ទូរទស្សន៍ចិនដកចេញការប្រកួតរវាង Arsenal និង Man City ដោយសារអូហ្ស៊ីលរិះគន់ចិន

417
ចែករម្លែក

ទូរទស្សន៍ចិនបានដកចេញនូវការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ក្រុមកាំភ្លើងធំ Arsenal ជាមួយក្រុមមេឃខៀវ Manchester City កាលពីថ្ងៃអាទិត្យទី១៥ធ្នូ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរបស់ក្លិបក្នុងទីក្រុងឡុងដ៍ មេតស៊ូត អូហ្ស៊ីល បានរិះគន់ការបង្ក្រាបរបស់រដ្ឋាភិបាលប៉េកាំងទៅលើប្រជាជនមូស្លីមនៅក្នុងប្រទេសចិន។

ចិនគឺជាទីផ្សារផ្សាយផ្ទាល់បាល់ទាត់ក្រៅប្រទេសដ៏កាក់កបបំផុតរបស់ក្របខ័ណ្ឌ Premier League ដោយសិទ្ធិផ្សាយត្រូវបានលក់ក្នុងតម្លៃ៧០០ លានដុល្លារក្នុងកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២២។

ប៉ុន្តែជំនួសឱ្យការផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍កីឡានៃទូរទស្សន៍រដ្ឋចិន ដែលមានអូហ្សីលលេងក្នុងបរាជ័យរបស់ Arsenal ៣-០ ទល់នឹង Man City ប៉ុស្តិ៍រដ្ឋចិនបានចាក់ផ្សាយឡើងវិញនូវជ័យជម្នះរបស់ក្រុម Tottenham ទៅលើ Wolverhampton ២-១ ដែលលេងរួចនៅក្បាលព្រលប់ថ្ងៃអាទិត្យ។

សេវាកម្មផ្សាយផ្ទាល់តាមអ៊ីនធឺណេត PPTV.com ក៏បានលុបចោលនូវការប្រកួតរបស់ក្រុម Arsenal ដែលមានអូហ្ស៊ីលលេងជិតមួយម៉ោង មុនពេលកីឡាកររូបនេះត្រូវបានប្តូរចេញចំពេលមានការស្រែកហ៊ោនិងការស្រែកជេរប្រមាថពីអ្នកគាំទ្រផ្ទាល់របស់អូហ្ស៊ីល។ អូហ្សីលបញ្ចេញប្រតិកម្មខឹងច្រឡោតដោយទាត់ស្រោមដៃរបស់ខ្លួនចេញក្រៅតារាង។

លោក ហ្វ្រេតឌី លុងបឺក អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Arsenal បាននិយាយថា “របៀបដែលគាត់មានប្រតិកម្មគឺអាស្រ័យលើគាត់ ហើយខ្ញុំនឹងដោះស្រាយវា។ យើងនឹងដឹងថាសកម្មភាពនោះមានន័យយ៉ាងដូចម្តេចនាឆាប់ៗ ប៉ុន្តែជាការពិតយើងចង់ឱ្យកីឡាករប្រព្រឹត្តតាមវិធីត្រឹមត្រូវ”។

លោកលុងបឺកនឹងមិនពិភាក្សាពីចំណុចលម្អិតនៃសារបង្ហោះតាមបណ្តាញសង្គមរបស់អូហ្ស៊ីលកាលពីថ្ងៃសុក្រទេ ដែលនាំឱ្យកាំភ្លើងធំ Arsenal ជាប់ផុងក្នុងភាពចម្រូងចម្រាសជាមួយចិន។

លុងបឺកនិយាយថា “រឿងចិនគឺជារឿងនយោបាយ។ ខ្ញុំទុករឿងនេះឱ្យក្លិបជាអ្នកដោះស្រាយ”។

Arsenal បានប្រើសារបង្ហោះលើបណ្តាញសង្គមចិន Weibo ដើម្បីផ្តាច់ខ្លួនពីសកម្មភាពរបស់អូហ្ស៊ីល។

ក្លិបនៅខាងជើងក្រុងឡុងដ៍នេះបាននិយាយថា “ខ្លឹមសារដែលគាត់បានបង្ហាញគឺជាមតិផ្ទាល់ខ្លួនរបស់អូហ្ស៊ីលទាំងស្រុង។ ក្នុងនាមជាក្លិបបាល់ទាត់មួយ Arsenal តែងប្រកាន់ខ្ជាប់នឹងគោលការណ៍មិនពាក់ព័ន្ធនឹងនយោបាយ”។

អូហ្ស៊ីលបានថ្កោលទោសការចាប់ឃុំឃាំងជនជាងអ៊ុយហ្គួរនិងជនជាតិភាគតិចដទៃទៀតជាង១លាននាក់នៅក្នុងជំរំអប់រំកែប្រែនៅតំបន់ស៊ីនជាំងភាគនិរតីប្រទេសចិន កន្លែងដែលពួកគេនឹងត្រូវក្រុមប្រឆាំងចិនចោទប្រកាន់ថា យកទៅអប់រំផ្នែកនយោបាយ ធ្វើទារុណកម្ម វាយដំ និងបង្អត់អាហារ ក៏ដូចជាបដិសេធនូវសេរីភាពសាសនានិងភាសា។

សារបង្ហោះរបស់អូហ្ស៊ីលកាលពីថ្ងៃសុក្របានថ្កោលទោសចិនចំពោះការដុតគម្ពីរកូអាន ការបិទវិហារអ៊ីស្លាម និង ការសម្លាប់បញ្ញវន្តសាសនា៕ ដោយ៖កញ្ញាដាលីស

ការប្រកួតរវាង Arsenal និង Man City មិនបានចាក់ផ្សាយនៅចិនទេ ព្រោះអូហ្ស៊ីលថ្កោលទោសចិនរឿងឃុំខ្លួនជនជាតិអ៊ុយហ្គួរ

ទីតាំងផ្សាយពាណិជ្ជកម្ម