រដ្ឋមន្ត្រី​សង្គមកិច្ច​ផ្តល់​អនុសាសន៍ ៦ ចំណុច​ដល់​មូលនិធិ​ជនពិការ​

471
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានផ្តល់​អនុសាសន៍ ៦ ចំណុច ដល់​ថ្នាក់ដឹកនាំ និង មន្ត្រី មូលនិធិ​ជនពិការ ក៏ដូចជា​អ្នកពាក់ព័ន្ធ​សម្រាប់​អនុវត្ត​បន្ត​គឺ​៖


១. ត្រូវខិតខំ​បន្ត​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​បន្ថែមទៀត ដើម្បី ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​កម្ពស់​សិទ្ធិ​ជនពិការ ។​


២. ត្រូវ​បន្ត​ពង្រឹង និង ពង្រីក​សេវា​ស្តារ​លទ្ធភាព​ពលកម្ម ជូន​ជន​មាន​ពិការភាព​ប្រកបដោយ​គុណភាព​បន្ថែមទៀត ស្របទៅតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ ។​


៣. រោងចក្រ​ផលិត​ឧបករណ៍​អវយវៈ​សិប្បនិម្មិត ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍន៍​ទាំង​បច្ចេកទេស និង​ធនធានមនុស្ស សំដៅ​ជំរុញ​ការផលិត​គ្រោង​ឧបករណ៍​សិប្បនិម្មិត ប្រកបដោយ​គុណភាព ដើម្បី​មាន​មូលដ្ឋាន​ឈានទៅ​ប្រ​គួ​ត​ប្រជែង​នៅលើ​ទីផ្សារ និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​។


៤. រដ្ឋបាល​សិទ្ធិ​ជនពិការ ត្រូវ​សហការ​ជាមួយ​មូលនិធិ​ជនពិការ បន្តធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ តាមរយៈ​សិក្ខាសាលា សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​។​ល ។ ដើម្បី​ជំរុញ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ ស្របតាម​គោលការណ៍​កំណត់​។​


៥. ត្រូវ​បន្ត​ជំរុញ​ការផ្តល់ប្រាក់​របប​គោលនយោបាយ​ថែទាំ និង​ពិនិត្យ​សុខភាព សម្រាប់​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ ស្របតាម​គោលការណ៍​កំណត់​។​


៦. ត្រូវ​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃគូ ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ក្នុង​ការធ្វើ​វិនិយោគ និង​កៀរគរ​ប្រភពធនធាន ដើម្បី លើកកម្ពស់​សុខុមាលភាព​ជនពិការ និង​ធានា​និរន្តរភាព​ការងារ​ពិការភាព​ឱ្យ​កាន់តែ​ល្អប្រសើរ ។


​លោក វង សូត ផ្តល់​អនុសាសន៍​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​អនុវត្តបាន​ក្នុង​ឆ្នាំ ២០១៩ និង ទិសដៅ​អនុវត្ត​បន្ត ដែល​ពិធី​នេះ​រៀបចំ​នៅឯ​ក្រុង​សៀមរាប ខេត្ត សៀមរាប នា​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត សៀមរាប ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច សមាជិក​សមាជិការ​ក្រុមប្រឹក្សាភិបាល នៃ មូលនិធិ​ជនពិការ អង្គភាព​ពាក់ព័ន្ធ លោក លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី​-​ខេត្ត រួមទាំង​មន្ត្រី​-​បុគ្គលិក នៃ មូលនិធិ​ជនពិការ​ថ្នាក់កណ្តាល ថ្នាក់​រាជធានី​ខេត្ត និង​ភ្ញៀវកិត្តិយស​ទ​សរុប​ប្រមាណ​ជា ១៥០​នាក់​។


​លោក​រដ្ឋមន្ត្រី វង សូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម អស់លោក លោកស្រី ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​និង​បុគ្គលិក​មូលនិធិ​ជនពិការ​ទាំងអស់ ដែល​បាន​បំពេញភារកិច្ច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​តួនាទី និង​មុខងារ​ក្នុង​ការផ្តល់សេវា​ជូន​ជនពិការ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។


​រដ្ឋមន្ត្រី​រូបនេះ បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដល់​ជនពិការ​តាមរយៈ​ការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ដោយ​ឥតគិតថ្លៃ ការផ្តល់​របប​គោលនយោបាយ​ពិនិត្យ​ថែទាំ​សុខភាព​ជូន​ជនពិការ​ក្រីក្រ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ជម្រុញ​ឱ្យទទួល​បានការ​ងារ​ធ្វើ ការសម្របសម្រួល​សម​ស្រប​សម្រាប់​ជនពិការ និង​ការដាក់បញ្ចូល​ជនពិការ​ទៅក្នុង​សកម្មភាព​សង្គម​៕ Kh

លោក វង សូត ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ប្រចាំឆ្នាំ​របស់​មូលនិធិ​ជនពិការ ( រូបៈ ភឿន ភ័​ណ្ឌ )
អ្ន​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​ការងារ និង លើក​ទិសដៅ​បន្ត​របស់​មូលនិធិ​ជនពិការ ( រូបៈ​ភឿន ភ័​ណ្ឌ )

ទីតាំងផ្សាយពាណិជ្ជកម្ម