បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តតាក់​ស៊ីបុកស្លាប់ រថយន្តតាក់ស៊ីរត់គេច​ខ្លួនបាត់

356
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយ​សាររូបគាត់ជិះម៉ូតូហើយបុកជាមួយរថយន្តតាក់ស៊ី ក្រោយពីកើតហេតុម្ចាស់រថយន្តតាក់ស៊ីបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ប៉ុន្តែចៃដន្យនោះទៀត​ក៏មានរថយន្តមួយគ្រឿងផ្សេងទៀត ក៏មកបុកគូថរថយន្តតាក់ស៊ីដែលបុកមនុស្សស្លាប់ថែមទៀតផង។

ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៏ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ថា បុរសដែលស្លាប់នោះមានឈ្មោះ ងឿន រិន អាយុ៣៦ឆ្នាំ រស់នៅភូមិសូនសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ដោយរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៏ខ្មៅ ពាក់ស្លាកលេខសៀមរាប១K៨២៣៩ ។

លោកអធិការបន្តថា មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៏មាស ពាក់ស្លាកលេខ២AB ៤០៩៦ បើកបរដោយជនមិនស្គាល់មុខពីទិសកើតទៅទិសលិច ហើយបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ខណៈនោះក៏មានរថយន្តធុនតូចមួយគ្រឿងទៀត ពាក់ស្លាកលេខសៀមរាប ២B ៩៥៩៤ បើកបរដោយឈ្មោះ ធីវ សុធិន ភេទប្រុស អាយុ២៤ឆ្នាំ បានបើកមកពីក្រោយកបុកគូថរថយន្តទី១ដែលបុកមនុស្សស្លាប់ថែមទៀតផង។

ទាំងរថយន្តបង្ករបុកមនុស្សស្លាប់និងរថយន្តបុកគូថគេពីក្រោយ ត្រូវបានរក្សាទុកដើម្បីធ្វើការដោះស្រាយ ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម