​លដ៍​បាន​ផ្តល់នូវ​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​និង​សេចក្តីសុខ​បំផុត​សម្រាប់​កញ្ញា​ទាំង​៣០​រូប​ពី​ថ្ងៃទី​៣០​វិច្ឆិកា​រហូតដល់​ថ្ងៃទី​១៦​ធ្នូ​។​កញ្ញា​កំពូល​សម្រស់​ទាំងអស់​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ខ្មែរ​និង​សកម្មភាព​សប្បុរសធម៌​ផងដែរ​ជុំវិញ​រាជធានី​ភ្នំពេញ​។

គួរបញ្ជាក់​ផងដែរ​ថា​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​លើក​ទី​១៣​ក្នុងឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​D’TouchInternational​។​ការប្រកួត​លំដាប់​អន្តរជាតិ​នេះ​មានការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សាល​មហោស្រព NABA នៅ​ណាហ្គា​វើ​លដ៍​ទី​២ ជាទី​តាំង​ផ្លូវការ​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ស្ថានីយទូរទស្សន៍ BTV និង​អប្សរា បាន​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ខណៈ​កម្មវិធី​នេះ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​បន្តទៅ​កាន់​ជាង ៨០ ប្រទេស​ទូទាំង​ពិភពលោក​ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​កញ្ញា​មកពី​ប្រទេស​ប្រេ​ស៊ី​ល គ្រង​មកុដ​ជា​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩