ព័ត៌មានក្លែងក្លាយធ្វើឱ្យសារព័ត៌មាន Bloomberg រងការផាកពិន័យជាង៥លានដុល្លារ

523
ចែករម្លែក

ទីភ្នាក់ងារឃ្លាំមើលទីផ្សារហិរញ្ញវត្ថុបារាំងកាលពីថ្ងៃចន្ទ​ទី១៦ធ្នូបានពិន័យសារព័ត៌មាន Bloomberg ចំនួន៥ លានអឺរ៉ូ (៥,៦ លានដុល្លារ) សម្រាប់របាយការណ៍ផ្អែកលើការចេញផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុនសំណង់យក្សបារាំង Vinci និងធ្វើឱ្យបាត់បង់តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះរាប់ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Vinci បានធ្លាក់ចុះជិតមួយភាគប្រាំកាលពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៦ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយរបាយការណ៍ផ្អែកលើអ្វីដែលគេអះអាងថាជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vinci។

សេចក្តីប្រកាសព័ត៌មាននោះនិយាយថា ក្រុមហ៊ុន Vinci បានបណ្តេញប្រធានហិរញ្ញវត្ថុរបស់ខ្លួនហើយកំពុងរៀបចំគណនីរបស់ខ្លួនឡើងវិញសម្រាប់ឆ្នាំ ២០១៥ និងឆមាសទីមួយនៃឆ្នាំ ២០១៦ បន្ទាប់ពីបានរកឃើញកំហុសគណនេយ្យដែលមានតម្លៃរាប់ពាន់លានអឺរ៉ូ។

ទីភ្នាក់ងារឃ្លាំមើលទីផ្សារហិរញ្ញវត្ថុបារាំង AMF និយាយថា សារព័ត៌មាន Bloomberg បានចែកចាយព័ត៌មានមិនពិត។

AMF និយាយថា សារព័ត៌មាន Bloomberg មិនបានគោរពក្រមសីលធម៌សារព័ត៌មានទេព្រោះគ្មានការផ្ទៀងផ្ទាត់ព័ត៌មានសោះមុននឹងបោះពុម្ពផ្សាយ។

បន្ទាប់ពីព័ត៌មានក្លែងក្លាយបានចែកចាយដោយវេបសាយ vinci.group សារព័ត៌មាន Bloomberg ក៏យោងធ្វើជាប្រភពហើយចេញផ្សាយបន្ត ហើយកន្លះម៉ោងក្រោយមក ក្រុមហ៊ុន Vinci ក៏បានចេញសេចក្តីប្រកាសមួយបដិសេធដំណឹងក្លែងក្លាយនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Vinci បានធ្លាក់ចុះ ១៩ ភាគរយនៅមួយចំណុច ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់តម្លៃរបស់ខ្លួនចំនួន ៦ ពាន់លានអឺរ៉ូ។

សារព័ត៌មាន Bloomberg បាននិយាយថា ខ្លួនខកចិត្តចំពោះសេចក្តីសម្រេចរបស់ AMF ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍។

អ្នកនាំពាក្យម្នាក់បាននិយាយថា “សារព័ត៌មាន Bloomberg គឺជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះនៃការបោកបញ្ឆោតដ៏ស្មុគស្មាញ… យើងសោកស្តាយដែល AMF មិនព្រមតាមរកនិងផ្តន្ទាទោសជនល្មើសបោកបញ្ឆោត ហើយបែរជាងាកមកដាក់ទណ្ឌកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលខំប្រឹងអស់ពីសមត្ថភាពដើម្បីរាយការណ៍អំពីអ្វីដែលជាព័ត៌មាន មានតម្លៃក្នុងការចែករំលែក”។

ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ក៏ស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលបានទទួលព័ត៌មានក្លែងក្លាយដែរ ប៉ុន្តែបានកត់សម្គាល់ទាន់ពេលថា ឯកសារនោះត្រូវបានដាក់បញ្ចូលតាមអ៊ីនធឺណេតដោយវេបសាយបោកប្រាស់ឈ្មោះ vinci.group មិនមែន vinci.com នោះទេ៕ ដោយ៖កញ្ញាដាលីស

លោក ម៉ៃឃើល ប៊្លូមបឺក ម្ចាស់សារព័ត៌មាន Bloomberg News

ទីតាំងផ្សាយពាណិជ្ជកម្ម