កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២លើ​​ស​កល​លោកក្នុងការកាត់បន្ថយការ​បន្ទោរបង់ពាសវាលពាសកាល

529
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសជាសាធារណ:ថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើសកលលោក គឺបានផ្លាស់ប្តូរកាត់បន្ថយពីការបន្ទោរបង់ពាសវាលពាសកាលមកបន្ទោរបង់តាមបង្គន់អនាម័យបានច្រើនជាងគេលើពិភពលោក។ នេះបើយោងតាមការសិក្សាជាសកលពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១៧។ ខណ:ដែលទូទាំងខេត្តកំពង់ចាមមានប្រជាពលរដ្ឋចំនួនជាង ១៧ម៉ឺនខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ និងចំនួនជាង១៩ម៉ឺន ខ្នងផ្ទះទទួលបានសេវាទឹកស្អាតប្រើប្រាស់។

លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបានមានប្រសាសន៍បែបនេះនៅឳកាសដែលអញ្ជើញចូលរួមបើកសន្និសិទលើកទី១ ស្តីពីអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាពការងារ វិស័យទឹកស្អាត និងអនាម័យជនបទ។ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច( UME) ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩។

លោកអគ្គនាយកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យទឹកស្អាត និងអនាម័យនៅជនបទនេះតាំងពីឆ្នាំ២០០៣។ ដោយបានដាក់ចេញនូវគោលនយោបាយប្រជាពលរដ្ឋនៅទីជនបទនឹងទទួលបានទឹកស្អាត និងអនាម័យនៅជនបទ គឺគ្រប់ដណ្តប់ ១០០ភាគរយនៅឆ្នាំ២០២៥។ ជាក់ស្តែងឆ្នាំ២០១៧ អត្រាគ្រប់ដណ្តប់ថ្នាក់ជាតិផ្នែកប្រព័ន្ធទឹកស្អាតចំនួន ៥៨,៧ ភាគរយ និងចំនួន ៧៦,២ ភាគរយលើប្រព័ន្ធអនាម័យជនបទ។

មន្រ្តីរូបនេះបានថ្លែងបន្ថែមថា ពិសេសអ្វីដែលគួរឲ្យកត់សម្គាល់ និងជាមោទនភាពនោះគឺ ការសិក្សាស្រាវជ្រាវសកលមួយ ក្នុងរង្វង់ឆ្នាំ២០០០ ដល់ ឆ្នាំ២០១៧ បានបង្ហាញថា ប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក គឺជាប្រទេសដែលបានផ្លាស់ប្តូរ កាត់បន្ថយពីការបន្ទោរបង់ពាសវាលពាសកាល មកជាការបន្ទោរបង់តាមបង្គន់អនាម័យ បានច្រើនជាងគេលើសកលលោក។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា សន្និសីទនាថ្ងៃនេះពិតជាមានសារ:សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាជាអភិបាលស្រុក និងមេឃុំ គឺដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្រ្តជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកំណត់ត្រឹមឆ្នាំ២០២៥ ពោល គឺប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងរស់នៅក្នុងបរិស្ថានមានអនាម័យល្អ ១០០ភាគរយប្រកបដោយនិរន្តភាព។

លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា ផ្អែកតាមលទ្ធផលរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលមានលោក ហាន កុសល ជាប្រធាន និងជាអភិបាលរងខេត្តបានបង្ហាញថា ឆ្នាំ២០១៨ ប្រជាពលរដ្ឋខេត្តកំពង់ចាម ​ដែលទទួលបានសេវាអនាម័យ គឺមានបង្គន់អនាម័យប្រើប្រាស់ចំនួន ១៧៩.៩៨៤ ខ្នងផ្ទះស្មើនឹង ៦៧ភាគរយ និងប្រជាពលរដ្ឋចំនួន ១៩២.៤០១ខ្នងផ្ទះ ស្មើនឹង៧២ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់។

លោកបានមានប្រសាសន៍បន្តថា នេះបង្ហាញថា ផ្នែកអនាម័យយើងនៅខ្វះចំនួន ៣៣ ភាគរយទៀត និងផ្នែកទឹកស្អាតនៅខ្វះចំនួន ២៨ភាគរយទៀត។ តើអភិបាលស្រុក និងមេឃុំយើងអាចសម្រេចបានតាមគោលដៅយុទ្ធសាស្រ្តដែរឬទេ? ក្នុងរយ:ពេល ប្រាំមួយ ឆ្នាំទៀត គឺឆ្នាំ២០២៥នោះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម