ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អប់រំ លើ​កម្មវិធីសិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ

355
ចែករម្លែក

ដោយ​៖ គ​ន្ធា​-​ទេព មង្គល​
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ រ៉ូយ៉ាល់ភ្នំពេញ (Raffles Hotel Le Royal) វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បានរៀបចំ​កម្ម​ពិធី ប្រគល់​វិញ្ញាបនបត្រ ទទួលស្គាល់​គុណភាព​អប់រំ លើ​កម្មវិធីសិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ស្ថាប័ន​បណ្តាញ​សាកល វិទ្យាល័យ​អាស៊ាន (Asean University Network Quality Assurance= AUN-QA) ។​

​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​ឧ​ត្ត​ម​សិក្សា​ដំបូង​គេ ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ ពី​ស្ថាប័ន​បណ្តាញ AUN-QA លើ​កម្មវិធីសិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​។ ការទទួលស្គាល់​នេះ នឹងធ្វើ​អោយ​សិស្ស​និស្សិត​កម្ពុជា ដែល​បញ្ចប់​ការសិក្សា ផ្នែក​គណនេយ្យ នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល មានឱកាស​បម្រើការ ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ដូចជា​ប្រទេស​សិង្ហ​បុរី ជាដើម​។ លើសពីនោះ​ទៅទៀត ការទទួលស្គាល់ ក៏​ជួយ​សម្រួល​ដល់ និស្សិត​ដែលមាន​បំណង ផ្ទេរ​ការសិក្សា ឬ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា នៅ​មហាវិទ្យាល័យ ក្រៅប្រទេស​ផងដែរ​។​

AUN-QA គឺជា​ស្ថាប័ន​ធានា​គុណភាព​អប់រំ នៃ​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់ ជា​សមាគម​ឧ​ត្ត​មសិ​ក្សា ដ៏​មាន​កិត្យានុភាព ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​, សាកលវិទ្យាល័យ​ម៉ា​ឡា​យ៉ា នៃ​ប្រទេស​ម៉ាឡេស៊ី​, សាកលវិទ្យាល័យ​ដឺ​ឡា​សាល នៃ​ប្រទេស​ហ្វីលីពីន និង​សាកលវិទ្យាល័យ ជូឡាឡុងកន នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​ឈានទៅដល់ ការទទួលបាន​ការទទួល​ស្គាល់ គុណភាព​ពី​សំណាក់​ស្ថាប័ន​បណ្តាញ សាកលវិទ្យាល័យ​អាស៊ាន វិទ្យាស្ថាន​ខេ​ម​អេ​ដ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ ជាច្រើន​ដំណាក់កាល ទៅលើ​គុណភាព​កម្មវិធីសិក្សា ក៏ដូចជា​គុណភាព​បង្រៀន ធៀប​ជាមួយនឹង​លក្ខខណ្ឌ ស្តង់ដារ​គុណភាព​អប់រំ របស់​ស្ថាប័ន​បណ្តាញ AUN-QA ។ ភាពជោគជ័យ​នេះ ក៏មាន​ការចូលរួម ពី​កត្តា ៣ សំខាន់​ផងដែរ រួមមាន​៖ ស្ថាន​ប័ន​ឯកជន​, ស្ថាប័នរដ្ឋ និង​វិទ្យាស្ថាន​ខេ​ម​អេ​ដ ផ្ទាល់​។​

​លោក ឆូ​ល​ទី​ស​ឌី​រ៉ា​ធិ​ទិ នាយក​ប្រតិបត្តិ នៃ​ស្ថាប័ន​បណ្តាញ សាកលវិទ្យាល័យ​អាស៊ាន បានប្រកាស​ជា​សាធារណៈ​ថា វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដំបូង​គេ ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន ការទទួលស្គាល់ ពី​សំណាក់ ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (AUN-QA)​។

លោក​ក៏បាន​បញ្ជាក់ថា AUN-QA ត្រូវបាន​បង្កើតឡើង ក្នុងនាម​ជា បណ្តាញ​សមាគម ធានា​គុណភាព​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដែលមាន​ទំនួល​ខុសត្រូវ លើ​ការលើកកម្ពស់ គុណភាព​អប់រំ ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ជាមួយនឹង​បណ្តាញ​សមាគម​នានា ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ភាពជោគជ័យ របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ ចំពោះ​ការទទួលបាន ការទទួលស្គាល់​គុណភាព ពី​សំណាក់​ស្ថាប័ន​បណ្តាញ សាកលវិទ្យាល័យ​អាស៊ាន (AUN-QA) គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​សិស្ស​និស្សិត​កម្ពុជា ដែល​កំពុងតែបន្ត​ការសិក្សា ថ្នាក់​បរិ​ញ្ញ​ប​ត្រ នៅ​វិទ្យាស្ថាន​នេះ ដោយ​អាច​ទទួលបាន​នូវ ការអប់រំ ស្តង់ដារ​ជាតិ និង​អន្តរជាតិ​។

បន្ថែម​ពី​នោះ លោក ក៏បាន​ជម្រុញ​លើទឹក​ចិត្ត ដល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ក្នុងប្រទេស​កម្ពុជា អោយ​បន្ថែម​ការ​សហប្រតិបត្តិ​ការ ជាមួយនឹង​ស្ថាន​ប័នរ​ដ្ឋ ក៏ដូចជា​ឯកជន អោយបាន​ច្រើន ដើម្បី​អភិវឌ្ឍ​កម្មវិធីសិក្សា របស់ខ្លួន អោយ​កាន់តែ​ប្រសើរឡើង ឆ្ពោះទៅកាន់​ការទទួលស្គាល់ គុណភាព​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដូចជា ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (AUN-QA) ជាដើម​។​

​ទន្ទឹមគ្នានេះ លោក ខេ​ស៊ី បា​ណេ​ត បាន​បញ្ជាក់ថា វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺជា​វិទ្យាស្ថាន​តែមួយគត់ ដែល​ទទួលបាន​ការទទួល​ស្គាល់ ពី​សមាគម​គណនេយ្យក​រ ជំនាញ​អន្តរជាតិ ACCA ដែលមាន​ទីតាំង​នៅក្នុង ចក្រភព​អង់គ្លេស លើ​ផ្នែក​គុណភាព នៃ​ការអប់រំ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ជំនាញ​។

លើសពីនេះទៅទៀត ថ្នាក់​បរិញ្ញាបត្រ​ជំនាញ គណនេយ្យ និង​ហិរញ្ញវត្ថុ របស់​វិទ្យាស្ថាន ក៏​ទទួលបាន​ការទទួលស្គាល់ គុណភាព ពី​សំណាក់​ស្ថាប័ន​អ្នកជំនាញ ផ្នែក​ហិរញ្ញវត្ថុ CFA ដែលមាន​ទីតាំងនៅ សហរដ្ឋអាមេរិក​ផងដែរ​។ ពេលនេះ កម្មវិធី​ដដែល​នេះ ក៏​ទទួល​បានការ​ស្គាល់​ថ្មី​មួយទៀត ពី​ស្ថាប័ន​បណ្តាញ សាកលវិទ្យាល័យ​អាស៊ាន (AUN) ដែលមាន​ទីតាំងនៅ ទីក្រុង​បាងកក ប្រទេសព្រះរាជាណាចក្រ​ថៃ​។ ដោយហេតុ​នេះហើយ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជាការ​ប្រកាស ឲ្យ​សាធារណជន បាន​ជ្រាប​ជា​ពត៌មាន និង​សំដែង​នូវ​ការអបអរសាទរ ដល់​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​សិស្ស និស្សិត​ទាំងអស់ លើ​ការទទួលស្គាល់​ថ្មី​នេះ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម