នាវា​ដឹក​យន្តហោះ​ទី​២​ របស់​ចិន ត្រូវបាន​ដាក់​ឲ្យដំណើរការ​

958
ចែករម្លែក

​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ចិន ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ ដោយ​បន្ថែម​កម្លាំង​ប្រយុទ្ធ​ដ៏ធំសម្រាប់​មហិច្ឆតា​យោធា​របស់​ចិន នៅពេល​មាន​ភាព​តានតឹង​​ជាមួយ​កោះ​តៃវ៉ាន់​និង​អាម៉េរិក រួម​ទាំង​ប្រទេស​ជិតខាង​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។​

​ការដាក់​ដំណើរការ​នាវា​សាន់​ទុង​(Shandong)​បានដាក់​ចិន​ចូល​ក្នុង​ក្លិប​ប្រទេស​មាន​វា​នា​ដឹក​យន្តហោះ នៅ​ពេល​ប្រទេស​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​សាងសង់​នា​វាទី​៣​។​

​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​លើកដំបូង​ត្រូវបាន​ប្រគល់​ឲ្យ​កងទ័ព​ជើង​ទឹក​រំដោះប្រជាជន​ចិន​ក្នុង​ក្រុង​សាន់​យ៉ា នៅ​កោះ​ហៃ​ណាន់ ក្នុង​ពិធី​ដែល​មាន​ការ​ចូលរួម​ពី​ប្រធានា​​ធិបតី ស៊ី ជីន​ពីង នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​។​

​ចិន​មាន​នាវ​ផ្ទុក​យន្តហោះ​មួយ​រួចហើយ ឈ្មោះ យ៉ាវ​នី​ញ​( Liaoning) ជា​នាវា​ទិញ​មក​ពី​អ៊ុ​យក្រែន ហើយ​ជួសជុល​កែសម្រួល​មុន​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១២​។​

​បើ​តាម​ទូរទស្សន៍​CCTV មនុស្ស​ប្រមាណ​៥.០០០​នាក់​បាន​ចូលរួម​ក្នុង​ពិធី​កាលពី​ថ្ងៃ​អង្គារ ដោយ​ពួកគេ​ច្រៀង​ចម្រៀង​ជាតិ​នៅពេល​ទង់ជាតិ​ត្រូវបាន​បង្ហូត​ឡើង​។​បន្ទាប់មក លោក​ស៊ី​ បាន​ធ្វើ​ការត្រួត​ពល​និង​ជួប​ទាហានជើងទឹក​នៅលើ​នាវា​។​

​កំពង់ផែ​នាវា​ប្រវែង​៧០០​ម៉ែត្រ​នៅ​ក្រុង​សាន់​យ៉ា អាច​ផ្តល់​សេវា​ចម្រុះ​ក្នុងពេល​ដំណាលគ្នា និង​ជា​កំពង់ផែ​ធំ​បំផុត​មួយ​នៅ​អាស៊ី​។​វា​ក៏​ទទួល​ឲ្យ​នាវាមុជទឹក​ចត​ផងដែរ​។​

​កាលពី​ខែ​មុន ចិន​បាន​ប្រកាសថា នាវា​ដឹក​យន្តហោះ​សាន់​ទុង​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ សម្រាប់​ការហ្វឹកហាត់​តាម​ធម្មតា​និង​ការសាកល្បង ជាហេតុ​នាំ​ឲ្យរដ្ឋាភិបាល​​ក្រុង​តៃប៉ិ​ផ្ទុះ​កំហឹង​។​

​ជេ​មស៍ ហ្គោល​ឌ្រិ​ក អ្នកជំនាញ​យុទ្ធសាស្ត្រ​សមុទ្រ​និង​ទ័ពជើងទឹក​នៅ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​និយាយថា​«​នាវា​ផ្ទុក​យន្តហោះ​ក្នុង​ចំនួន​ប៉ុណ្ណឹង​នៅ​មិនទាន់​ប៉ះពាល់​តុល្យ​​ភាព​កម្លាំង​រវាង​ចិន​និង​អាម៉េរិក ឬ​ជប៉ុន​នៅឡើយ​ទេ​។​វា​ងាយ​នឹងរង​ការវាយប្រហារ​ពី​នាវាមុជទឹក ជាពិសេស​ពី​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ ដូ​ចជា​នាវា​អាម៉េរិក​​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​»៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម