របាយការណ៍​៖ ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បង្កើតកូន​ទុកចោល​រាប់រយ​នាក់​នៅ​ហៃ​ទី​

2532
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​អះអាង​ថា ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បាន​មានកូន​រាប់រយ​នាក់​ជាមួយ​ស្ត្រី​ហៃ​ទី​មុន​ពេល​បោះបង់​ចោល​ស្ត្រី​វ័យក្មេងៗ​ទាំងនោះ​​អោយ​រស់​ចិញ្ចឹម​កូន​តែ​ឯង​យ៉ាង​លំបាក​។​

​ការសិក្សា​លើ​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​នេះ បាន​និយាយថា​ក្មេង​ស្រី​ខ្លះ​វ័យ​ត្រឹម​១១​ឆ្នាំ ត្រូវ​ទុក​អោយ​មាន​ផ្ទៃពោះ​ដោយសារតែ​ការ​​រំលោភ​សេពសន្ថវៈ​។​

​កា​សិក្សា​ដឹកនាំ​ធ្វើ​ដោយ​សកល​វិទ្យាល័យ​អង់គ្លេស​នេះ​បាន​រកឃើញថា​ក្មេង​ស្រី​ខ្លះ​ត្រូវបាន​ជួញដូរ​ជាមួយ​នឹង​ប្រាក់​តិចតួច​ដើម្បី​ទទួលបាន​អាហារ​ហើយ​ត្រូវ​រួម​ភេទ​ជាមួយ​ទាហាន​​ថែរក្សា​សន្តិភាព​ដើម្បី​រស់​។​ក្រោយ​កូន​របស់​គេ​កើតមក ម្តាយ​ក្មេងៗ​ទាំងនោះ ត្រូវ​រស់​ក្នុង​ភាពក្រីក្រ​។​

​សា​ប៊ីណេ លី នៅ​សកល​វិទ្យាល័យ បៀ​មីង​ហ៊ែ​ម របស់​អង់គ្លេស​បាន​ដឹកនាំ​ក្រុម​ធ្វើការ​សិក្សា​និង​ធ្វើ​សម្ភាសន៍​មនុស្ស​ជាង​២.៥០០​នាក់​ដែល​រស់នៅ​ជិតៗ​មូលដ្ឋាន​របស់​អង្គការ​​សហប្រជាជាតិ​នៅ​ហៃ​ទី​អស់​ពេល​៣​ខែ​កាលពី​ឆ្នាំ​២០១៧​។​

​ការសិក្សា​បាន​សន្និដ្ឋានថា ក្មេងស្រី វ័យ​ត្រឹម​១១​ឆ្នាំ ត្រូវ​បាន​រំលោភ​ផ្លូវភេទ និង​ធ្វើអោយ​មាន​ផ្ទៃពោះ​ដោយ​ទាហាន​ថែរក្សា​សន្តិភាព​និង​…​ទុក​ចោល​អោយ​ចិញ្ចឹម​កូន​យ៉ាង​លំបាក​លំបិន​តែឯង​។​

ទាហាន​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ហៃ​ទី ដើរល្បាត​នៅ​សង្កាត់​ក្រីក្រ​មួយ​នៅ​ក្រុង​ព័រ​អូ​ប្រាំង កាលពី​ឆ្នាំ​២០១៤

​របាយការណ៍​បង្ហាញ​ទៀតថា គេ​បាន​រកឃើញថា ទាហាន​មក​ពី​ប្រទេស​ចំនួន​១២ រួម​មាន​អ៊ុយ​រុយ​ហ្កាយ ឈី​លី អា​ហ្សង់​ទីន កាណាដា​និង​បារាំង បាន​ធ្វើអោយ​ស្ត្រី​ហៃ​ទី​មាន​ផ្ទៃ​​ពោះ​។​

​លោកស្រី​លី​បាន​និយាយថា​វា​មិន​អាច​កំណត់​បាន​ថា​តើ​កូន​របស់​ទាហាន​ថែរក្សា​សន្តិភាព​ជាមួយ​ស្ត្រី​ហៃ​ទី​មាន​ប៉ុន្មាន​នាក់​តែ​អ្នកសិក្សា​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​យល់​​ស្របគ្នា​ថា មាន​រាប់រយ​នាក់​។​

​សូមបញ្ជាក់​ថា បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ហៃ​ទី ជា​ការ​ដាក់​ពង្រាយ​កង​កម្លាំង​យូរ​ជាង​គេ​របស់​អង្គការ​ពិភពលោក​នេះ និង​កិច្ចការ​មនុស្សធម៌​ត្រូវ​ញាំញី​ដោយ​​បញ្ហា​ប្រទូសរ៉ាយ​។​ក្រោយ​រញ្ជួយ​ដី​ដ៏​អន្តរាយ ទាហាន​នេ​ប៉ាល់​បង្ក​ការផ្ទុះ​ជម្ងឺ​អាសន្នរោគ​មួយ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​១០.០០០​នាក់​។​ក្រោយមក ទាហាន​ស្រីលង្ការ​១១៤​នាក់​​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​ស្រុក​វិញ ក្រោយ​មាន​ការចោទប្រកាន់​ពី​បទ​រំលោភ​កុមារ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម