អាម៉េរិក​ជំទាស់​ការដក​ទណ្ឌកម្ម​សំខាន់ៗ​ប្រឆាំង​កូរ៉េខាងជើង​

311
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ​ថា ខ្លួន​ជំទាស់​ប្រឆាំង​ពង្រាង​សេចក្តីសម្រេចចិត្ត​ដែល​បាន​ស្នើឡើង​ដោយ​ចិន​និង​រុស្ស៊ី​ដែល​ស្នើ​ដក​ទណ្ឌកម្ម​របស់​អង្គការ​​សហប្រជាជាតិ​លើ​ការនាំចេញ​សំខាន់​របស់​កូរ៉េខាងជើង ហើយ​សហរដ្ឋ​អាម៉េរិក​បាន​ហៅ​វិធានការ​នេះ​ថា​វា​ជា​ការ​លឿន​ពេក​នៅក្នុង​ពេល​មួយ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​​កំពុង​គំរាម​បង្កហេតុ​ថែមទៀត​ហើយ​កំពុង​បដិសេធ​មិន​ជួប​ជាមួយ​ក្រុម​មន្ត្រី​អាម៉េរិក​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​ប្តេជ្ញា​ធ្វើឱ្យ​មាន​ការរីកចម្រើន​ឆ្ពោះទៅ​រក​ការប្តេជ្ញាចិត្ត​ដែល​លោក​បាន​ធ្វើ​ជាមួយ​មេដឹកនាំ​កូរ៉េ​​ខាងជើង លោក គីម ជុង​អ៊ុន នៅ​កិច្ច​ជំនួប​កំពូល​លើក​ទី​មួយ​របស់​ពួកគេ​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៨ អំពី​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ កសាង​​សន្តិភាព​យូរអង្វែង​និង​ធានា​ឱ្យបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​អាម៉េរិក​បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នៅតែ​ប្តេជ្ញាចិត្ត​អំពី​ការ​ចូល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​ទូត​ដើម្បី​ធ្វើឱ្យ​មាន​ការរីកចម្រើន​ឆ្ពោះទៅ​​រក​គោលដៅ​ទាំងនោះ ប៉ុន្តែ​វា​មិនអាច “​ធ្វើ​វា​តែ​ម្នាក់ឯង​បាន​ទេ​” ។​

​ពង្រាង​សេចក្តីសម្រេចចិត្ត​ដែល​ស្នើឡើង​ដោយ​ចិន​និង​រុស្ស៊ី​នេះ​ត្រូវបាន​បញ្ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ប្រជាជាតិ​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ជុំវិញ​បញ្ហា​កូរ៉េខាងជើង​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​អង្គារ​ថា​ចិន​សង្ឃឹម​ថា​ក្រុមប្រឹក្សា​សន្តិសុខ​​សហប្រជាជាតិ​នឹង​ឈាន​ដល់​ការព្រមព្រៀង​គ្នា​លើ​សេចក្តីព្រាង​សម្រេច​ចិត្ត​មួយ​ដែល​ទាក់ទង​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​។​

​លោក​ហ្គេង សួង បាន​និយាយ​នៅ​សន្និសីទកាសែត​នេះ ថា ចិន​សង្ឃឹម​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អាច​និយាយ​ដោយ​សំឡេង​តែ​មួយ​លើ​បញ្ហា​នេះ​។​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង គួរតែ​បន្ត​ការចរចា​របស់​ពួកគេ ហើយ​ចិន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​៕​ដោយ​៖​សុខា​/sn

លោក លោក​ហ្គេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​