រដ្ឋមន្ត្រី​ដឹងគុណ​ដល់​ក្រុមការងារ​រ៉េដ​បូក​ជាតិ​ដែល​បាន​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​

371
ចែករម្លែក

មូល​សម្បត្តិ​/​ភ្នំពេញ​៖«​ខ្ញុំ​សូម​គោរព​ចំពោះ​វីរភាព​និង​សូម​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រៀលជ្រៅ​បំផុត​ចំពោះ​ក្រុមការងារ​រ៉េដ​បូក​ជាតិ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​បាន​លះបង់​អស់កម្លាំង​កា​យក​ម្លាំ​ង​ចិត្ត​ស្មារតី​និង​កម្លាំង​បញ្ញា​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​បានល្អ​ប្រសើរ​»​។

​នេះ​គឺជា​ប្រសាសន៍​របស់លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ចំពោះមុខ​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត​មន្ទីរ​បរិស្ថាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​អង្គការ​ដៃគូ​នានា​ក្នុង​កម្មវិធី​ផ្តល់​ប័ណ្ណសរសើរ​ដល់​ក្រុមការងារ​រ៉េដ​បូក​ជាតិ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

លោក បាន​ថ្លែងថា​៖«​កត្តា​សុខសន្តិភាព កំណើនសេដ្ឋកិច្ច​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ និង​ការអភិវឌ្ឍន៍​ប្រទេស​បាន​អនុញ្ញាតឱ្យ​កម្ពុជា​មានឱកាស​ពេញលេញ​ក្នុងការ​គិតគូរ​ខ្ពស់​ពី​បញ្ហា​បរិស្ថាន​និង​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ​។​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​យើង​បាន​លក់​ឥណទាន​កាបូន​។​

​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែនជម្រកសត្វព្រៃ​ក្រវ៉ា​ញ​ខាងត្បូង​និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ក្នុង​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​។​ចាប់តាំងពី​ឆ្នាំ​២០១៦​មកដល់​បច្ចុប្បន្ន​កម្ពុ​ជា​បានទទួល​ថវិកា​ចំនួន​១១,៦​លាន​ដុល្លារ​អាមេរិក​ពី​ការលក់​ឥណទាន​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney និង Shall និង​ក្រុមហ៊ុន Gucci»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា​ថវិកា​ទាំងអស់​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​នេះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការពារ​និង​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍន៍​ជីវភាព​សហគមន៍​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង​៣​ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ឈានទៅ​ទទួលបាន​ថវិកា​«​ការទូទាត់​ផ្អែក​តាម​លទ្ធផល​» ពី​មូលនិធិ​អាកាសធាតុ​បៃតង​នៃ​អនុសញ្ញា​ក្របខណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​គ្រោង​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​ហើយ​ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​។​
​លោក​បាន​ថ្លែងថា​រហូតមក​ដល់ពេលនេះ​មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។ «​ជាមួយគ្នានេះ យើង​កំពុងតែធ្វើការ​សិក្សា​និង​បន្ត​លក់​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​បន្ថែមទៀត​»​។​

​ចំពោះ​ការទូទាត់​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ផ្អែក​តាម​លទ្ធផល កម្ពុជា​នឹង​បញ្ចប់​ការត្រៀម​លក្ខណៈ (REDD+Readiness)​ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០​ដើម្បី​មាន​សិទ្ធិ​ដាក់​គម្រោង​យក​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។​ក្នុងពេល​បច្ចុប្បន្ន​កម្ពុ​ជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក​បានល្អ​។​ក្នុងនោះ មានដូចជា​ម៉ាឡេស៊ី វៀតណាម ឥ​ណ្ឌុ​នេ​ស៊ី ប្រេ​ស៊ី​ល អេ​ក្វា​ទ៍រ កូ​ឡំ​ប៊ី ឈី​លី ម៉ិ​ក​ស៊ី​កូ កេ​ន​យ៉ា ដែល​នឹងមាន​សិទ្ធិ​ដាក់​គម្រោង​យក​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។

​ផ្អែក​តាម​កម្រិត​យោង​ព្រៃឈើ (Forest Referral Level) កម្ពុជា​អាច​ផលិត​ឥណទាន​កាបូន​លើសពី ១០​លាន​តោន​/​ឆ្នាំ​សម្រាប់​ទទួលបាន​ថវិកា​ក្នុង​ក្របខណ្ឌ​ការទូទាត់​ផ្អែក​តាម​លទ្ធផល​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។​លោក​បាន​គូសបញ្ជាក់ថា​៖«​លទ្ធផល​ដែល​យើង​ទទួលបាន​នៅពេលនេះ​គឺ​កើតចេញពី​ការសហការ​និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​បាន​ថែរក្សា​និង​ការពារ​ព្រៃឈើ​បានល្អ​ប្រសើរ​»​។​

​ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ​៥០ភាគរយនៃ​ផ្ទៃ​ប្រទេស​ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​មកទល់​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​រហូតដល់​ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃ​ប្រទេស​គឺ​ស្មើនឹង​ប្រមាណ​៧,២​លាន​ហិកតា​ដែល​ធ្វើឱ្យ​កម្ពុជា​ឈរ​លំដាប់​ទី​២ នៅ​អាស៊ី​បន្ទាប់ពី​ប្រទេស​ប៊ូ​តាន​។​

​ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​ការផ្គត់ផ្គង់​ទឹក​និង​ថាមពល​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ​និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។​ទេសចរណ៍ធម្មជាតិ​និង​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី​ក៏​អាច​ផ្តល់នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា ដោយ​ជាមួយគ្នា​នោះ ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​ផងដែរ​។​

​រេ​ដ​បូក (REDD+:ReducingEmissionfromDeforestationandForestDegradation)​គឺជា​កម្មវិធី​ជាតិ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់​និង​រេចរឹល​ព្រៃឈើ​។​រេ​ដ​បូក​មាន​គោលបំណង​ទី​១​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ​និង​២​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​សកល​ក្នុង​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។

ក្រៅពី​ផលប្រយោជន៍​ជា​ឈើ​ប្រើប្រាស់​និង​ជា​មុខងារ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ​នៅមាន​មុខងារ​ដ៏​សំខាន់​មួយទៀត​គឺ​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​(​ឧស្ម័ន​ផ្ទះ​កញ្ចក់​)​ពី​បរិយាកាស​ដែល​មុខងារ​នេះ​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​។

​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​សម្បូរ​ណ៍​ព្រៃឈើ​ខិតខំ​ការពារ​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ​ដើម្បី​ទទួលបាន​ថវិកា​ក្នុង​ទម្រង់​ជាទី​ផ្សារ​កាបូន​ស្ម័គ្រចិត្ត​(VoluntaryCarbonMarket)​និង​ការទូទាត់​ផ្អែក​តាម​លទ្ធផល​ResultBasedPayment)៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម