​ណាហ្គា​វើ​លដ៍​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក​មេដាយមាស​ស៊ី​ហ្គេម​

484
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កាលពីល្ងាចថ្ងៃទី​១៦​ធ្នូ​ឆ្នាំ​២០១៩​ណាហ្គា​វើ​លដ៍​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ពិ​សេសមួយ​ដើម្បី​អបអរសាទរ​ដល់​ជ័យជម្នះ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​(​ស៊ី​ហ្គេម​)​លើក​ទី​៣០​ដែល​ទើបនឹង​បញ្ចប់​ក្នុងពេល​ថ្មីៗ​នេះ​។​

​ពិធី​ប្រគល់​រង្វាន់​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គា​ស៊ី​ធី​វ៉ក​ដោយមាន​ការចូលរួម​ពី លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រតិភូ​កីឡា​អត្ត​ព​លិ​ក​និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។
​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​“​ដំណើរ​ឆ្ពោះទៅរក​មេដាយមាស​”​របស់​ណាហ្គា​វើ​លដ៍​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា អត្ត​ព​លិ​ក​មេដាយមាស​ឯកត្តជន​ម្នាក់ នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់ ៦.០០០ ដុល្លារ​អាមេរិក​។ ចំណែកឯ​អត្ត​ព​លិ​ក​មេដាយមាស​ក្រុម​មួយក្រុម​នឹង​ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០.០០០ ដុល្លារ​អាមេរិក​ដែល​ប្រាក់រង្វាន់​នេះ​កើនឡើង​ទ្វេដង​កាលពី​ស៊ី​ហ្គេម​លើក​មុន​។​

​វីរ​កីឡាករ និង​វីរ​កីឡាការិនី​ដែល​ទទួលបាន​មេដាយមាស​ពី​ស៊ី​ហ្គេម​ក្នុងឆ្នាំនេះ​មាន​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន​សៀវ​ម៉ី​ក្នុង​ប្រភេទ​ទម្ងន់​លើស​៧៣​កី​ឡូ​ក្រាម​,​កីឡាការិនី​ជឺ​ជិត​ស៊ូ​ខាន់​ចេ​សា​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ កី​ឡូ​ក្រាម​, កីឡាករ​គុន​ល្បុក្កតោ​យ៉ុង​ម៉េង​លី​និង​កីឡាការិនី​ប៉េតង់​ក្រុម​៣​ទល់​៣​ស្រេង​សុរ៉ា​ឃីម ឃួន​យ៉ា​រី​ដួង​ឌី​ណា​និង​អ៊ុន​ស្រី​យ៉ា​។​

​ក្រៅពីនេះ​ណាហ្គា​វើ​លដ៍​ក៏បានផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក​មេដាយមាស​ម្នាក់ៗ​នូវ​ទឹកប្រាក់​១.០០០​ដុល្លារ​អាមេរិក​ព្រមទាំង​ផ្តល់​រង្វាន់​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នូវ​ទឹកប្រាក់​៤.០០០​ដុល្លារ​អាមេរិក​ផងដែរ​។​ចំពោះ​មេដាយមាស​ទាំង​៤​ដែល​អត្ត​ព​លិ​ក​ទទួលបាន​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​លើសពីនេះទៅទៀត​ណាហ្គា​វើ​លដ៍​ក៏បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​កីឡា​សម្រាប់​គណៈប្រតិភូ​ដឹកនាំ​កីឡា​និង​អត្ត​ព​លិ​ក​ទាំងអស់​ទៅកាន់​ប្រទេស​ហ្វីលីពីន​ផងដែរ​។

លោក​PernChen​នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍​បាន​មានប្រសាសន៍ថា​“​ចំនួន​មេដាយ​ស៊ី​ហ្គេម​ក្នុងឆ្នាំនេះ​របស់​កម្ពុជា​លើសពី​ឆ្នាំមុន​ជាង​ពីរដង​។​យើង​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​និង​បណ្តុះបណ្តាល​អត្ត​ព​លិ​ក​កម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​ជា​លំដាប់​ពី​ស៊ី​ហ្គេម​មួយ​ទៅ​ស៊ី​ហ្គេម​មួយទៀត​។​

​ណាហ្គា​វើ​លដ៍​មាន​កិត្តិយស​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៅក្នុង​ដំណើរ​នេះ​ខណៈ​យើង​គាំទ្រ​ដល់​កម្មវិធី​កីឡា​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ទូទាំងប្រទេស​។​ក្នុងការ​ត្រៀមខ្លួន​នៅពេល​កម្ពុជា​ធ្វើជា​ផ្ទះ​ម្ចាស់​ស៊ី​ហ្គេម​លើក​ទី​៣២​ក្នុង​ឆ្នាំ​២០២៣​យើង​សង្ឃឹមថា​ការខិតខំ​ប្រឹងប្រែង​វិនិយោគ​របស់​យើង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ហុច​ផ្លែផ្កា​និង​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​របស់​កម្ពុជា​កាន់តែខ្លាំង​”​។

គួរ​រំឭក​ផងដែរ​ថា​ណាហ្គា​វើ​លដ៍​គឺជា​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​រយៈពេល​វែង​ជាងគេ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​ក្រុមហ៊ុន​ទីមួយ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០១១ ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១២​ក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​

​បន្ទាប់មក​ណាហ្គា​វើ​លដ៍​បាន​បន្ត​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​រយៈពេល​៤​ឆ្នាំ​របស់ខ្លួន​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ដើម្បី​ផ្តល់រ​ង្វាន់​ជា​ទឹកប្រាក់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​បាន​ទទួលបាន​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​។​កាលពីដើមឆ្នាំ​២០១៩​នេះ​ណាហ្គា​វើ​លដ៍​បាន​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៤​ឆ្នាំ​បន្ថែមទៀត​ដើម្បី​ឧបត្ថម្ភ​នៅក្នុង​៖​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​និង​កីឡា​ជនពិការ​លើក​ទី ១០ ក្នុងប្រទេស​ហ្វីលីពីន​។

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​និង​កី​ឡ​ជនពិការ​លើក​ទី​១១​ឆ្នាំ​២០២១​ក្នុងប្រទេស​វៀតណាម​។​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​និង​កីឡា​ជនពិការ​ឆ្នាំ​២០២០​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី​ឆ្នាំ​២០២០​ក្នុង​ទីក្រុង​សាន​យ៉ា​ប្រទេស​ចិន​។​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ​២០២២​ក្នុង​ទីក្រុង​ហាង​ចូ​វប្រ​ទេស​ចិន​និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន​រដូវក្តៅ​ឆ្នាំ ២០២២ ក្នុង​ទីក្រុង​ដា​កាប្រទេស​សេ​ណេ​ហ្គា​ល់​។​

​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជួយ​កសាង​ប្រទេស​កម្ពុជា​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​កីឡា​ណាហ្គា​វើ​លដ៍​នឹង​បន្ត​ជួយ​អភិវឌ្ឍ និង​លើកស្ទួយ​វិស័យ​កីឡា​ក្នុងប្រទេស​កម្ពុជា រួមមាន​កីឡាបាល់ទាត់ តេ​ន្នី​ស ប្រដាល់សេរី បាល់ឱប ក្បាច់គុន​ចម្រុះ និង​កីឡា​ជាច្រើន​ទៀត​។ ការឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​លដ៍ បាន​លើកទឹកចិត្ត​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្រិត​តំបន់​និង​កម្រិត​ជាតិ​ដែល​នាំទៅរក​ភាពជោគជ័យ​កាន់តែច្រើន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​លដ៍ ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​មេដាយមាស​ស៊ី​ហ្គេម​