ប្រធានាធិបតី​ចិន ផ្តល់​ការគាំទ្រ​ឥត​ស្ទាក់ស្ទើរ​ចំពោះ​មេដឹកនាំ​ហុងកុង​

433
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ប្រាប់មេដឹកនាំ​ហុងកុង លោកស្រី​ការី ឡាំ​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ​ថា លោកស្រី​មាន “​ការគាំទ្រ​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​”​របស់​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង បន្ទាប់ពី​មាន​ការប្រមូលផ្ដុំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​កាលពីដើម​ខែ​នេះ​និង​បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោកស្រី​បាក់មុខ ដោយសារ​តែ​បណ្តា​បក្ស​​គាំទ្រ​រដ្ឋាភិបាល​ចាញ់​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​(​ក្រុមប្រឹក្សា​សង្កាត់​ក្រុង​ហុងកុង​)​កាលពី​ពេល​ថ្មីៗ​នេះ​។​

​មាន​ការតវ៉ា​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង​នេះ​អស់​រយៈពេល​៦​ខែ​មក​នេះ​ ដោយ​មាន​ការ​បះ​ទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុមបាតុករ ហើយ​ការតវ៉ា​នេះ​​បាន​បង្ក​ការរំខាន​ដល់​ការធ្វើដំណើរ​និង​ការដឹកជញ្ជូន​នៅ​ទីក្រុង​នេះ​។​

​ក្រុមអ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យ​លោកស្រី​ការី ឡាំ ដែល​លែង​មាន​ប្រជាប្រិយភាព​នេះ ចុះចេញ​ពី​តំណែង​ជា​មេដឹកនាំ ប៉ុន្តែ​លោកស្រី​បាន​ទទួល​ការគាំទ្រ​ពី​ក្រុម​មេដឹកនាំ​ចិន​ក្នុង​​អំឡុង​ដំណើរ​ទស្សនកិច្ច​ប្រចាំ​ឆ្នាំ​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក ស៊ី ជីន​ពីង បាន​ប្រាប់លោកស្រី​ការី ឡាំ​ នៅឯ​មហា​វិមាន​ប្រជាជន​ថា​រដ្ឋាភិបាលកណ្តាល​ទទួល​ស្គាល់​យ៉ាង​ពេញលេញ​នូវ​ភាពក្លាហាន​និង​ការ ទទួលខុសត្រូវ​ដែល​លោកស្រី​​បាន​បង្ហាញ​នៅក្នុង​រយៈពេល​ដ៏​ពិសេស​មួយ​នៅ​ហុងកុង​។

​ក្នុងជំនួប​ជាមួយ នាយករដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង មេដឹកនាំ​លំដាប់​ទី​២​របស់​ចិន​រូបនេះ​បាន​ព្រមាន​ថា ​ទីក្រុង​ពាក់កណ្តាល​ស្វ័យ​ត​នេះ​នៅ​មិនទាន់​ចេញផុត​ពី​«​ទ្វេ​គ្រោះ​របស់​វា​​នៅឡើយ​ទេ​» និង​ថា​ការតវ៉ា​ប្រឆាំង​កន្លងមក​បាន​ប៉ះពាល់​វិស័យ​ជា​ច្រើន​យ៉ាង​ធ្ងន់ធ្ងរ​។​

​លោក​លី​បានបញ្ជាក់​ថា «​រដ្ឋាភិបាល​ហុងកុង​ត្រូវ​បន្ត​កិច្ច​ខិតខំ​របស់ខ្លួន បញ្ចប់អំពើហិង្សា និង​បញ្ឈប់​ចលាចល​ដោយ​អនុវត្ត​វិធានការ​ស្របតាម​ច្បាប់​និង​សណ្តាប់ធ្នាប់​»៕​ដោយ​៖​សុខា​/sn/Ha

ក្នុងអំឡុង​លោកស្រី​ធ្វើ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​១៦​ធ្នូ ក្រុម​មេដឹកនាំ​ចិន​រួមទាំង ប្រធានាធិបតី​ស៊ី ជីន​ពីង សរសើរ​លោកស្រី ការី ឡាំ ក្នុងការ​ប្រឈម​ដោះស្រាយ​វិបត្តិ​​នយោបាយ​ហុងកុង​

ទីតាំងផ្សាយពាណិជ្ជកម្ម