យក​ថ្នាំញៀន​ជាង​៤​គីឡូក្រាម​ដាក់ចូល​ក្នុងធុងបាស ​តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​

643
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៤​កញ្ចប់​ធំ (​ទម្ងន់​ជាង​៤​គីឡូក្រាម​)​លាក់​ក្នុងធុងបាស ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន ខណៈពេលដែល​ជនសង្ស័យ​បម្រុង​លួច​នាំ​ឆ្លងដែនទៅ​ប្រទេស​វៀតណាម​។​

​ករណី​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​បង្ក្រាបបាន​កាលពី​ថ្ងៃទី​១៦​ធ្នូ​២០១៩ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​នៃ​ប្រទេស​វៀតណាម​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​លោក​វរសេនីយ៍ឯក កែវ គង់ អធិការនគរបាល​ក្រុង​បាវិត​បានទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​គយ​វៀតណាម តាមរយៈ​ទូរស័ព្ទ​រាយការណ៍​មក​ថា សមត្ថកិច្ច​វៀតណាម​បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ​ចំនួនម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន និង​ដកហូត​ថ្នាំញៀន​ចំនួន ១​គីឡូក្រាម​ពីឈ្មោះ អ៊ុ ណាំ ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ មុខរបរ​រត់ការ​លិខិតឆ្លងដែន​កម្ពុជា​វៀតណាម មាន​ទីលំនៅ​ភូមិ​បាវិត​កណ្ដាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង។ ដោយមាន​ការសហការ​ពី​សមត្ថកិច្ច​វៀតណាម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើមក​កម្ពុជា​ធ្វើការ​សាកសួរ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​ឆ្លើយថា មានអី​វ៉ាន់​ចំនួន​ពីរ​កេស​ទៀត​ផ្ញើទុក​នៅ​ហាង​បាយ​យីហោ​(​តា​លឿង​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា នៅពេល​បាន​តម្រុយ​ដូច្នេះ សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​អីវ៉ាន់​នោះ ដោយ​ឃើញ​មាន​ធុងបាស​ចំនួន ២​ធុង ដោយមាន​ការសង្ស័យ សមត្ថកិច្ច​យើង​បានគាស់​ធុងបាស​នោះ ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ២​កញ្ចប់​ធំ​ក្នុង​មួយ​ធុងបាស់ ស្មើ ៤​កញ្ចប់​ធំ ទម្ងន់​៤១៤០.០៨​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បាន​ឃាត់ខ្លួន និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​ស្រាវជ្រាវ​បន្ត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម