កងទ័ព​អាកាស​កូរ៉េខាងត្បូង បង្ហាញ​សមត្ថភាព​ប្រើ​យន្តហោះ​F-35 សំរាប់​បំផ្លាញ​ទីតាំង​កូរ៉េខាងជើង​(វីដេអូ)

733
ចែករម្លែក

កាលពី​សប្តាហ៍​កន្លងទៅ សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា កងទ័ពអាកាស​របស់​ប្រទេស​រំពឹងថា​នឹង​សំរេច​បាន​សមត្ថភាព​ប្រតិបត្តិការ​ដំណាក់កាល​ដំបូង​នៅ​ខែ​នេះ​​សំរាប់​កង​យន្តហោះ​ប្រយុទ្ធ​ធុន F-35As របស់ខ្លួន ។​

​កូរ៉េ​ខាងជើង​បាន​គំរាម​កំទេច​យន្តហោះ​ទំនើប​បំផុត​ផលិត​នៅ​អាម៉េរិក​នេះ ដោយ​ហៅ​ការប្រគល់​យន្តហោះ​ប្រភេទ​នេះ​អោយ​កូរ៉េខាងត្បូង​ថា​ជា​«​អំពើ​បង្ក​គ្រោះថ្នាក់​ខ្លាំង​»​។​

​កងទ័ពអាកាស​របស់​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ចេញ​វីដេអូ​រយៈពេល​ជាង​៤​នាទី ដោយ​បង្ហាញ​សមត្ថភាព​ជឿនលឿន​របស់ខ្លួន ក្នុងការ​ប្រើ​យន្តហោះ​ទំនើប​ស៊េរី​ចុងក្រោយ​នេះ ។​

​វីដេអូ​បង្ហាញ​យន្តហោះ​F-35A’s​ដែល​អាច​គេច​ចេញពី​ការចាប់​របស់​រ៉ា​ដា វាយប្រហារ​លើ​គោលដៅ​តំណាង​របស់​កូរ៉េខាងជើង​(​គោលដៅ​ក្លែងក្លាយ​)​រួម​មាន​ទម្រ​បាញ់​កាំជ្រួច​ផ្លោង​​ឆ្លង​ទ្វីប​Hwasong-14 របស់​កូរ៉េ​ខាងជើង និង​អ្វី​ដែល​ទំនង​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផលិត​នៅ​រុស្ស៊ី Pantsir-S1 និង​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​ចល័ត​ធុន​2K12 Kub​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​(​កូរ៉េខាងត្បូង​)​ត្រូវ​ទទួល​យន្តហោះ​F-35A​មួយក្រុម​ដំបូង​ចំនួន​១៣​គ្រឿង​នៅ​មុន​ដាច់​ឆ្នាំនេះ ហើយ​៤៧​គ្រឿង​ទៀត​កំពុង​បញ្ជា​ទិញ​។​

​កូរ៉េ​ខាងជើង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការបញ្ជូន​យន្តហោះ​F-35 មកកាន់​ឧបទ្វីប​កូរ៉េ ដោយ​ចាត់ទុក​វា​ជា​សព្វាវុធ​វាយប្រហារ​បង្ការ​ជាមុន និង​បាន​សន្យា​អភិវឌ្ឍ​និង​សាក​​ល្បង​អាវុធ​ពិសេស​ថ្មីៗ​ដើម្បី​កំទេច​សព្វាវុធ​នៅ​កូរ៉េ​ខាងត្បូង​៕​ដោយ​៖​វាសនា​

F-35 ជា​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​៥ ដែល​ត្រូវបាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អាម៉េរិក និង​មាន​តំលៃ​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​យន្តហោះ​ប្រយុទ្ធ​នានា​