អ្នក​ប្រដាល់ ៨ ជាតិ​សាសន៍ ជួបគ្នា​អង្រួន​សង្វៀន បុណ្យ​សមុទ្រ នៅ​ខេត្តកំពត​

540
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់ ៨ ជាតិ​សាសន៍ មាន ឥណ្ឌា អ៊ីរ៉ង់ ម៉ូ​រី​ទី​ស បារាំង អូស្ត្រាលី ចិន ថៃឡង់​ដ៏ និង កម្ពុជា នឹង​ជួបគ្នា​អង្រួន​សង្វៀន​ប្រដាល់ នៅ​បុណ្យ​សមុទ្រ លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត ដែល​នឹងត្រូវ​ចាប់ផ្តើម ពីថ្ងៃ​ទី ២០-២១ និង ២២ ខែធ្នូ ឆ្នាំ​២០១៩ នេះ ។ ការជួបជុំ នៃ​អ្នក​ប្រដាល់​ទាំង ៨ ជាតិ​សាសន៍​នេះ នៅក្នុង​ការប្រកួត​ប្រដាល់ គុន​ខ្មែរ​អន្តរជាតិ រយៈពេល ៣ ថ្ងៃ នៅ​បុណ្យ​សមុទ្រ​នេះ មាន​ចំនួន ១៩ គូ ដែល​ក្នុង​ថ្ងៃទី​១ ប្រកួត​ចំនួន ៦ គូ ថ្ងៃទី​២ ប្រកួត​ចំនួន ៧ គូ និង​ថ្ងៃទី​៣ ថ្ងៃ​បង្ហើយ ប្រកួត​ចំនួន ៦ គូ ។​

​លោក អៀម សា​រ៉ា ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ បានបញ្ជាក់​ឲ្យ​ដឹង ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងា​ថ្ងៃទី​១៧ ធ្នូ នៅ​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ នៅ​សង្វៀន​បុណ្យ​សមុទ្រ​នេះ ជា​ព្រឹត្តិការណ៍​ប្រកួត​ពិសេស មាន​លក្ខណៈ​ជាការ​ប្រកួត ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ផង និង​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ផង ដែលមាន​អ្នក​ប្រដាល់​ខ្មែរ និង​បរទេស ៨ ជាតិ​សាសន៍ ចូលរួម​ប្រកួត ដើម្បី​អបអរសាទរ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ។​

​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ វាយ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក និង​មិត្តភាព​អន្តរជាតិ ដែលមាន ៨ សាសន៍​នេះ សហការ​រៀបចំ​ដោយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ រួមជាមួយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ស្ថានីយទូរទស្សន៍​អប្សរា​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុងចំណោម អ្នក​ប្រដាល់​បរទេស ដែល​មក​ប្រកួត​លើក​នេះ គឺ​ខាង​ចិន គេ​បញ្ជូន​អ្នក​ប្រដាល់ សៅ​លិញ ចំនួន ៤ នាក់ មក​ចូលរួម​ប្រកួត ។ នេះ​បើតាម​លោក អៀម សា​រ៉ា ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ បង្ហើប​ប្រាប់ ។​

​លោក អៀម សា​រ៉ា បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​សំខាន់ នៃ​ការរៀបចំ​ប្រកួត ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ នៅលើ​ទឹកដី ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្តកំពត ឆ្នាំនេះ គឺជា​ការប្រកួត​តាម​លក្ខណៈ​ស្ម័គ្រចិត្ត (Amateur) និង​ពាក់កណ្តាល​អាជីព (Demi Professional) ដោយសារ អ្នក​ប្រដាល់ ជាតិ​សាសន៍​ខ្លះ ដែល​មក​នោះ គឺ​ស្ថិតក្នុង​លក្ខណៈ ជា​អ្នក​ប្រដាល់​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ ដែល​យើង​នឹង​ផ្គូរ​អោយ​ជួប​ជាមួយ អ្នក​ប្រដាល់ ដែលមាន​លក្ខណៈ​ស្ម័គ្រចិត្ត​ដូចគ្នា ។ តែ​ចំពោះ​អ្នក​ប្រដាល់​ថៃ គឺ​យើង​នឹង​រៀបចំ​ផ្គូ​រដាក់​អ្នក​ប្រដាល់​ខ្លាំងៗ​របស់​ខ្មែរ​យើង ឲ្យ​ជួប​ជាមួយ​តែម្តង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​អះអាងថា មន្ត្រី​បច្ចេកទេស មន្ត្រី​បំរើការ​ផ្សេងៗ និង​កីឡាករ​ប្រដាល់​ទាំងអស់ នៅក្នុង​ការប្រកួត​ដ៏​ធំ​បែបនេះ ត្រូវតែ​បង្ហាញ​សមត្ថភាព អត្ត​ច​រឹក ក្រមសីលធម៌ ពិសេស​អាជ្ញាកណ្តាល ចៅក្រម ត្រូវ​ត្រៀមខ្លួន​អោយបាន​ល្អ ក្នុងការ​កាត់សេចក្តី ត្រូវតែ​ឈរលើ​តម្លាភាព យុត្តិធម៌ ត្រឹមត្រូវ ហើយ​ត្រូវ​បែងចែក ឲ្យ​បានច្បាស់លាស់ រវាង​គូ​មិត្តភាព និង​គូ​ដណ្តើម​ពានរង្វាន់ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​បង្កើតអោយមាន ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដែល​លើក​ទី​១ យើង​បានរៀបចំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ លើក​ទី​២ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ កាលពី​បំណាច់​ឆ្នាំ​២០១៨ កន្លងមក​នោះ ។​

​លោក​អគ្គ​លេខ​ធិ​ការ NOCC បាន​បញ្ជាក់ថា ការរៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​រក្សា​ស្ថេរភាព នៅក្នុង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ក្នុង​គោលដៅ​ឆ្ពោះទៅ ការរៀបចំ​ស៊ី​ហ្គេម​ទេ ។ ជាមួយនេះ គឺ​ដើម្បី​បំផុស​ចលនា អោយមាន​ការផ្សព្វផ្សាយ ទៅ​ក្រៅប្រទេស ក្នុងន័យនេះ លោក​បញ្ជាក់ថា នៅពេលដែល​យើង បង្កើត​គុន​ខ្មែរ​អន្តរជាតិ នៅក្រៅ​ប្រទេស​បាន បំផុស​ចលនា​ក្រៅប្រទេស​បាន នោះ​គុន​ខ្មែរ​ថ្នាក់ជាតិ របស់​យើង កាន់​តែមាន គុណ​តម្លៃ​ខ្ពស់​។ ដូច្នេះហើយ ទើប​យើង​ខិតខំ​ប្រឹងប្រែង បង្កើត​គុន​ខ្មែរ​អន្តជាតិ ដើម្បី​ពង្រីក​សក្តានុពល លើ​ឆាក​អន្តរជាតិ ហើយ​ផ្នែក​ជាតិ ខិតខំ​លើ​ផ្នែក​ជាតិ ។​

​លោក វ៉ា​ត់ ចំរើន បាន​អោយដឹងទៀតថា នៅក្នុង​បុណ្យ​សមុទ្រ មាន​ព្រឹត្តិការណ៍​ធំៗ​បី ទី​១ គឺ​ការតាំងពិព័រណ៍​ផលិតផល​ម្ហូបអាហារ និង​លក់ដូរ​ផ្សេងៗ​។ ទី​២ គឺ​សកម្មភាព​កីឡា ដែល​លេង​ពី​ព្រលឹម ដល់​ព្រលប់ ។ សកម្មភាព​កីឡា មាន​ច្រើន ក្នុងនោះ​មាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ មាន​ពីរ ប្រភេទ​កីឡា គឺ​គុន​ខ្មែរ និង​ម៉ូតូ​ទឹក ។ ក្រៅពី​ហ្នឹង គ្រាន់តែ​ជា​ប្រភេទ​កីឡា​កំសាន្ត ប្រពៃណី មាន​រត់ប្រណាំង ៣ គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ ជិះ​កង់​កំសាន្ត ១០ គ​.​ម ២០​គ​.​ម អុកចត្រង្គ ប្រកួត​យក​ជើងឯក ហើយក៏​មានការ​ប្រកួត​ស្វែង រក​បុរស​ខ្លាំង និយាយ​រួមការ​រៀបចំ​កីឡា​ទាំងអស់នេះ គឺ​ក្នុង​បំណង​បង្ក​ការសប្បាយរីករាយ នៅក្នុង​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នេះ ។​

​លោក ខ្វៃ អាទិ​ត្យា អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​អប្សរា បាន​បញ្ជាក់ថា សម្រាប់​កម្មវិធី ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ នៅ​បុណ្យ​សមុទ្រ​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់ ពី​ទូរទស្សន៍​អប្សរា ប៉ុស្តិ​លេខ​១១ ផងដែរ ក្នុងនាម​ជា​ដៃគូ​សហការ​អប្សរា នឹង​រៀបចំ​កម្មវិធី​អម​ជាច្រើន ដើម្បីអោយ​សក្តិសម ទៅនឹង​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នេះ ។ លោក​បាន​បញ្ជាក់ថា អប្សរា នឹង​ផ្សាយ​ផ្ទាល់ ពី​កម្មវិធី​ប្រដាល់​នេះ រយៈពេល​បី​ថ្ងៃ តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​អន​ឡាញ ដែល​ថ្ងៃទី​១ ចាប់​ផ្សាយ​ពី​ម៉ោង ៧ យប់ ថ្ងៃទី​២ ផ្សាយ​ពី​ម៉ោង ៨ យប់ និង​ថ្ងៃទី​៣ ផ្សាយ​ម៉ោង ៧​យប់ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម