ឥណ្ឌូនេស៊ីដាក់ពាក្យបណ្តឹងទៅ WTO ប្រឆាំងនឹងសហភាពអឺរ៉ុបជុំវិញដូងប្រេង

599
ចែករម្លែក

ក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីបាននិយាយថា ឥណ្ឌូនេស៊ីបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហភាពអឺរ៉ុប (EU) ជុំវិញផែនការបញ្ឈប់ការប្រើប្រាស់ជីវឥន្ធនៈដូងប្រេងសម្រាប់រថយន្ត។

ចំណាត់ការនេះអាចបង្កើនជម្លោះពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ីដែលជាប្រទេសផលិតដូងប្រេងកំពូលរបស់ពិភពលោកនិងសហភាពអឺរ៉ុបដែលគ្រោងនឹងបញ្ចប់ការប្រើប្រាស់ជីវឥន្ធនៈនៅត្រឹមឆ្នាំ ២០៣០ ដោយលើកឡើងពីក្តីបារម្ភជុំវិញការកាប់បំផ្លាញព្រៃឈើដែលបណ្តាលមកពីវិស័យនេះ។

មុននេះសហភាពអឺរ៉ុបបានដំឡើងពន្ធលើការនាំចូលជីវឧស្ម័នឧបត្ថម្ភធនពីប្រទេសឥណ្ឌូនេស៊ីដោយនិយាយថាខ្លួនចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាពនិងយុត្តិធម៌សម្រាប់អ្នកផលិតរបស់ខ្លួន។

ជាការឆ្លើយតបទៅនឹងអ្វីដែលគេហៅថាគោលនយោបាយរើសអើងប្រឆាំងនឹងការនាំចេញដូងប្រេងសំខាន់របស់ខ្លួន ប្រទេសឥណ្ឌូនេស៊ីបាននិយាយថាខ្លួនបានដាក់ពាក្យបណ្តឹងទៅអង្គការ WTO កាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីពាណិជ្ជកម្មលោក អាហ្គូស សូផាម៉ាន់តូ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី១៥ ធ្នូថា “ឥណ្ឌូនេស៊ីបានផ្ញើសំណើសុំការពិគ្រោះយោបល់ជាផ្លូវការនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩ ទៅកាន់សហភាពអឺរ៉ុបជាជំហានដំបូងសម្រាប់ពាក្យបណ្តឹង”។

ប្រទេសជិតខាងម៉ាឡេស៊ីដែលជាប្រទេសផលិតដូងប្រេងធំជាងគេទី ២ លើពិភពលោកក៏បានគំរាមប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងសហភាពអឺរ៉ុបផងដែរ។

លោកស្រី ថេរ៉េសា កុក រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកប្រេងដូងរបស់ម៉ាឡេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៦ ធ្នូថា លោកស្រីនឹងធ្វើដំណើរទៅកាន់អឺរ៉ុបនៅខែមីនាហើយពាក្យបណ្តឹងនឹងមិនធ្វើនោះទេរហូតដល់គ្រានោះមកដល់សិន។

លោកស្រីនិយាយថា លោកស្រីចង់ព្យាយាមបញ្ចុះបញ្ចូលក្រុមមន្ត្រីអឺរ៉ុបឱ្យផ្លាស់ប្តូរទិសដៅវិញនៅក្នុងដំណើររបស់លោកស្រី។

លោកស្រីបានបន្ថែមថា “ខ្ញុំចង់ផ្តល់ឱកាសដល់ដំណើររបស់ខ្ញុំ និងមើលថាតើខ្ញុំអាចបញ្ចៀសការដាក់ពាក្យបណ្តឹងនៅអង្គការ WTO បានឬអត់”៕ ដោយ៖ កញ្ញាដាលីស

សហភាពអឺរ៉ុបមានផែនការបញ្ឈប់ការប្រើប្រាស់ជីវឥន្ធនៈដូងប្រេងសម្រាប់រថយន្តក្នុងឆ្នាំ ២០៣០