ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ក្រុង​បាត់ដំបង​ថា យក​ផ្លូវ​សាធារណៈ​ក្បែរ​សួនច្បារ​សម្តេច ស ខេង ធ្វើជា​កន្លែងផ្ញើម៉ូតូ​យកលុយ​

476
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ប្រជាពលរដ្ឋ​ដែល​ទៅ​ហាត់ប្រាណ និង​ដើរលេង​កម្សាន្ត​នៅ​សួនច្បារ​សម្តេច​ក្រឡាហោម​សខេង បាន​រិះគន់​ខ្លាំងៗ ទៅលើ​អាជ្ញាធរ​ក្រុង​បាត់ដំបង​ថា បាន​យក​ផ្លូវ​សាធារណៈ​ក្បែរ​ចំណុច​សួនច្បារ​ឲ្យ​ខាង​អ្នក​ម៉ៅ​ភាស៊ី​ដាក់​ផ្ញើ​ម៉ូតូ​យកលុយ និង​លក់ដូរ​បែប​អាណាធិបតេយ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​សណ្តាប់ធ្នាប់​ពិសេស​វិស័យ​ទេ​ចរណ៍​ទីក្រុង​ស្អាត​ផ្ការំដួល​៣​ទង និង​ពេលខ្លះ​ធ្វើឱ្យ​ស្ទះចរាចរណ៍​ទៀតផង​។​

​ប្រជាពលរដ្ឋ​ដែលជា​អ្នកជិះ​ម៉ូតូ​ទៅ​ហាត់ប្រាណ និង​ដើរលេង​កម្សាន្ត​នៅ​សួនច្បារ​សម្តេច​ក្រឡាហោម​ស ខេង​ត្រើយ​ខាងកើត​ស្ទឹង​សង្កែ បានលើកឡើង​ដូចៗ​គ្នា​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ជា​រៀងរាល់​ថ្ងៃរសៀល ឬ​ពេល​ល្ងាច​ពួកគាត់​តែងតែ​នាំគ្នា​ជិះ​ម៉ូតូ​មក​ហាត់​បាណ និង​អ្នកខ្លះ​នាំ​គ្រួសារ​មក​ដើរលេង​កម្សាន្ត​អង្គុយ​ស្រូបយក​ខ្យល់អាកាស​ក្បែរ​មាត់​ស្ទឹង​សង្កែ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ត្រូវបាន​ក្រុម​អ្នក​ម៉ៅ​ភាស៊ី​កំពុង​រំលោភបំពាន ដោយ​យក​ចំណែក​ផ្លូវ​សាធារណៈ​ដាក់​ផ្ញើ​ម៉ូតូ​យកលុយ​ក្នុង​ម៉ូតូ​១​គ្រឿង ១​ពាន់​រៀល​លើសពី​សៀវភៅ​បន្ទុក​របស់​មន្ទីរ​សេដ្ឋ និង​លើសពី​ភាស៊ី​ផ្សារ​ទៅទៀត ព្រមទាំង​ឱ្យមាន​ការលក់ដូរ​បែប​អាណាធិបតេយ្យ​យកលុយ​ធ្វើអោយ​ផ្លូវ​រួម​តូច​បង្ករ​ការកកស្ទះ​ចរាចរណ៍​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បង្ហើប​អោយដឹងថា រយៈ​កន្លងមក​អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ធ្លាប់​ចុះមក​រៀបចំ និង​ដេញ​មិន​អនុញ្ញាត​ឲ្យ​មាន​ការដាក់​ផ្ញើ​ម៉ូតូ ឬ​លក់ដូរ​នៅលើ​ផ្លូវ​សាធារណៈ​ចំណុច​សួនច្បារ​មួយ​នេះ​ទេ​ដោយបាន​មួយ​រយះពេល​ខ្លី ក៏​ស្រាប់តែ​មានការ​ឃុបឃិត​គ្នា​ដើម្បី​ទាញយក​ផលប្រយោជន៍​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ផ្ញើ​ម៉ូតូ និង​លក់ដូរ​ឡើងវិញ ដោយ​មិន​គិតពី​ផលប៉ះពាល់​អ្វី​ទាល់តែសោះ​។​

​ការដាក់​ផ្ញើរ​ម៉ូតូ​លើផ្លូវ​សា​ធា​រណះ​នេះដែរ ក្រុម​អ្នកទទួល​ផ្ញើរ​ម៉ូតូ​នៅ​ទីនោះ បាន​ប្រាប់ថា ពួកគេ​បានការ​អនុញ្ញាត​ពី​ខាង​អាជ្ញាធរ​ក្រុង​បាត់ដំបង ដោយ​ក្នុងនោះ​ចែកចេញជា​ពីរ ចំណែក​ពាក់កណ្ដាល​ដាក់​ផ្ញើរ​សំរាប់​ចំណត​កាហ្វេរ​អនុញ្ញាត ដោយ​នគរបាល​ក្រុង​បាត់ដំបង និង​ពាក់កណ្ដាល​ដាក់​ផ្ញើរ​ដោយ​ក្រុម​ម៉ៅ​ភាស៊ី ដែល​បង់លុយ​ខែ​ឲ្យ​ខាង​សាលាក្រុង​បាត់ដំបង​។​

​ពាក់​ព​ន្ធ័​ជាមួយនឹង​ការលើកឡើង​ខាងលើ​នេះដែរ លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង​ខាង​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយសារ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក​។​ចំណែក​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​លោក​មិនបាន​អនុញ្ញាតអោយ​នោះទេ ហើយ​លោក​និង​ចាត់​អោយ​ខាង​ប៉ូលិស​ចុះទៅ​រើចេញ​។​

​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា​តើ​លោក ផេង សិទ្ធី អភិបាលក្រុង​ចេញ​បញ្ជា​ឱ្យ​អធិការ​ក្រុង​ដេញ​មិន​ឱ្យមាន​ការដាក់​ភាស៊ី​យកលុយ​ពី​ម៉ូតូ ឬ​អ្នកលក់ដូរ​បានដែរ​ឬទេ ឬមួយ​គ្រាន់តែ​និយាយ​ឱ្យ​ពិ​រោះ​ស្តាប់​តែ​ប៊ុ​ណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម