ប៉ោ ភា​រិ​ទ្ធ និង កូ​ឡាប ដាំ ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា​

331
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​១៤ ធ្នូ បានបញ្ចប់​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ហើយ ។​

​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ដែល​បាន​ចំណាត់ថ្នាក់ លេខ​១ ពូ​ល A ជួប​ជាមួយ អ្នក​ប្រដាល់​កម្ពុជា ដូចគ្នា ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ដែល​បាន​ចំណាត់ថ្នាក់ លេខ​២ ពូ​ល A ។​

​ស្ថានភាព​នៃ​ការប្រកួត រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ តាំងពី​ទឹក​ទី​១ ដល់​ទឹក​ទី​៥ វណ្ណៈ សម្រុកចូល​រហូត តែ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ចំ​គោលដៅ​ឡើយ ។ វណ្ណៈ មិនមាន​ស្នៀត អ្វី​ច្បាស់លាស់​ឡើយ គឺ​គេ​វ៉ៃ​ស្នៀត​ដដែលៗ ដោយ​ព្យាយាម វាយប្រហារ ជើង​ក្រោម ភា​រិ​ទ្ធ ព្រោះ​គេ​ដឹងថា ភា​រិ​ទ្ធ ខ្សោយ​ជើង​ក្រោម​។​

​ការ​វ៉ៃ​ស្នៀត​ដដែលៗ បែបនេះ ធ្វើ​ឲ្យ ភា​រិ​ទ្ធ មានឱកាស​ច្រាស់​សង​វិញ យ៉ាង​មាន​ប្រសិទ្ធភាព ។ ភា​រិ​ទ្ធ ដកថយ​មែន តែ​គេ​ថយ​វ៉ៃ មិនមែន​សម្រុកចូល ឲ្យ​គេ​វ៉ៃ​ដូច វណ្ណៈ ឡើយ ។ អ្នក​ប្រដាល់ ទាំង ២ រូបនេះ ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក ដែល​លទ្ធផល​ចុងក្រោយ ភា​រិ​ទ្ធ ឈ្នះ​វណ្ណៈ ដោយ​ពិន្ទុ​ដាច់ ។ ចៅក្រម​ទាំង ៥ រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ភា​រិ​ទ្ធ ឈ្នះ វណ្ណៈ​ទាំងអស់គ្នា ។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដែល​បាន​ចំណាត់ថ្នាក់ លេខ​១ ពូ​ល B ជួប​ជាមួយ​កូ​ឡាប ដាំ (Kolap Dam) ដែល​បាន​លេខ​២ ពូ​ល B ។​

ទិដ្ឋភាព​ប្រកួត​

​អ្នក​ប្រដាល់​ទាំង ២ រូប​នះ ក៏​ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក​ដូចគ្នា ។ ពួកគេ​ទាំង ២ ត្រូវ​អាជ្ញាកណ្ដាល ព្រមាន​ចំនួន ២ លើក​ដូចគ្នា ដោយសារតែ​គេ​ហាក់ដូចជា វ៉ៃ​គ្នា​ស្រាលៗ​ពេក ។ នៅក្នុង​ការប្រកួត រវាង​អ្នក​ប្រដាល់​ថៃ ទាំង ២ រូបនេះ លទ្ធផល​ចុងក្រោយ កូ​ឡាប ដាំ បានទទួល​ជ័យជំនះ លើ លូ​ម លេង ដោយ​ពិន្ទុ​។​

​ចៅក្រម​ទាំង ៥ រូប មានតែ​មួយរូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ លូ​ម លេង ឈ្នះ ឯ ៤ រូប​ទៀត សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ កូ​ឡាប ដាំ​ឈ្នះ ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ោ ភា​រិ​ទ្ធ ជួប​ជាមួយ កូ​ឡាប ដាំ ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់ រីឯ ពុ​យ វណ្ណៈ ជួប​ជាមួយ លូ​ម លេង ប្រជែង​យក​ចំណាត់ថ្នាក់ លេខ​៣ ។​

​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​១៤ ធ្នូ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ខេត្តសៀមរាប បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ថៃ កង មឿ​ន​លួង (Kong Moeungluong) ឲ្យ​សន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ។​

​ការប្រកួត​លើស​ង្វៀន ជើងឯក​អ្នក​ប្រយុទ្ធ កំពូល​ថាមពល Champion វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ខាវ កា​ឆាង (Khav Kachang) ដោយ​ទាត់​ឲ្យ​ខូច​ជើង​ស្ដាំ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។​

​ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ថៃ យ៉​ត សេន​ឆៃ (Yorth Senchhai) ដោយ​ដាល់​ចំ ពោះ បណ្ដាល​ឲ្យ​សន្លប់ នៅ​ទឹក​ទី​២ ៕v