អតីត​ប្រធានាធិបតី​បារាំង​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ការស៊ើបអង្កេត​រឿង​ទទួល​លុយ​ពី​អតីត​មេ​ផ្តាច់កា​រលី​ប៊ី​​សម្រាប់​ការឃោសនាបោះឆ្នោត​

3987
ចែករម្លែក

​អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡាស សា​កូ​ហ្ស៊ី ត្រូវបាន​ឃាត់ខ្លួន​សួរចម្លើយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មីនា​ចំពោះ​ការចោទប្រកាន់ថា​​សព​មេ​ផ្តាច់កា​រលី​ប៊ី លោក ម៉ូ​អា​មឺ កា​ដា​ហ្វ៊ី បានផ្តល់​លុយ​សម្រាប់​យុទ្ធនាការ​ឃោស​ការបោះឆ្នោត​របស់លោក​នៅ​ឆ្នាំ​២០០៧​។​

​សា​កូ​ហ្ស៊ី វ័យ ៦៣​ឆ្នាំ ត្រូវបាន​នាំទៅ​កាន់​ស្ថានីយ​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​អង្គារ និង​ត្រូវបាន​ប៉ូលិស​ជំនាញ​ខាង​ពុករលួយ លាង​លុយ​និង​គេច​​ពន្ធ​សួរចម្លើយ​។​លោក​បាន​ស្ថិតនៅ​ទីនោះ​រហូត​ដល់ពេល​ល្ងាច តែ​ច្បាប់​បារាំង​អាច​ឃុំខ្លួន​ជនសង្ស័យ​បានត្រឹមតែ​៤៨​ម៉ោង​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​បាន​និយាយថា លោក​Brice Hortefeux អតីតរដ្ឋមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុង​អាណត្តិ​លោក​សា​កូ​ហ្ស៊ី ក៏៏​ត្រូវ​ហៅ​ទៅ​សាកសួរ​​ផងដែរ​។​

​វា​ជា​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នយោបាយ​ដ៏​តឹងតែង​បំផុត​របស់​បារាំង​នេះ​បាន​តាម​លងបន្លាច​អ្នក​នយោបាយ​ក្រុម​ស្តាំ​រូបនេះ​ចាប់តាំងពី​​លោក​បាន​ចាក​ចេញពី​តំណែង​នៅ​ឆ្នាំ​២០១២​។​

​ចាប់តាំងពី​ឆ្នាំ​២០១៣ ចៅក្រម​ស៊ើបអង្កេត​បានធ្វើការ​ស៊ើបអង្កេត​លើ​របាយការណ៍​សារព័ត៌មាន ព្រមទាំង​សេចក្តីថ្លែងការណ៍​របស់​កូន​​ប្រុស​របស់​កា​ដា​ហ្វ៊ី ម្នាក់​ដែល​បាន​អះអាងថា មូលនិធិ​ត្រូវបាន​ផ្តល់អោយ​សម្រាប់​ការ​ឈរឈ្មោះ​របស់លោក​សា​កូ​ហ្ស៊ី​ជា​ប្រធានាធិបតី​។​

​ទោះជា​យ៉ាងណា​លោក​សា​កូ​ហ្ស៊ី បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ​ដោយ​ចាត់ទុក​វា​គ្រាន់តែ​ជាស​ម្តី​ឡូឡា​របស់​សមាជិក​រប​ប​លី​ប៊ី​​ដែល​ខឹង​នឹង​អន្តរាគមន៍​បារាំង​នៅ​លី​ប៊ី​ដែល​បាន​ជួយ​បញ្ចប់​ការគ្រប់គ្រង​៤១​ឆ្នាំ​របស់​កា​ដា​ហ្វ៊ី​ប៉ុណ្ណោះ​៕​ដោយ​៖​វាសនា​

​រដ្ឋអាជ្ញា​កំពុង​ស៊ើបអង្កេត​ការអះអាង​ដែលថា កា​ដា​ហ្វ៊ី បានផ្តល់​លុយ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​សា​កូ​ហ្ស៊ី​។​អ្នក​ទាំងពីរ​ថត​រួមគ្នា​​កាលពី​ឆ្នាំ​២០០៧

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ