ឆ្កែខ្វៃតាំងលក់ហូរហែនៅតាមដងផ្លូវក្នុងប្រទេសវៀតណាម

1507
ចែករម្លែក

រូបភាពគួរឱ្យតក់ស្លុតទាំងនេះបានបង្ហាញឆ្កែខ្វៃកំពុងដាក់លក់ដោយអាជីវករតាមដងផ្លូវក្នុងប្រទេសវៀតណាម ខណៈរដ្ឋាភិបាលព្យាយាមបង្ក្រាបសាច់ពិសេសនេះ។

រូបថតជាច្រើនបានបង្ហាញកូនឆ្កែដាក់នៅលើចង្អើរដែក មុនពេលលើកសាច់ទៅបម្រើជូនភ្ញៀវនៅភោជនីយដ្ឋាន Thit Cho ក្នុងរដ្ឋធានីហាណូយ។

ធ្មេញឆ្កែនៅមើលឃើញជាប់មាត់ស្រស់ៗដដែល ហើយឆ្កែខ្វៃទាំងនោះបានដាក់គរគ្នាក្បែរសាច់ក្រកដែលតាំងលក់នៅតាមចិញ្ចើមថ្នល់។

លោកចូស អេឌែលសុន ដែលធ្វើដំណើរជុំវិញវៀតណាម បានប្រាប់កាសែតដេលីមែលថា មានអាជីវករបីនាក់យល់ព្រមឱ្យគាត់ថតរូបនិងវីដេអូកាលពីថ្ងៃសៅរ៍ទី១៤ធ្នូ បន្ទាប់ពីសុំគេថត២ថ្ងៃ។

ជាងថតរូបមកពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ារូបនេះបាននិយាយថា “រូបថតទាំងនោះមើលទៅគួរឱ្យខ្លោចចិត្តណាស់ ប៉ុន្តែខ្ញុំគិតថាវាជាសាច់រឿងសំខាន់ ជាពិសេសគឺព្រោះតែរដ្ឋាភិបាលវៀតណាមកំពុងឈ្លោះជាមួយអ្នកស្រុករឿងសាច់ឆ្កែ។ ពេលព្យាយាមថតដំបូង ពួកគេដេញខ្ញុំចេញ។ ពួកគេមិនចង់ឱ្យនរណាមកថតរូបឬស៊ើបអង្កេតអ្វីនោះទេ ព្រោះវាជាផ្នែកមួយដ៏ចម្រូងចម្រាស់នៃវប្បធម៌ពួកគេ គឺ វប្បធម៌ស៊ីសាច់ឆ្កែ”។

ប៉ុន្តែលោកបានបន្ថែមថា “អ្នកស្រុករីករាយក្នុងការយល់ថាការស៊ីសាច់ឆ្កែជាផ្នែកមួយនៃវប្បធម៌របស់ពួកគេ ហើយដូច្នេះវប្បធម៌នេះគួរតែបន្ត”។

លោកអេឌែលសុនថែមទាំងឃើញអ្នកជិះម៉ូតូនិងសូម្បីទាហានក៏ឈប់នៅតាមហាងលក់សាច់ឆ្កែ ហើយខ្ចប់សាច់ឆ្កែខ្វៃយកទៅផ្ទះដែរ។

គាត់បានបន្ថែមថា “ខ្ញុំស្មានតែទាហានទៅទីនោះដើម្បីបិទហាងលក់សាច់ឆ្កែ ប៉ុន្តែក្រោយមកភ្ញាក់ផ្អើល ដែលឃើញពួកគេក៏ទិញសាច់ឆ្កែដែរ”។

ការទទួលទានសាច់ឆ្កែគឺពេញនិយមខ្លាំងណាស់នៅវៀតណាម ប៉ុន្តែវាជាអំពើខុសច្បាប់ ស្របពេលរដ្ឋាភិបាលគ្រោងនឹងបង្ក្រាបមែនទែនលើការលក់សាច់ឆ្កែនៅឆ្នាំ២០២១៕ ដោយ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម