ត្រាំ ចោទប្រកាន់​ពួក​ប្រជាធិបតេយ្យ ​ថា«​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​»

428
ចែករម្លែក

​នៅ​មួយថ្ងៃ​គត់​មុន​សភា​អាម៉េរិក​ធ្វើការ​ចោទប្រកាន់​និង​បោះឆ្នោត​គាំទ្រ​ឯកសារ​ទម្លាក់​លោក​ចេញពី​តំណែង ប្រធានាធិបតី​អាម៉េរិក​ លោក​ដូណាល់ ត្រាំ​ បាន​ចោទប្រកាន់​ពួក​​សមាជិកសភា​មក​ពី​បក្ស​ប្រជាធិបតេយ្យ​ថា​បន្ត​«​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​ខុសច្បាប់​» និង​បាន​ប្រកាសសង្គ្រាម​លើ​លទ្ធិប្រជាធិបតេយ្យ​អាម៉េរិក នៅ​ពេល​ពួកគេ​ស្វះស្វែង​​ទម្លាក់​លោក​ចេញពី​មុខតំណែង ដោយសារតែ​លោក​បាន​ជំរុញ​ឲ្យ​អ៊ុយ​ក្រែន​ស៊ើបអង្កេត​គូប្រជែងន​យោបា​យ​អាម៉េរិក លោកចូ បៃ​ដិន​។​

​សម្រែក​ថ្កោលទោស​របស់​ត្រាំ ​ត្រូវបាន​ធ្វើឡើង​ក្នុង​លិខិត​មួយ​ដែល​លោក​បាន​ចុះហត្ថលេខា​ផ្ញើ​ទៅកាន់​ប្រធានសភា ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ពេល​ពួក​សមាជិកសភា​ជួបជុំគ្នា​កំណត់​​នីតិវិធី​ជជែក​ដេញដោល​នៅមុន​ការបោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ទី​១៨​ធ្នូ​ លើ​អត្ថបទ​ចោទ​ទោស​ចំនួន​២​ប្រឆាំង​លោក​ត្រាំ​។​

​លិខិត​របស់​ត្រាំ​និយាយថា​« នេះ​គ្មានអ្វី​ក្រៅពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បែប​បក្ខពួក​ដោយ​ផ្កាប់មុខ​និយម​និង​ដោយ​ខុសច្បាប់ ដែល​នឹង​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​»​។​ត្រាំ​​ចង់​និយាយ​បញ្ឆិតបញ្ឆៀង​ទៅ​ការរក​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ឆ្នាំ​២០២០ ដែល​លោក​ស្វះស្វែង​រក​តំណែង​មួយ​អាណត្តិ​ទៀត​។​

​ត្រាំ នៅតែ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេក្នុងការ​ស្វះស្វែង​សុំ​ឲ្យ​បរទេស​ជួយ​ស៊ើបអង្កេត​លើ​គូ​ប្រជែង​នយោបាយ​។​

​រដ្ឋធម្មនុញ្ញ​អាម៉េរិក ផ្តល់​សិទ្ធិ​ដល់​សភា​ដើម្បី​ចោទ​ទោស​ទម្លាក់​តំណែង​ប្រធានាធិបតី​ណា​ម្នាក់​ដែល​«​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​និង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ »​ដូច្នេះ​សភា​ដែល​គ្រប់គ្រង​​ដោយ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​រំពឹងថា​នឹង​អនុម័ត​អត្ថបទ​ចោទប្រកាន់​ចំនួន​២​ដែល​ចោទប្រកាន់​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​​ពី​បទ​រំលោភ​អំណាច​និង​រារាំង​កិច្ចការ​សភា​។​

​ត្រាំ​បាន​និយាយ​ក្នុង​លិខិត​ថា «​តាមរយៈ​បន្ត​ដំណើរការ​ចោទ​ទោស​ទម្លាក់​តំណែង​ខុស​ច្បាប់​របស់​អ្នក អ្នក​កំពុង​រំលោភ​សម្បថ​ចូលកាន់​តំណែង​របស់​អ្នក អ្នក​កំពុង​រំលោភ​ស្វាមី​​ភក្តិ​របស់​អ្នក​ចំពោះ​រដ្ឋ​ធម្មនុញ្ញ និង​អ្នក​កំពុង​ប្រកាសសង្គ្រាម​លើ​លទ្ធិប្រជាធិបតេយ្យ​អាម៉េរិក​»​។​

​ពួក​ប្រជាធិបតេយ្យ​ក្នុង​សភា​ចោទប្រកាន់​ត្រាំ ថា​រំលោភ​អំណាច​ ដោយសារ​តែ​បាន​ស្នើសុំ​អ៊ុយ​ក្រែន​ឲ្យ​ស៊ើបអង្កេត​លោក បៃ​ដិន អតីត​ប្រធានាធិបតី​អាម៉េរិក​និង​ជាបេ​ក្ខ​​ជន​នាំមុខ​ក្នុង​ការប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​អាម៉េរិក​នៅ​ឆ្នាំក្រោយ​។​

​លោក​ត្រាំ ក៏​ត្រូវបាន​ចោទប្រកាន់​ថា រារាំង​ការស៊ើបអង្កេត​របស់​សភា​លើ​បញ្ហា​នេះ​ផង​ដែរ​។​

​បើ​សភា​អនុម័ត​លើ​ឯកសារ​ចោទ​ទោស​ទម្លាក​តំណែង​នេះ វា​នឹង​នាំ​ដល់​ការបើក​សវនាការ​នៅក្នុង​ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​ពួក​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គូកន​របស់​​ត្រាំ​។​តាមពិត ពួក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មិនបាន​ឲ្យ​សញ្ញា​ថា​នឹង​ចោទ​ទោស​និង​បោះឆ្នោត​ទម្លាក់​លោក​ត្រាំ​ទេ ដូច្នេះ​ចំណាត់ការ​របស់​សភាខាង​បក្ស​ប្រជា​​ធិបតេយ្យ​ពេលនេះ​ទំនងជា​មិន​អាច​ទម្លាក់​ត្រាំ​បាន​ភ្លាម​ទេ តែ​អាច​បំផ្លាញ​ក្តី​ស្រមៃ​របស់លោក​ក្នុង​ការបន្ត​កាន់តំណែង​មួយ​អាណត្តិ​ទៀត​៕​ដោយ​៖​វាសនា​/Ha