ឥណ្ឌូនេស៊ីព្រមានដើរចេញពីកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបទាក់ទិននឹងជម្លោះដូងប្រេង

335
ចែករម្លែក

មន្រ្តីក្រសួងពាណិជ្ជកម្មម្នាក់បាននិយាយថាឥណ្ឌូនេស៊ីត្រៀមខ្លួនដើរចេញពីកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបជុំវិញជំហររបស់ប្លុកនេះមកលើដូងប្រេងខណៈប្រទេសនេះក៏ចាប់ផ្តើមការស៊ើបអង្កេតផងដែរលើការឧបត្ថម្ភធនដល់ការនាំចូលផលិតផលទឹកដោះគោពីសហភាពអឺរ៉ុប។

ភាពតានតឹងពាណិជ្ជកម្មបានកើនឡើងចាប់តាំងពីគណៈកម្មការអឺរ៉ុបបានសន្និដ្ឋានថាដូងប្រេងបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើហួសកម្រិតនិងមិនគួរចាត់ទុកថាមាននិរន្តរភាពនោះទេ ដូច្នេះមានន័យថា ប្រេងម៉ាស៊ូតទាញចេញពីដូងប្រេងនឹងត្រូវបញ្ឈប់លែងឱ្យមាននៅចន្លោះឆ្នាំ ២០២៣ និង ២០៣០។

ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតដូងប្រេងលំដាប់កំពូលរបស់ពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងសហភាពអឺរ៉ុប ដោយនិយាយថាគោលនយោបាយរបស់សហភាពអឺរ៉ុបមិនយុត្តិធម៌ទេ។

ដោយសំដៅទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (CEPA) នាយកសន្តិសុខពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មលោកស្រីប្រាតនីយ៉ាវ៉ាទី បាននិយាយថា “យើងបានប្រាប់សហភាពអឺរ៉ុបថា ប្រសិនបើគ្មានដូងប្រេងទេ នោះក៏នឹងមិនមាន CEPA ដែរ”។

ប៉ុន្តែលោកស្រីនិយាយថាសម្រាប់ពេលនេះឥណ្ឌូនេស៊ីនឹងបន្តកិច្ចពិភាក្សា ហើយនៅតែមានគោលបំណងដើម្បីសម្រេចកិច្ចព្រមព្រៀង CEPA នៅពាក់កណ្តាលឆ្នាំក្រោយ។

គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា ទីផ្សារចំហេះម៉ាស៊ូតរបស់សហភាពអឺរ៉ុបមានតម្លៃប្រមាណ ៩ ពាន់លានអឺរ៉ូ (១០ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដោយការនាំចូលពីឥណ្ឌូនេស៊ីមានតម្លៃប្រហែល ៤០០ លានអឺរ៉ូ។

លោក វីនសិន ពីកេត ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅឥណ្ឌូនេស៊ីនិងព្រុយណេបាននិយាយថា ការចរចាកិច្ចព្រមព្រៀង CEPA និងបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោកគឺជាបញ្ហាដាច់ដោយឡែក ដោយជំរុញឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងការធ្វើពាណិជ្ជកម្ម។

លោកពីកេតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “តាមមធ្យោបាយនេះយើងនឹងបញ្ចៀសផលប៉ះពាល់ពីមួយទៅមួយ” ដោយបន្ថែមថាភាគីទាំងពីរមាន “ចំណាប់អារម្មណ៍ខ្លាំងក្នុងការដាក់នៅនឹងកន្លែងនូវមូលដ្ឋានរឹងមាំមួយសម្រាប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមានប្រយោជន៍ទៅវិញទៅមកសម្រាប់រយៈពេលវែង”។

លោកស្រីប្រាតនីយ៉ាវ៉ាទីនិយាយថាគណៈកម្មាធិការប្រឆាំងការលក់បង្ខូចតម្លៃរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីត្រូវបានស្នើសុំឱ្យធ្វើការស៊ើបអង្កេតថាតើផលិតផលទឹកដោះគោរបស់សហភាពអឺរ៉ុបដែលនាំចេញទៅឥណ្ឌូនេស៊ីបានទទួលប្រយោជន៍ពីការឧបត្ថម្ភណាមួយឬអត់។

លោកស្រីបាននិយាយថាឥណ្ឌូនេស៊ីមិនបានពឹងផ្អែកលើផលិតផលទឹកដោះគោអឺរ៉ុបទេហើយបានប្តេជ្ញាបង្កើនការនាំចូលផលិតផលទឹកដោះគោពីប្រទេសអូស្ត្រាលីបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីដើមឆ្នាំនេះ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាការនាំចូលផលិតផលទឹកដោះគោនិងស៊ុតសរុបរបស់ឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០១៨ មានតម្លៃ ១ ពាន់លានដុល្លារ ដោយផលិតផលទឹកដោះគោភាគច្រើនគឺនាំចូលពីអូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាម៉េរិក និង អឺរ៉ុប៕ ដោយ៖ កញ្ញាដាលីស

សហភាពអឺរ៉ុបគ្រោងនឹងបញ្ឈប់ការប្រើប្រាស់ប្រេងឥន្ធនៈទាញពីដូងប្រេងនៅចន្លោះឆ្នាំ២០២៣និង២០៣០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ