​រថយន្ត​ដឹកឈើ​មួយគ្រឿង​ប៉ះចំ​ថ្ងៃ​ស៊យ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​

372
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ដេញ​ស្ទាក់​ចាប់បាន​រថយន្ត​កា​ម​រី​ស៊េរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។​ការបង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​មួយគ្រឿង​នេះ​បានធ្វើ​ឡើង​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧​ត្រង់ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក​ជិត​ព្រំប្រទល់​រវាង​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ សមត្ថកិច្ច​បាន​ដេញ​ស្ទាក់ចាប់​រថយន្ត​ប្រភេទ​ទេសចរ​កាមរី​បា​ឡែ​ន​មួយគ្រឿង​ដែល​គេ​សង្ស័យថា​បាន​លួច​ដឹកឈើ​ធ្នង់​ចេញពី​ខេត្តស្ទឹងត្រែង​ក្នុង​បំណង​បើក​ឆ្ពោះទៅកាន់​ទឹកដី​ខេត្តក្រចេះ​។​លុះ​ពេល​រថយន្ត​នោះ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក​ដែល​គេ​ដាក់​យាម​ត្រួតពិនិត្យ​ទាំងយប់​ទាំង​ថ្ងៃ​ត្រូវបាន​ឃាត់​។​

រថយន្ត​កាមរី​ដឹកឈើ​នោះ​ក៏ត្រូវ​ជាប់អន្ទាក់​ត្រឹមនោះ​ក្រោយពី​មាន​ការដេញ​បង្ក្រាប​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​។ក្រោយ​ការឃាត់​ជនសង្ស័យ​មេ​ឈ្មួញ​និង​ជា​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​និយាយថា​បាន​រត់​គេចខ្លួនបាត់​។​រីឯ​រថយន្ត​និង​ឈើ​ត្រូវបាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​ព្រៃឈើ​ចាត់ការ​ជា​បន្ត​តាម​នីតិវិធី​។​

ប្រភព​បាន​បន្តថា ​ជាមួយនឹង​ការស្ទាក់ចាប់​នេះ​ក៏មាន​ការលើកឡើង​ផងដែរ​ថា​កន្លែង​ប៉ុស្តិ៍​ពិនិត្យ​ចរាចរ​ផ្លូវគោក​ដែល​ដាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្បែរ​ព្រំប្រទល់​ខេត្តក្រចេះ​​គឺជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​ស្ថាប័ន​ឆ្លៀតឱកាស​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ​ទៅវិញ​ទេ​។

​ក្រុម​អ្នករកស៊ី​ដឹក​អនុផល​កែច្នៃ​រួច​បាន​ត្អូញត្អែរ​ថាការកំណត់​ក្បាល​រថយន្ត​យកលុយ​ជា​ថ្នូរ​ដោះស្រាយ​បាយទឹក​។​រថយន្ត​សាំង​យ៉ុង​ធ្វើចរាចរ​ណ៍ពី​ខេត្តរតនគិរី​និង​ស្ទឹងត្រែង​ឆ្លងកាត់​ប៉ុស្តិ៍​ពិនិត្យ​ចរាចរ​ផ្លូវគោក​នោះ​គឺជា​មុខសញ្ញា​ដែល​គេ​សង្ស័យថា​ដឹកជញ្ជូន​ឈើ​។​


សូមបញ្ជាក់ថា ​សព្វថ្ងៃនេះ​ឈ្មួញ​បាន​ប្រើ​គ្រប់​រូបភាព​គឺ​ដឹកឈើ​ប្រណីត​តាម​រថយន្ត​ប្រភេទ​ទេសចរ​ទំនើបៗ​ដូចជា​រថយន្ត​កា​មេ​រី​ហាយ​ឡិន​ឌ័​រ ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ជាដើម​៕S/Ha
​ ​ ​
​ ​(​រូបភាព​៖​ចាប់​រថយន្ត​បា​ឡែ​ន​ដឹកឈើ​មួយគ្រឿង​នៅ​ខេត្តស្ទឹងត្រែង​)​

ទីតាំងផ្សាយពាណិជ្ជកម្ម