បាតុករលីបង់ប៉ះទង្គិចជាមួយប៉ូលិសឈានដល់យប់ថ្ងៃទី២

331
ចែករម្លែក

ក្រុមអ្នកតវ៉ាលីបង់បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃអាទិត្យទី១៥ធ្នូសម្រាប់រាត្រីទី២ជាប់ៗគ្នានៅជិតសភា នៅមុនការពិគ្រោះយោបល់ដែលបានពន្យាពេលជាច្រើនលើកដើម្បីបង្កើតគណៈរដ្ឋមន្រ្តីថ្មីចាំបាច់មួយដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅ។

ការប៉ះទង្គិចគ្នាជាថ្មីនៅទីក្រុងបៃរូតកើតឡើងខណៈដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោករ៉ាយ៉ា អែលហាសសាន់បានបញ្ជាឱ្យកងកម្លាំងសន្តិសុខបើកការស៊ើបអង្កេត “យ៉ាងឆាប់រហ័សនិងមានតម្លាភាព” បន្ទាប់ពីមនុស្សរាប់សិបនាក់បានរងរបួសកាលពីយប់ថ្ងៃសៅរ៍។

ដោយមិនអើពើនឹងអំពើហិង្សា បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំពេញកណ្តាលក្រុងបៃរូតកាលពីថ្ងៃអាទិត្យ នៅមុនការពិគ្រោះយោបល់របស់សភា ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះដើម្បីតែងតាំងនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការតវ៉ាតាមដងផ្លូវដោយសន្តិវិធីជាច្រើនសប្តាហ៍បានបង្ខំឱ្យគណៈរដ្ឋមន្ត្រីមុនលាឈប់។

ការប្រមូលផ្តុំគ្នាតវ៉ាមិនធ្លាប់មានពីមុនមកបានកើតឡើងទូទាំងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ១៧ ខែតុលា ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយដែលគេចាត់ទុកថាមិនមានប្រសិទ្ធភាពនិងពុករលួយ និង ការបង្កើតរដ្ឋាភិបាលឯករាជ្យដែលសម្បូរអ្នកជំនាញបច្ចេកទេស។

អ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់បាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងម្តងទៀតនៅជិតសភា ដោយបាតុករនាំគ្នាគប់ដបទឹកនិងផាវដាក់កងកម្លាំងសន្តិសុខ ដែលបានឆ្លើយតបវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។

ពុំមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសទេ។

ប៉ុន្តែការប៉ះទង្គិចគ្នានេះបានគំរាមឈានទៅដល់ឈុតឆាកដដែលកាលពីល្ងាចថ្ងៃសៅរ៍ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសនៅពេលកម្លាំងសន្តិសុខប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមបាតុករដែលព្យាយាមផ្លោះរបាំងដែកនៅជិតស្ថាប័ននីតិប្បញ្ញត្តិ។

ក្រុមការពារជនស៊ីវិលលីបង់បាននិយាយថា ពួកគេបាននាំអ្នករងរបួសចំនួន ៣៦ នាក់ទៅកាន់មន្ទីរពេទ្យនិងព្យាបាលមនុស្សចំនួន ៥៤ នាក់នៅនឹងកន្លែងកើតហេតុកាលពីយប់ថ្ងៃសៅរ៍។ កាកបាទក្រហមលីបង់បាននិយាយថាខ្លួនបានដឹកមនុស្ស ១៥ នាក់ទៅកាន់មន្ទីរពេទ្យខណៈ ៣៧ នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅនឹងកន្លែង។

កាកបាទក្រហមនិយាយថាអ្នករងរបួសរួមមានក្រុមអ្នកតវ៉ានិងកងកម្លាំងសន្តិសុខ ដោយអ្នកខ្លះរងរបួសដោយសារឧស្ម័នបង្ហូរទឹកភ្នែកនិងខ្លះទៀតត្រូវនឹងដុំថ្មគេគប់។

កងកម្លាំងសន្តិសុខលីបង់និយាយថា កម្លាំងខ្លួនប្រហែល ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕ ដោយ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម