មន្ត្រី​: ការបណ្តុះបណ្តាល​ដល់​អ្ន​ក​ស្ម័គ្រចិត្ត​ភូមិ​ជំ​ងៗ​គ្រុនចាញ់​បញ្ចប់​នៅ​ដើមឆ្នាំ ២០២០

380
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ង៉ោ ប៉េង​ប៊ី មន្ត្រី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន នៃ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ បាន​អះអាង​អំពី​ដំណើរការ​បណ្តុះបណ្តាល និង ផ្តល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដល់​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់​ថា គិត​មកដល់ពេលនេះ គម្រោង​បាន​បណ្តុះបណ្តាល និង ផ្តល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដល់​អ្នកស្ម័គ្រចិត្ត​ភូមិ សរុប ១៥ ខេត្តហើយ ហើយ​បើ​គិត​ជា​ភាគរយ គឺ​ប្រមាណ​ជា ៧០ ភាគរយ ហើយ​ការបណ្តុះបណ្តាល និង ផ្តល់​ស​ទូរស័ព្ទ​ដល់​អ្នកស្ម័គ្រចិត្ត​ភូមិ ៦ ខេត្ត​ទៀត នឹង​បញ្ចប់​នៅត្រឹម​ដើមឆ្នាំ ២០២០ ខាងមុខនេះ


​លោក ង៉ោ ប៉េង​ប៊ី ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជូន​ទិន្នន័យ​តាមរយៈ​ទូរស័ព្ទ ដល់​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ មកពី​ខេត្ត រតនគិរី រៀបចំ​នៅឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ។​


​លោក ង៉ោ ប៉េង​ប៊ី បន្ថែមថា អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ដែល​ទទួល​ល​បានការ​បណ្តុះបណ្តាល និង ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ជាទូទៅ បាន​ប្រើប្រាស់ និង ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដោយសារ​រាល់​ការរកឃើញ​ករណី​ជំងឺគ្រុនចាញ់​នៅតាម​ភូមិ ឬ មូលដ្ឋាន​គោលដៅ​របស់​ពួកគាត់ ត្រូវបាន​រាយការណ៍ ទាន់ពេលវេលា ដែល​ទិន្នន័យ​នោះ​ពិត​ជាមាន​សារប្រយោជន៍​ខ្លាំងណាស់ ក្នុងការ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​ការលប់បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង ។


​គប្បី​រំឭកថា កម្ពុជា ប្តេជ្ញា​ថា​នឹង​លប់បំបាត់ ទាំងស្រុង​នូវ​ជំងឺគ្រុនចាញ់ នៅត្រឹម​ឆ្នាំ ២០២៥ ហើយ​ជា​ផ្នែក​មួយ ដើម្បី ឱ្យបាន​សម្រេច​គោលដៅ​នោះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានរៀបចំ​ឱ្យមាន​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ជិត ៣ ពាន់ ភូមិ​នៅក្នុង ២១ ខេត្ត ដែល​សកម្មភាព​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៤ ។ លុះដល់​ឆ្នាំ ២០១៧ ដោយមាន​ការឧបត្ថម្ភ​មូលនិធិ ពី Global Fund មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានរៀបចំ​ឱ្យមាន​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​ជំងឺគ្រុនចាញ់ តាម​ទូរស័ព្ទ ហើយ ដើម្បី ធ្វើការ​ងារ​នេះ​បាន គេ​ត្រូវ​បង្ហាត់បង្រៀន​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ និង ប្រគល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដល់​អ្នកស្ម័គ្រចិត្ត​ទាំងនោះ សម្រាប់​បញ្ជូន​នូវ​រាល់​ការរកឃើញ​ករណី​ជំងឺ​គ្រុ​ញ​ចាញ់​នៅក្នុង​គោលដៅ​របស់​ពួកគាត់ ហើយ​ព័ត៌មាន​ទាំងនោះ នឹង​ចូល​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ។ ទន្ទឹមនឹងនេះ គម្រោង ក៏បានផ្តល់ Tablet ប្រមាណ​ជា ៨ រយ​គ្រឿង​ផ្សេងទៀត ដល់មន្ត្រីតាមមណ្ឌលសុខភាពដែ​ល​ឋិតក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់​ផងដែរ ។​


​ជំងឺគ្រុនចាញ់ មិនមែនជា​ប្រភេទ​ជំងឺ​ធ្ងន់​ទេ ពោល​វា​ជា​ជំងឺ​ដែល​គេ​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​វា​នឹង​ក្លាយជា​ជំងឺ​ដ៏​កាច​សហាវ អាច​ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​បាន​ភ្លាម ប្រសិនបើ​គេ​យឺតយ៉ាវ​ក្នុងការ​ព្យាបាល ឬ ព្យាបាល​មិនបាន​ត្រឹមត្រូវ ។


​ហេតុនេះ​អ្នកពាក់ព័ន្ធ​ទាំងឡាយ មាន​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ជាដើម តែងតែ​បញ្ជូន​សារ​ដដែល​ជាដ​ដែលថា ប្រសិនបើ​សង្ស័យថា មាន​ជំងឺគ្រុនចាញ់ ដូចជា​ក្តៅខ្លួន​លើសពី ៣៨ អង្សា​លើសពី ២ ថ្ងៃ គេ​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ អ្នកស្ម័គ្រចិត្ត​ភូមិ ចៀសវាង​ដាច់ខាត គឺ​កុំ​ទៅរក​ការ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ឬ នៅតាម​គ្លីនិក​ឯកជន​ជាដើម ពុំ​នោះទេ គេ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​៕ Kh

លោក ង៉ោ ប៉េង​ប៊ី ពន្យល់​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ មកពី​ខេត្ត រតនគិរី អំពី​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ( រូបៈ មេសា​)

ទីតាំងផ្សាយពាណិជ្ជកម្ម