ហុងកុង​ចាប់បាន​ថ្នាំញៀន​១១០​គីឡូក្រាម​

321
ចែករម្លែក

​គយ​ហុងកុង​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ បាន​ប្រកាស​អំពី​ការចាប់​បាន​ថ្នាំញៀន​ច្រើន​បំផុត​នៅក្នុង​ចំណោម​ការ​ចាប់បាន​ថ្នាំញៀន​នានា​នៅក្នុង​រយៈពេល​១​ទសវត្សរ៍​មក​នេះ គឺ​ថ្នាំ​​ញៀន​១១០​គីឡូក្រាម ដែល​មាន​ប្រភព​ពី​ម៉ិក​ស៊ិច​។​

​មន្ត្រី​គយ​បាន​និយាយថា​គេ​រកឃើញ​ទំនិញ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​តំលៃ​១០​លាន​ដុល្លារ​អាម៉េរិក​នេះ​នៅក្នុង​ទំនិញ​ដឹក​តាម​យន្តហោះ ដែល​មាន​ប្រភព​នៅ​ម៉ិក​ស៊ិច និង​​ឆ្លងកាត់​អា​ឡា​ស្កា​។​

​ក្រោយ​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ភ្ញាក់​ងារ​អនុវត្ត​ច្បាប់​បរទេស​មក ទំនិញ​ដែល​ចុះបញ្ជី​ថា​ជា​អលង្ការ​អង្កាំ​មក​ពី​ម៉ិក​ស៊ិ​ច ត្រូវបាន​ឆ្លុះ​កម្ម​រស្មី​X​។​នៅ​ខាងក្នុង​គេ​ពិនិត្យឃើញ​ប្រអប់​​ផ្លា​ស្ទិច​១២០ ផ្ទុក​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​។​

​លោក​ហ្វី​លីព ចាន មក​ពី​ការិយាល័យ​ប្រឆាំង​ថ្នាំញៀន​នៃ​នាយកដ្ឋាន​គយ​ហុងកុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា « នេះ​ជា​ការ​ចាប់បាន​ថ្នាំញៀន​ច្រើន​បំផុត​សំរាប់​គយ​ហុង​​កុង​នៅ​រយៈពេល​១០​ឆ្នាំ​មកនេះ​»​។​

​លោក​ចាន បានអោយដឹងថា ថ្នាំ​ទាំង​នេះ​ខ្លះ​អាច​ប្រើ​នៅ​ក្នុង​ទីក្រុង​នេះ និង​ភាគច្រើន​ទំនងជា​ត្រូវ​នាំចេញ​ទៅ​កាន់​គោលដៅ​បរទេស​ថែមទៀត​។​

​សូមបញ្ជាក់​ថា ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ភាគច្រើន​បំផុត​ចេញពី​តំបន់​ត្រីកោណមាស ដែល​ជា​តំបន់​ព្រំដែន​នៃ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ថៃ​និង​ចិន ។​ការសិក្សា​មួយ​របស់​​អង្គការសហប្រជាជាតិ និយាយ​ថា​បណ្តា​ក្រុម​ឧក្រិដ្ឋ​ថ្នាំញៀន​អាស៊ីអាគ្នេយ៍​រក​ប្រាក់​បាន​ជាង​៦០.០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​ជំនួញ​ថ្នាំញៀន​។​តែ​ថ្នាំញៀន​មក​ពី​ម៉ិក​ស៊ិច​ ដែល​តែងតែ​ផ្គត់ផ្គង់​ទីផ្សារ​អាម៉េរិក​ខាងជើង កាន់តែ​មាន​វត្តមាន​នៅ​អាស៊ី ប្រជែង​នឹង​ទំនិញ​មកពី​តំបន់​ត្រីកោណមាស​។​

​ក្រុម​ដែល​ជោគជ័យ​បំផុត​មួយ​ប្រចាំ​តំបន់​នេះ​ឈ្មោះថា សាំ ហ្គ័​រ ដែល​មន្ត្រី​ថ្នាំញៀន និយាយថា​វា​ត្រូវ​ដឹកនាំ​ដោយ​ជនជាតិ​កាណាដា​កើត​នៅ​ចិន​ឈ្មោះ សេ ជី ឡប់​៕​ដោយ​៖​វាសនា​

គយ​ហុងកុង​បង្ហាញ​ថ្នាំញៀន​ដែល​ចាប់បាន តែ​មិន​មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​នេះ​ទេ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ