អតីតយោធាពិការខកចិត្តរស់​នៅ​​លើដីដែលមេអង្គភាពចែកឲ្យតាំង​​ពី១៩៩៣ ចុងក្រោយមិនមែនជាម្ចាស់កម្មសិទ្ធ

274
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ អតីតយោធាពិការជើង រួមទាំងភរិយាខកចិត្តស្ទើរកកឈាម បន្ទាប់ពីរស់នៅលើដីមេអង្គភាពចែកអោយតាំងពីឆ្នាំ១៩៩៣ ចុងក្រោយមន្ត្រីវាស់វែងជាប្រព័ន្ធអត់មានឈ្មោះជាម្ចាស់កម្មសិទ្ធ។

លោក ចាន់ ព្រៀន អាយុ៥១ឆ្នាំ ជាអតីតយោធាពិការជើងឆ្វេងម្ខាង និងប្រពន្ធឈ្មោះ យាង បូ អាយុ៤៥ឆ្នាំ បានរៀបរាប់ជាមួយទឹកភ្នែកស្រក់ថា ដីលំនៅដ្ឋានមួយប្លង់ដែលគ្រួសាររបស់គាត់តាំងលំនៅដ្ឋានរស់នៅតាំងឆ្នាំ១៩៩៣មក ហើយដីខាងលើនេះលោកទទួលបានពីមេដឹកនាំអង្គភាពចែកអោយដើម្បីលើកទឹកចិត្តដែលមានគុណបំណាច់លះបង់សាច់ស្រស់ ឈាមស្រស់ការពារបូរណភាពដែនដី។

ដីលំនៅដ្ឋានដែលគ្រួសាររបស់លោករស់នៅយ៉ាងសុខសាន្តជាច្រើនមកនេះមានទំហំទទឹងប្រវែង២៩ម៉ែត្រ និងបណ្តោយប្រវែង៣៣ម៉ែត្រជាប់នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល និងខាងកើតទល់នឹងសាលាឃុំស្ទឹងកាច់ អ្វីដែលលោកបង្ខំក្រោកឈរតវ៉ានេះ ដោយសារតែលោក កង ថេង មេឃុំស្ទឹងកាច់មានឥរិយាបថស្អប់គុំគួនមកលើលោករហូតបានប្រើអំណាចរបស់ខ្លួនរំលោភយកដីកម្មសិទ្ធិរបស់គាត់កាត់បញ្ចូលទៅឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ទាំងដីប៉ុស្តិ៍រដ្ឋបាលនគរបាលលោកជាអ្នកសម្បទានជូនព្រោះនឹកថាបើមានសាលាឃុំ និងប៉ុស្តិ៍នគរបាលនៅក្បែរផ្ទះពិតជាល្អ ហើយកក់ក្តៅ ប៉ុន្តែអ្វីៗដែលបានគិតបែរជាផ្ទុយស្រឡះទៅវិញ ខណះលោកមេឃុំព្យាយាមរាំងខ្ទប់ជាបន្តបន្ទាប់ធ្វើអោយក្រុមគ្រួសាររបស់លោករស់នៅទាំងមិនមានលិខិតស្នាមបញ្ជាក់ជាមានសិទ្ធគ្រប់គ្រងអាស្រ័យ​ផលរហូតមក ។

អតីតយោធាពិការកំសត់ លោក ចាន់ ព្រៀន ដែលមានកូនៗនៅក្នុងបន្ទុកចំនួន៦នាក់បានបង្ហាញអារម្មណ៍ក្តុកក្តួលបន្តថា អ្វីដែលលោកហួសចិត្តខ្លាំងនោះគឺកាលពីពេលថ្មីៗខណ:ក្រុមការងារមន្រ្តីជំនាញសុរិយោដី ចុះទៅវាស់វែងដីធ្លីដើម្បីធ្វើប្លង់ជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់បានសុំឱ្យមេភូមិ និងមេប៉ុស្តិ៍រដ្ឋបាលជួយ ផ្តិតមេដៃជាសាក្សីម្ចាស់ព្រំប្រទល់ដីជាប់គ្នាបែរជាលោកមេឃុំស្តីបន្ទោសមិនឱ្យស៊ីញ៉េ មិនឱ្យដឹងលឺធ្វើបាបប្រជាពលរដ្ឋខ្លួនឯងព្រោះតែការរើសអើងទៅវិញ។

លោកបានសំណូមពរដល់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធ៌មអោយក្រុមគ្រួសារលោកផង។

រីឯលោក តុប រិន អាយុ៥៧ឆ្នាំជាអតីតទាហានខ្មែរក្រហមរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅបានបញ្ជាក់ឱ្យដឹងដែរថា ដីមានបញ្ហានេះដើមឡើយជាដីដែលដឹកនាំអង្គភាពចែកអោយលោក ចាន់ ព្រៀនណពិតប្រាកដមែន ចំណែកឯសាលាឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលទើបតែកើតក្រោយប៉ុណ្ណោះ។

បើតាមលោក យុក សុវណ្ណ ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ បានបញ្ជាក់ថា÷ ដីខាងលើខាងលោកបានចុះវាស់វែងធ្វើប្លង់ឱ្យទៅខាងសាលាឃុំអស់ហើយ ព្រោះជនរងគ្រោះដែលបានអះអាង និងទាមទារថាដីនោះជារបស់ខ្លួននោះបែរជាមិនមានឯកសារណាយកមកបញ្ជាក់ ហើយមន្ត្រីជំនា ញវាស់វែងចូលក្នុងប្រព័ន្ធអស់បាត់ទៅហើយ មិនអាចយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនវិញបានទេ។

លោក កង ថេង មេឃុំស្ទឹងកាច់នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះមិនអាចទាក់ទងបានទេដោយសារទូរសព្ទ័ចុចចូលហើយមិនមានអ្នកលើក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម