ចិន​និង​រុស្ស៊ីស្នើ​ដក​ទណ្ឌកម្ម​ខ្លះ​លើ​កូរ៉េខាងជើង តែ​អាម៉េរិក​ថា​មិនទាន់​ដល់​ពេល​

398
ចែករម្លែក

ប្រទេស​ចិន​និង​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ មាន​ផែនការ​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដក​បំរាម​ខ្លះ​លើ​កូរ៉េខាងជើង​និង​បន្ត​កិច្ចពិភាក្សា​៦​ភាគី​ភ្លាម តែ​មន្ត្រី​ក្រ​​សួង​ការបរទេស​អាម៉េរិក​ម្នាក់​បាន​និយាយថា ឥឡូវ​មិន​ជា​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ពិចារណា​ដក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទេ ដោយសារតែ​ប្រទេស​​នេះ​«​គំរាម​បង្ករឿង​ខ្លាំង​ឡើង បដិសេធ​មិន​ជួបពិភាក្សា​រឿង​រំសាយ​ចោល​នុយគ្លេអ៊ែ​រ និង​បន្ត​រក្សា​ទុក​ហើយ​អភិ​វ​ឌ្ឃ​សព្វាវុធ​មហា​ប្រល័យ​ដែល​អន្តរជាតិ​ហាមឃាត់​និង​កម្ម​​វិធី​កាំជ្រួច​ផ្លោង​របស់ខ្លួន​»​។​

​យោង​តាម​ពង្រាង​សេចក្តីសំរេចចិត្ត​ដែល​អ្នកសារព័ត៌មាន​បាន​ឃើញ ចិន​និង​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​ស្នើ​សុំ​ដក​បំរាម​នាំចេញ​រូបចម្លាក់ អាហារ​សមុទ្រ​និង​ទំនិញ​វាយ​ន​ភណ្ឌ​​លើ​កូរ៉េខាងជើង​។​វា​ជា​ចំណាត់​មួយ​របស់​ភាគី​រុស្ស៊ី​ដើម្បី​ជំរុញ​អោយ​មាន​ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ព្យុង​យ៉ាង​។​

​ពង្រាង​សេចក្តីសំរេចចិត្ត​នេះ​ក៏​សុំ​ដក​បំរាម​លើ​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​ធ្វើការ​នៅ​បរទេស​និង​បញ្ចប់​ការ​តំរូវអោយ​បញ្ជូន​ខ្លួន​កម្មករ​ពលករ​ដូច្នេះ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​​វិញ​នៅ​យ៉ាង​យូរ​បំផុត​ត្រឹម​សប្តាហ៍​ក្រោយ​។​វា​ក៏​ស្នើសុំ​អោយ​គំរោង​កិច្ចសហប្រតិបត្តិការ​ផ្លូវថ្នល់​និង​ផ្លូវដែក​រវាង​កូរ៉េ​ទាំង​ពីរ​រួចផុត​ពី​បំរាម​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​គេ​មិនដឹងថា​តើ​ពង្រាងច្បាប់​នៅ​នឹង​ត្រូវ​ដាក់​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​១៥​ប្រទេស​បោះឆ្នោត​សំរេច​នៅ​ពេល​ណា​ទេ តែ​សេចក្តីសំរេច​ចិត្ត​មួយ​វា​ទាមទារ​សម្លេងឆ្នោត​គាំ​​ទ្រ​ពី​សមាជិក​យ៉ាងតិច​៩ និង​គ្មាន​ការ​វ៉េតូ​ជំទាស់​ណាមួយ​ចេញ​ពី​សមាជិក​អចិន្ត្រៃយ៍ អាម៉េរិក បារាំង អង់គ្លេស រុស្ស៊ី​ឬ ចិន​។​ដូច្នេះ លទ្ធភាព​ចេញ​សេចក្តីសំរេច​ចិត្ត​មួយ​ដូច្នេះ​ហាក់​​មិន​មាន​ទាល់តែសោះ​បើ​មិន​មាន​ការយល់ព្រម​ពី​សមាជិក​អចិន្ត្រៃយ​ណាមួយ​។​

​ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា ការចរចា​ជាមួយ​សមាជិក​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​និង​ថា​ទណ្ឌកម្ម​​ដែល​ស្នើ​ដក​មិន​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយគ្លេអ៊ែ​របស់​កូរ៉េខាងជើង​ផ្ទាល់​ទេ «​វា​ជា​បញ្ហា​មនុស្សធម៌​»​។​

​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ដែល​រុស្ស៊ី​និង​ចិន​សុំ​ដក ធ្លាប់​រក​ប្រាក់ចំណូល​រាប់រយ​លាន​ដុល្លារ​អោយ​កូរ៉េខាងជើង និង​វា​ត្រូវបាន​ដាក់​អោយ​ស្ថិតក្រោម​ទណ្ឌកម្ម​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ​ដើម្បី​កាត់​ផ្តាច់​ថវិកា​សំរាប់​កម្មវិធី​នុយគ្លេអ៊ែរ​និង​កាំជ្រួច​របស់​របប​ក្រុង​ព្យុងយ៉ាង​។​

​អាម៉េរិក បារាំង​និង​អង់គ្លេស នៅតែ​និយាយ​ដដែល​ថា គ្មាន​ទណ្ឌកម្ម​ណា​ត្រូវបាន​ដកចេញ​ទេ ដរាបណា​កូរ៉េ​ខា​ជើង​មិន​បោះបង់​ចោល​កម្មវិធី​កាំជ្រួច​ផ្លោង​និង​នុយគ្លេអ៊ែរ​របស់​​ខ្លួន​៕​ដោយ​៖​វាសនា​

មាន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​ដែល​ថា កូរ៉េខាងជើង​អាច​បន្ត​សាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​នុយគ្លេអ៊ែរ ដែល​ត្រូវបាន​ផ្អាក​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដោយសារ​តែ​កិច្ច​​ពិភាក្សា​រំសាយ​នុយគ្លេអ៊ែរ​កូរ៉េខាងជើង​ជាប់គាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម